website_news:20240325_05

ថៃ​​ប្រឈមនឹង​​កំណើន​​ពលករ​​បរទេស​​ខុស​​ច្បាប់​​ក្នុង​​វិស័យ​​ទេសចរណ៍

ក្រសួង​​ការងារ​​​ថៃ​​បាន​​សម្តែង​​ការ​​ព្រួយ​​បារម្ភ​​ចំពោះ​​បញ្ហា​​​នៃ​កំណើន​ជន​​បរទេស​​ដែល​​កំពុង​​ធ្វើ​​ការងារ​​ដោ​យ​​​ខុស​​ច្បាប់​​ក្នុង​​វិស័យ​​ទេសចរណ៍​​របស់​​ប្រទេស​​​។​ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​កាសែត​ The Thaiger នា​ថ្ងៃ​ចន្ទ​ ទី​ ២៥ មីនា​នេះ​។

​រដ្ឋ​មន្ត្រី​ក្រសួង​ការងារ​ លោក​ Phiphat Ratchakitprakarn​ បាន​បង្ហើប​ថា​ ក្រសួង​បាន​និង​កំពុង​តាម​ដា​ន​ស្ថានការណ៍​យ៉ាង​ប្រុង​ប្រយ័ត្ន​ ហើយ​បាន​រាយ​ការណ៍​ពី​ការ​កើន​ឡើង​ជា​លំដាប់​នៃ​ចំនួន​ពលករ​ប​រ​ទេ​ស​ខុស​ច្បាប់​។​

ចាប់​ពី​ខែ​តុលា​ ឆ្នាំ​ ២០២៣​ ​ដល់​ខែ​កុម្ភៈ​ ឆ្នាំ​ ២០២៤​ ​ជន​បរទេស​ជាង​ ១៣ ៤០០ នាក់​ ត្រូវ​បាន​រក​ឃើញ​​ថា​កំពុង​ធ្វើ​ការ​នៅ​ក្នុង​ប្រទេស​ថៃ​ ដោយ​គ្មាន​ឯកសារ​ស្រប​ច្បាប់​ត្រឹម​ត្រូវ​​នោះទេ​។​

​​កំណត់​ត្រា​​របស់​​​ក្រសួង​ បាន​គូស​បញ្ជាក់​ថា​ ​​និន្នាការ​​កំណើន​នេះមិន​បង្ហាញ​​​​​សញ្ញា​​ថម​ថយ​​ឡើយ ដោយ​​ចំនួន​​ពលករ​​បរទេស​​ខុស​​ច្បាប់​​បាន​​កើន​​ឡើង​​ពី​ជាង​ ៣៥ ២០០ នាក់​​​ក្នុង​​​​ឆ្នាំ​សារពើពន្ធ​​ ២០២២ ​ដល់​ជាង​​ ៤២ ៥០០ ​នាក់​​ក្នុ​ង​​ឆ្នាំ​សារពើពន្ធ​ ២០២៣។ ​​​

លោក​រដ្ឋ​មន្រ្តី​ Phiphat ​​បាន​​លើក​ឡើង​ផងដែរ​ថា​ ពលករ​ខុស​ច្បាប់​បរទេស​ជា​ច្រើន​ ​បម្រើ​ការ​ក្នុង​ការងារ​ដែល​បម្រុង​ទុក​សម្រាប់​ពល​រដ្ឋ​ថៃ​ រួម​ទាំង​តួនាទី​ដូច​ជា​មគ្គុទ្ទេសក៍​ទេសចរណ៍​ និង​ជាង​កាត់​សក់​ជា​ដើម​។

​ក្នុង​​គោល​បំណង​​ទប់​ស្កាត់​​ការងារ​​ខុស​ច្បាប់​​នេះ​ រដ្ឋាភិបាល​ថៃ​​បាន​​កាត់​ទោស​​ជន​បរទេស​​ចំនួន​ ៥០៥ ​នាក់​ ដែល​​​​រក​ឃើញ​ថា​​ ធ្វើ​​ការងារ​​ដោយ​​គ្មាន​​ការ​អនុញ្ញាត​​ចាំ​បាច់​​។​ ភាគ​ច្រើននៃ​ជន​ល្មើស​ទាំង​នេះ​ ​មាន​ប្រភព​ពី​ប្រទេស​ជិត​ខាង​ដូច​ជា​ មីយ៉ាន់ម៉ា ​កម្ពុជា​ និង​ឡាវ ​ហើយ​ភាគ​ច្រើន​ត្រូវ​បាន​គេ​ជួល​ជា​បុគ្គលិក​លក់​ អ្នក​លក់​ដូរ​តាម​ដង​ផ្លូវ​ កម្មករ​សំណង់ ​និង​ជាង​កាត់​សក់​ជា​ដើម​។

លើស​ពី​នេះ ​លោក​ Phiphat​ បាន​បញ្ជាក់​ថា​ ក្រសួង​ការងារ​ថៃ​ ក៏​​កំពុ​ង​សហការ​ជាមួយ​ការិយាល័យ​អន្តោ​ប្រវេសន៍​ និង​ក្រសួង​ពាណិជ្ជកម្ម​ ដើម្បី​បង្ក្រាប​អាជីវកម្ម​ដែល​គ្រប់​គ្រង​ដោយ​ជន​បរទេស​​ផង​ដែរ​៕

website_news/20240325_05.txt · Last modified: 2024/03/28 14:37 by kun keorasmey

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki