website_news:20240321_05

អង្គការយូនីសេហ្វ បើកយុទ្ធនាការការពារកុមារពីការរំលោភបំពានផ្លូវភេទតាមអនឡាញ

ភ្នំពេញ — តាម​រយៈ​យុទ្ធនាការ​ឌីជីថល​ស្ដី​ពី​ការ​ការពារ​កុមារ និង​ក្មេង​ជំទង់​ពី​ការ​រំលោភ​បំពាន​ផ្លូវ​ភេទ​តាម​ប្រព័ន្ធ​អនឡាញ អង្គការ​យូនីសេហ្វ​កម្ពុជា ​(UNICEF Cambodia)​ បង្ហាញ​ក្តី​សង្ឃឹម​ថា​ យុទ្ធនាការ​នេះ​នឹង​ចូលរួម​ចំណែក ដើម្បី​ការពារ​កុមារ​ពី​ការ​កេងប្រវ័ញ្ច​និង​ការ​រំលោភ​បំពាន​ផ្លូវ​ភេទ​តាម​ប្រព័ន្ធ​អនឡាញ។

អង្គការ​យូនីសេហ្វ​កម្ពុជា​ដែល​ធ្វើ​ការ​ទាក់​ទង​នឹង​បញ្ហា​កុមារ​បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ នា​ថ្ងៃ​ព្រហស្បត្តិ៍​នេះ​ថា​យោង​តាម​របាយ​ការណ៍​នៅ​ឆ្នាំ ២០២២ ​របស់​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា ១១%​ នៃ​កុមារ​ដែល​ប្រើ​អ៊ីនធឺណិត​ អាយុ​ ១២ឆ្នាំ​ ទៅ​ ១៧​ឆ្នាំ​ នៅ​កម្ពុជា​ទទួល​រង​ការ​កេង​ប្រវ័ញ្ច​និង​ការ​បំពាន​ផ្លូវ​ភេទ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត។

សេចក្ដី​ប្រកាស​នេះ​បន្ថែម​ថា ​កុមារ​ប្រមាណ​ ១៦​ម៉ឺន​នាក់ ​ត្រូវ​បាន​គេ​គំរាម​ឱ្យ​ចូលរួម​ពាក់ព័ន្ធ​នឹង​សកម្មភាព​ផ្លូវ​ភេទ ការ​ចែក​រំលែក​រូបភាព​អាស​អាភាសដោយ​គ្មាន​ការ​យល់​ព្រម​ពី​ពួកគេ​ ឬ​ប្រឈម​មុខ​នឹង​ការ​បំពាន​តាម​អ៊ីនធឺណិត​តាម​រូបភាព​ផ្សេងៗ​ទៀត។ សេចក្ដី​ប្រកាស​នេះ​បន្ត​ថា កុមារ​ចំនួន​ ១៦%​ បាន​ទទួល​សារ​យោបល់​ទាក់​ទង​ផ្លូវ​ភេទ ឬ​ត្រូវ​បាន​គេ​ផ្ញើ​រូបភាព​ផ្លូវភេទ​មក​ពួក​គេ ដែល​ពួក​គេ​មិន​ចង់​ឃើញ ដោយ​ក្នុង​នោះ​ពួក​គេ​ទទួល​បាន​រូបភាព​និង​សារ​ទាំង​នោះ​តាម​រយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម។

យុទ្ធនាការ​ឌីជីថល​ដែល​អង្គការយូនីសេហ្វកម្ពុជា​ធ្វើ​សកម្មភាព ដោយ​សហការ​ជាមួយ​ក្រសួង​សង្គម​កិច្ច អតីត​យុទ្ធជន និង​យុវនីតិសម្បទា រួមមាន​វីដេអូ​អប់រំ​ពាក់ព័ន្ធ​នឹង​បញ្ហា​ការកេង​ប្រវ័ញ្ច​និង​ការ​បំពាន​ផ្លូវភេទ​លើ​ប្រព័ន្ធ​អ៊ីនធឺណិត​លើ​កុមារ​ផ្សព្វផ្សាយ​លើ​វេទិកា​បណ្ដាញ​សង្គម ដើម្បី​អាច​ឱ្យ​កុមារ​និង​អាណា​ព្យាបាល​អាច​ការពារ​ខ្លួន​និង​ស្វែង​រកជំនួយ។

លោក វីល ផាកស៍ (Will Parks) នាយកអង្គការ​យូនីសេហ្វ​កម្ពុជា​បាន​លើក​ឡើងនៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ថា៖ «មាតិកា​ឌីជីថល​និង​យុទ្ធនាការ​ផ្សព្វផ្សាយ​រួមគ្នា អាច​ជួយ​កសាង​កម្ពុជា​ឱ្យ​កាន់​តែ​មាន​សុវត្ថិភាព​បន្ថែម​ទៀត​សម្រាប់​កុមារ និង​ក្មេង​វ័យ​ជំទង់ ដោយ​កាត់​បន្ថយ​នូវ​ហានិភ័យ​នៃ​ការ​កេងប្រវ័ញ្ច​ចំពោះ​ពួកគេ»។

លោក តូច ចាន់នី ​អ្នក​នាំពាក្យ​ក្រសួង​សង្គម​កិច្ច អតីត​យុទ្ធជន និង​យុវនីតិ​សម្បទា ប្រាប់​វីអូអេ​ថា​កន្លង​មក​ក្រសួង​ធ្លាប់​អនុវត្ត​យន្ដការ​ចុះ​អប់រំ​ណែនាំ​អំពី​បញ្ហា​ការ​កេងប្រវ័ញ្ច និង​ការ​រំលោភ​បំពាន​ផ្លូវ​ភេទ​តាម​ប្រព័ន្ធ​អនឡាញ​ចំពោះ​កុមារ​និង​ក្មេង​ជំទង់​ទៅ​កាន់​អាណា​ព្យាបាល។ លោក​បន្ថែម​ថា ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ លោក​មើល​ឃើញ​ថា ​បញ្ហា​ការ​កេងប្រវ័ញ្ចនិង​ការ​រំលោភ​បំពាន​ផ្លូវ​ភេទ​តាម​ប្រព័ន្ធ​អនឡាញ​ចំពោះ​កុមារ​និង​ក្មេង​ជំទង់​មាន​ការ​ថយ​ចុះ។ អ្នកនាំពាក្យ​រូប​នោះ​លើក​ឡើង​ថា​បញ្ហា​នេះ​ពិត​ជា​អាច​បង្ក​ផល​ប៉ះ​ពាល់​ដល់​កុមារ និង​គ្រួសារ​របស់​ពួក​គេ។

លោក​ តូច ចាន់នី ថ្លែង​ថា៖ «​យន្ដការ​ដែល​យើង​បាន​ធ្វើ​មិន​មាន​តួលេខ​ណា​ដែល​បញ្ជាក់​ថា​មាន​ការ​កើន​ទេ វា​មាន​តែ​មិន​កើន​ឡើង​ច្រើន​ទេ តែ​វា​មិន​ទាន់​អាច​លុប​បំបាត់​ទាំង​ស្រុង​បាន​តែ​កាត់​បន្ថយ​ខ្លះ។ អំពើ​ហិង្សា​រំលោភ​បំពាន​លើ​កុមារ​ គឺ​ក្រសួង​សង្គម​កិច្ច​មាន​យន្ដការ​រចនា​សម្ពន្ធ​បាន​រៀប​ចំ​ធ្វើ​ច្រើន»។

គួរបញ្ជាក់​ថា​ក្នុង​ឆ្នាំ​ ២០២៣ អង្គការ​យូនីសេហ្វ និង​ក្រសួង​សង្គមកិច្ច​បាន​អនុវត្ត​យុទ្ធនាការ​ដែល​មាន​ឈ្មោះ​ថា ​«តោះ​ឆាត​លេង» ស្ដីអំពី​ការ​ទប់ស្កាត់​ការ​លួងលោម​តាម អនឡាញ​ដែល​បាន​ផ្សាយ​ទៅ​ដល់​ប្រជាជន​ចំនួន​២លាន​នាក់​តាម​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​សង្គម។ នេះ​បើ​តាម​អង្គការ​យូនី​សេហ្វ​កម្ពុជា​៕

website_news/20240321_05.txt · Last modified: 2024/03/25 15:10 by kun keorasmey

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki