website_news:20240325_02

ត្រៀមសម្រួលដល់ពលករកម្ពុជា មានបំណងមកស្រុកកំណើត អំឡុងចូលឆ្នាំខ្មែរ តាមច្រកទ្វារអន្តរជាតិកម្ពុជា-ថៃ

ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ និង​ក្រសួង​មហាផ្ទៃ បាន​បើក​កិច្ចប្រជុំ​រួមគ្នា ដើម្បី​ត្រៀម​សម្របសម្រួល​ដល់​ពលករ​កម្ពុជា ដែល​មាន​បំណង​វិល​ត្រលប់​មក​ស្រុកកំណើត ក្នុង​អំឡុង​ពេល​ចូលឆ្នាំ​ខ្មែរ ឆ្នាំ​ថ្មី ខាងមុខនេះ នៅ​តាម​បណ្ដា​ច្រក​ទ្វារ​អន្តរជាតិ​កម្ពុជា​-​ថៃ។ កាលពី​ព្រឹក​ថ្ងៃ​ទី ២៤ ខែ​មីនា ឆ្នាំ ២០២៤ ម្សិលមិញ​នេះ នៅ​ប៉ុស្តិ៍​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត លោក សេង សក្ដា ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​ជា​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​ការងារ តំណាង​ដ៏​ខ្ពង់​ខ្ពស់ លោក ហេង សួរ រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ លោក​ឧត្ដមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ តំណាង​ដ៏​ខ្ពង់ខ្ពស់ លោក​សន្តិ​អភិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង លោក ង៉ោ ម៉េងជ្រួន អភិបាលរង នៃ​គណៈ​អភិបាល​ខេត្ត តំណាង​លោក អ៊ុំ រាត្រី អភិបាល នៃ​គណៈ​អភិបាល​ខេត្ត​បន្ទាយមានជ័យ បាន​ដឹកនាំ​កិច្ច​ប្រជុំ​រួមគ្នា ដើម្បី​ត្រៀម​សម្របសម្រួល​ដល់​ពលករ​កម្ពុជា ដែល​មាន​បំណង​វិល​ត្រលប់​មក​ស្រុក​កំណើត ក្នុង​អំឡុង​ពេល​ចូលឆ្នាំ​ខ្មែរ ឆ្នាំ​ថ្មី ខាងមុខនេះ នៅ​តាម​បណ្ដា​ច្រក​ទ្វារ​អន្តរជាតិ​កម្ពុជា​-​ថៃ។ កិច្ចប្រជុំ​នោះ​ដែរ ក៏​មាន​ការ​អញ្ជើញ​ចូលរួម​ពី​ថ្នាក់ដឹកនាំ និង​មន្ត្រី​ជំនាញ​របស់​អគ្គនាយកដ្ឋាន​ការងារ ថ្នាក់​ដឹកនាំ និង​មន្ត្រី​ជំនាញ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ អនុព័ន្ធ​អម​ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ អគ្គ​កុងស៊ុល​កម្ពុជា​ប្រចាំ​ខេត្ត​សៈ​កែវ មន្ទីរ​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ខេត្ត​បន្ទាយមានជ័យ និង​ការិយាល័យ និង​ប៉ុស្តិ៍​ចំណុះ​ការិយាល័យ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ចាំ​យាម ព្រំ ដូង ភ្នំ​ដី ស្ទឹង​បត់ អូរ​ស្មាច់ និង​ជាំ ផង​ដែរ។ ជាមួយ​នោះ បន្ទាប់ពី​កិច្ចប្រជុំ ប្រតិភូ បាន​ចុះ​ពិនិត្យ​ទីតាំង​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ និង​ច្រក​ទ្វារ​អន្តរជាតិ​ខេត្ត​បាត់ដំបង ដើម្បី​រៀបចំ​លំហូរ​ទទួល​ពលករ រួម​ទាំង​ពិនិត្យ​ទីតាំង​សង់​រោង​សម្រាប់​ចែក​ទឹក​ដល់​ពួកគាត់ និង​សម្រាក​រង់ចាំ​ជិះ​ឡាន​ត្រឡប់​ទៅ​ប្រទេស​កម្ពុជា៕

website_news/20240325_02.txt · Last modified: 2024/03/28 12:56 by kun keorasmey

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki