website_news:20240325_01

មន្រ្តីច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បើកកិច្ចប្រជុំពិភាក្សាដើម្បីរៀបចំការសម្របសម្រួលចំពោះពលរដ្ឋ និងលំហូរពលករឆ្លងដែន ក្នុងឱកាសបុណ្សចូលឆ្នាំថ្មីខាងមុខ

នៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤ នេះប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានបើកកិច្ចប្រជុំពិភាក្សារៀបចំផែនការ ដើម្បីធ្វើការសម្របសម្រួលចំពោះលំហូររបស់ប្រជាពលរដ្ឋ និងពលករខ្មែរដែលធ្វើដំណើរឆ្លងដែន ចេញ-ចូលមកប្រទេសកម្ពុជា តាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ក្នុងឱកាសរដូវបុណ្សចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ខាងមុខនេះ។ ពិធីបានប្រព្រឹត្តិទៅក្រោមអធិបតីភាពឯកឧត្ដម សេង សក្ដា អគ្គនាយក នៃអគ្គនាយកដ្ឋានការងារ និងឯកឧត្តមឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍

រួមទាំងមាន​ការអញ្ជើញចូលរួមពីលោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្តបន្ទាយមានជ័យ និង​ឯកឧត្ដម លោកជំទាវទីព្រឹក្សាក្រសួងការងារ នាយឧត្ដមសេនីយ៍ ឧត្ដមសេនីយ៍ អគ្គនាយករង អនុប្រធាននាយកដ្ឋាន អគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តស្រះកែវ និង នាយ នាយរងប៉ុស្តិ៍ជាប់ព្រំដែនថៃទាំង ៨ប៉ុស្តិ៍ និងស្ថាប័នពាក់ព័ន្ធជាច្រើនរូបផងដែរ។

ក្នុងឱកាសនោះដែរឯកឧត្តម សេង សក្តា អគ្គនាយក នៃអគ្គនាយកដ្ឋានការងារ និងឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានលើកឡើងថា ក្នុងឱកាសពិធីបុណ្សចូលឆ្នាំប្រពៃណីជាតិខ្មែរដែលនិងខិតជិតមកដល់នៅពេលខាងមុខនេះ ធ្វើយ៉ាងណាមន្រ្តីប្រចាំការច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ត្រូវបង្កើនធ្វើការសម្របសម្រួល​និង​រកទីតាំងសម្រាប់ការរងចាំ និងសម្រួលរាល់បញ្ហាបែបបទផ្សេងៗ ជូនដល់បងប្អូនពលករឆ្លងដែន ក៏ដូចជាអ្នកធ្វើដំណើរឆ្លងដែនផ្សេងៗឲ្យបានឆាប់រហ័ស និងទាន់ពេលវេលាឲ្យបានល្អប្រសើរ​ដោយការទទួលខុសត្រូវខ្ពស់ក្នុងដែនសមត្ថិកិច្ចរបស់ខ្លួន។

ឯកឧត្តម បានបញ្ជាក់ថា ពាក់ព័ន្ធបញ្ហាវិធានការរៀបចំទាំងអស់នេះហើយអស់​លោកត្រូវអនុវត្ត​ការងារ​ឲ្យបាន​ខ្ជាប់ខ្ជួន​ដើម្បីបម្រើដល់ប្រជាពលរដ្ឋ​ក៏ដូចជាពលករឆ្លងដែន ក្នុងឱកាសពិធីបុណ្សចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឲ្យបានប្រសើរ។

យ៉ាងម៉ិញបន្ទាប់ពីការពិភាក្សាការងារត្រូវបានបញ្ចប់ ក្រុមការងាររួមទាំងសមាសភាពភាគីពាក់ព័ន្ធ​កម្ពុជាថៃបានអញ្ជើញចុះត្រួតពិនិត្យលើទីតាំងកន្លែងសម្រាប់បញ្ជរប្រថាប់ត្រានិងលិខិតឆ្លងដែន រួមទាំងប័ណ្ណព្រំដែនចេញ-ចូល លើទីតាំងដែលត្រូវសាងសង់​រោងត្រៀម​សម្រាប់ទទួល និងចែកវត្ថុ​អនុស្សាវរីយ៍ ដូចជានំប៉័ង ទឹកសុទ្ធសម្រាប់ជាកន្លែងត្រៀមទទួលពលករក្នុងបរិវេណច្រកទ្វារ ព្រំដែនអន្តរជាតិប៉ោយប៉ែត ប្រកបដោយភាពកក់ក្តៅផងដែរ។ ពិសេសនោះ​សម្រាប់ពលករដែល​គ្មាន​ឯកសារធ្វើដំណើរនៅស្ថានីយរថភ្លើង​ប៉ោយប៉ែត គឺធ្វើយ៉ាងណាត្រូវជួយ​សម្របសម្រួល​ដល់ពួកគាត់រាល់បញ្ហាបំពេញបែបបទផ្សេងៗ​ឲ្យបានឆាប់រហ័ស និងផ្តល់ភាពងាយស្រួលជូនដល់ពួកគាត់ផងដែរ៕

website_news/20240325_01.txt · Last modified: 2024/03/25 15:59 by kun keorasmey

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki