website_news:20240321_03

អគ្គនាយកអន្តោប្រវេសន៍ ប្រាប់មន្ត្រីជួយសម្រួលដល់ពលករដែលត្រឡប់ពីថៃឱ្យបានល្អ នាឱកាសចូលឆ្នាំខ្មែរ

អគ្គនាយកអន្តោប្រវេសន៍ ប្រាប់ឱ្យមន្ត្រីច្រកទ្វារព្រំដែនទាំងអស់ ជាពិសេសច្រកទ្វារព្រំដែនកម្ពុជា និងថៃ ត្រូវជួយបង្កលក្ខណៈងាយស្រួលដល់ពលករខ្មែរដែលនឹងត្រឡប់ពីប្រទេសថៃមកចូលរួមពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ នាពេលខាងមុខឱ្យបានល្អប្រសើរ។ អគ្គនាយកអន្តោប្រវេសន៍ប្រាប់មន្ត្រីក្រោមឱវាទរបស់ខ្លួនបែបនេះ ស្របពេលដែលមានការណែនាំពីសំណាក់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា ដែលបានណែនាំឱ្យអាជ្ញាធរមានសមត្ថកិច្ចពង្រឹងការរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មី។ នៅក្នុងនោះ ដើម្បីសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានណែនាំឱ្យក្រសួងការងារ សហការជាមួយបណ្តាខេត្តជាប់ព្រំដែន ដើម្បីស្វាគមន៍ប្រជាពលរដ្ឋខ្មែរដែលត្រឡប់មកស្រុកកំណើតវិញ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ខាងមុខ។

ដើម្បីចូលរួមអនុវត្តតាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល អគ្គនាយកដ្ឋានអន្តោប្រវេសន៍​ ក្រោមការដឹកនាំដោយលោកឧត្តមសេនីយ៍ឯក​ សុខ​ វាសនា​ អគ្គនាយក​នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍​ បានបេីកកិច្ចប្រជុំដាក់ផែនការ ដេីម្បីសម្របសម្រួលបែបបទជូនពលរដ្ឋខ្មែរ​ និងពលករខ្មែរ ដែលនឹងវិលត្រលប់ពីប្រទេសថៃចូលប្រទេសកម្ពុជា​វិញ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខែ្មរ នាខែមេសា​ ឆ្នាំ២០២៤​ខាងមុខ​។ ក្នុងកិច្ចប្រជុំ នារសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ ឧត្តមសេនីយ៍ឯក​ សុខ​ វាសនា​ បានជំរុញឱ្យមន្រ្តីតាមបណ្ដាច្រកទ្វារអន្តរជាតិទាំងអស់យកចិត្តទុកដាក់បម្រើសេវាជូនភ្ញៀវជាតិ​-អន្តរជាតិ​ឱ្យបានល្អ ត្រួតពិនិត្យ កត់ត្រាមធ្យោបាយ​ និងអ្នកដំណេីរចេញ-ចូល ព្រមទាំងបំពេញបែបបទ បញ្ជូលទិន្នន័យឱ្យបានគ្រប់ជ្រុងជ្រោយ មុនការប្រថាប់ត្រាអនុញ្ញាត ពិសេសសម្របសម្រួលបម្រើសេវាជូនពលរដ្ឋខ្មែរ ដែលជាពលករត្រឡប់ពីធ្វេីការនៅប្រទេសថៃមកចូលរួមពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខែ្មរឱ្យបានល្អ។

បន្ថែមលើនេះ លោកឧត្តមសេនីយ៍ឯក ក៏បានផ្តាំផ្ញើដល់កម្លាំងប៉ុស្តិ៍ឱ្យយកចិត្តទុកដាក់ក្នុងការល្បាតក្នុងភូមិសាស្ត្រ ដើម្បី ទប់ស្កាត់បទល្មើសគ្រប់ប្រភេទ រក្សាបានសន្តិសុខ សណ្តាប់ធ្នាប់ល្អជូនសង្គមជាតិ និងពលរដ្ឋ៕

website_news/20240321_03.txt · Last modified: 2024/03/25 11:19 by kun keorasmey

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki