website_news:20240322_01

អូស្ត្រាលី បើកទទួលពលករកសិកម្មមកពីប្រទេសចំនួន៤ នៅអាស៊ីអាគ្នេយ៍

ប្រទេសអូស្ត្រាលី ៖ យោងតាមនាយកដ្ឋានកិច្ចការបរទេស និងពាណិជ្ជកម្មរបស់ប្រទេសអូស្ត្រាលី ដែលទទួលបន្ទុកផ្នែកទិដ្ឋាការថ្នាក់រងលេខ ៤០៣ បានបើកទទួលពលករលើកដំបូងមកពីប្រទេសចំនួន ៤ នៅអាស៊ីអាគ្នេយ៍ រួមមាន វៀតណាម ថៃ ឥណ្ឌូណេស៊ី និងហ្វីលីពីន ដែលអាចស្នើសុំទិដ្ឋាការ និងទទួលបានឱកាសស្នាក់នៅក្នុងប្រទេសអូស្ត្រាលី ដើម្បីធ្វើការរហូតដល់រយៈពេល៤ឆ្នាំ។ ប្រភពពីសារព័ត៌មានថៃ The Nation កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ បានរាយការណ៍ថា បណ្ដាពលករអាចត្រូវបានជួលធ្វើការក្នុងវិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមទាំង សាកវប្បកម្ម ការចិញ្ចឹមសត្វ ការប្រមូលផល ការកែច្នៃ ក៏ដូចជាសេវាកម្មគាំទ្រផ្សេងៗទៀត។ ពួកគេអាចរកប្រាក់ចំណូលបានលើសពី ៤ពាន់ដុល្លារអូស្ត្រាលីនៅក្នុង១ខែ ដែលស្មើនឹង ២,៦០០ដុល្លារអាម៉េរិក ដោយមិនរាប់បញ្ចូលប្រាក់ចំណូលពីការបន្ថែមម៉ោងការងារ។ យោងតាមនាយកដ្ឋានកសិកម្ម នេសាទ និងរុក្ខាប្រមាញ់របស់ប្រទេសអូស្ត្រាលី បានរាយការណ៍ថា ប្រទេសអូស្ត្រាលីខ្វះខាតកម្មករប្រហែល ៣ម៉ឺននាក់ក្នុងមួយឆ្នាំៗនៅក្នុងវិស័យសាកវប្បកម្ម ដែលជាផ្នែកនៃកសិកម្មពាក់ព័ន្ធនឹងការផលិត និងការប្រើប្រាស់ផ្លែឈើ បន្លែ និងរុក្ខជាតិដើម្បីលម្អ ដោយរួមបញ្ចូលទាំងការសិក្សាពីដើមឈើ ផ្កា ដើមរុក្ខជាតិវល្លិ៍ និងស្មៅផងដែរ។ លើសពីនេះទៀត វិស័យបសុសត្វ កែច្នៃសាច់ ទឹកដោះគោ និងឧស្សាហកម្មវេចខ្ចប់កសិកម្ម ក៏កំពុងប្រឈមនឹងកង្វះកម្លាំងពលកម្មផងដែរ។ ដូច្នេះទិដ្ឋាការថ្នាក់រងលេខ ៤០៣ នឹងក្លាយជាឱកាសមួយសម្រាប់កសិដ្ឋានរបស់ប្រទេសអូស្ត្រាលី និងអាជីវកម្មក្នុងស្រុកផ្សេងទៀត ទទួលបានកម្មករកាន់តែច្រើន សម្រាប់ដោះស្រាយបញ្ហាធនធានមនុស្ស៕

website_news/20240322_01.txt · Last modified: 2024/03/25 15:20 by kun keorasmey

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki