website_news:20240326_01

អាជ្ញាធរ​ត្រៀមកម្លាំង​ការពារ​សុវត្ថិភាព​ ​និង​សម្របសម្រួល​ពលករ​មកលេង​ស្រុក​ក្នុង​ពិធី​បុណ្យចូលឆ្នាំ​ខ្មែរ

អាជ្ញាធរ​ជំនាញ​ពាក់ព័ន្ធ​ត្រៀម​កម្លាំង​ការពារ​សុវត្ថិភាព​ ​និង​សម្រប​សម្រួល​​នៅ​តាម​ខេត្ត​ជាប់​ច្រក​ទ្វារ​ព្រំដែន​ ​ដែល​ពលករ​ខ្មែរ​នឹង​មកលេង​ស្រុក​កំណើត​ក្នុង​ឱកាស​ពិធី​បុណ្យ​ចូលឆ្នាំ​ថ្មី​ ​ប្រពៃណី​ខ្មែរ​ ​ដែល​ប្រព្រឹត្តទៅ​នៅ​ក្នុង​ខែ​មេសា​ខាងមុខ​។​

​ក្នុង​កិច្ចប្រជុំ​ស្ដីពី​ ​ការ​សម្របសម្រួល​បែបបទ​លើ​ការ​ពិនិត្យ​ដំណើរ​ចេញ​-​ចូល​ជូន​ពលករ​ខ្មែរ​ ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ ​ប្រពៃណី​ខ្មែរ​ ​នៅ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែត​ ​កាលពី​ថ្ងៃអាទិត្យ​ ​លោក​ ​សុខ​ ​វាសនា​ ​អគ្គនាយក​អន្តោប្រវេសន៍​ ​នៃ​ក្រសួង​មហាផ្ទៃ​ ​បញ្ជាក់​ថា​ ​លំ​ហូរ​ពលករ​ខ្មែរ​ត្រលប់​ចូលក្នុង​ប្រទេស​ ​នឹង​មាន​កំណើន​ខ្ពស់​ជាង​ឆ្នាំមុន​ៗ​ ​ជាពិសេស​នៅ​ច្រក​ទ្វា​អន្តរជាតិ​ប៉ោយ​ប៉ែត​ ​និង​ច្រក​ទ្វា​អន្តរជាតិ​ដូង​។​ លោក​បាន​ជំរុញ​ភាគី​ពាក់​ព័ន្ធ​ត្រៀម​ខ្លួន​ឱ្យ​បាន​រួច​រាល់​ ​ដើម្បី​ធានា​សុវត្ថិភាព​ដល់​ពលករ​ខ្មែរ​ទាំង​ចូល​ ​និង​ត្រឡប់ទៅវិញ​ ​ជាពិសេស​បង្ក​លក្ខណៈ​ងាយស្រួល​ក្នុង​ការ​ធ្វើដំណើរ​នៅ​តាម​ច្រក​ទ្វារ​ព្រំដែន​។​

​លោក​បន្ថែម​ថា​៖​ ​«​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ ​បាន​ចាត់​កម្លាំង​មន្ត្រី​បន្ថែម​ជាច្រើន​រូប​ ​និង​ចាត់​ឱ្យ​ក្រុម​ការងារ​ជំនាញ​ត្រៀម​រៀបចំ​ប្រព័ន្ធ​ប​ចេ្ច​ក​ទេស​មួយ​ចំនួន​ ​ដើម្បី​ជួយ​សម្របសម្រួល​ដល់​ពលករ​ខែ្ម​រដែ​ល​វិល​ត្រលប់​ពី​ប្រទេស​ថៃ​ចូល​មក​ក្នុង​ប្រទេស​យើង​វិញ​»​។​

​លោក​បន្ត​ថា​ ​សម្រាប់​កិច្ចប្រជុំ​ពេលនេះ​ ​គឺ​ជំរុញ​ម​ន្រ្តី​នៅ​តាម​បណ្ដា​ច្រក​ទ្វារ​អន្តរជាតិ​ដែល​ជាប់​ព្រំដែន​កម្ពុជា​-​ថៃ​ ​ត្រៀម​លក្ខណៈ​ធានា​ឱ្យ​បានការ​គ្រប់គ្រង​ ​និង​សម្រួល​ដល់​អ្នក​ដំណើរ​ជាតិ​-​អន្តរជាតិ​ ​ជាពិសេស​ជួយ​សម្របសម្រួល​ជូន​ពលករ​ខ្មែរ​ធ្វើដំណើរ​ចេញចូល​ឱ្យ​បាន​ស្រួល​ ​ឆាប​់រហ័ស​ ​ប្រកប​ដោយ​សន្តិសុខ​ ​និង​មាន​សុ​វត្តិ​ភាព​។​

​លោក​ ​កត្តា​ អ៊​ន​ ​អ្នកនាំពាក្យ​ក្រសួងការងារ​ ​បាន​ឱ្យ​ដឹង​ថា​ ​ក្រសួង​ការងារ​ ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ ​បាន​សហការ​ជាមួយ​ ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ ​ក្រសួង​មហាផ្ទៃ​ ​អាជ្ញាធរ​ដែនដី​ ​និង​អង្គភាព​ពាក់​ពន្ធ​ ​ដើម្បី​ត្រៀម​សម្រប​សម្រួល​ការ​ចេញ​-​ចូល​របស់​ពលករ​ខ្មែរ​ ​នៅ​តាម​ព្រំដែន​ក្នុង​អំឡុង​បុណ្យចូលឆ្នាំ​ខ្មែរ​នា​ពេល​ខាងមុខ​។​

​លោក​ ​គង់​ ​សំអុល​ ​ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​បុណ្យជាតិ​-​អន្តរជាតិ​ ​បាន​ឱ្យ​ដឹង​ថា​ ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ ​ប្រពៃណី​ជាតិ​ ​ធ្វើឡើង​ចាប់ពី​ថ្ងៃសៅរ៍​ ​ទី​១​៣​ ​ដល់​ថ្ងៃអង្គារ​ ​ទី​១​៦​ ​ខែ​មេសា​ ​ឆ្នាំ​២​០​២​៤​។​

​លោក​ស្នើ​រដ្ឋបាល​រាជធានី​-​ខេត្ត​ទូទាំង​ប្រទេស​ ​ត្រូវ​ការ​ពារ​សន្តិសុខ​ ​សុវត្ថិភាព​ ​សណ្តាប់ធ្នាប់​សង្គម​ ​និង​ជួយ​សម្រួល​ចរាចរណ៍​គ្រប់​ទីកន្លែង​ ​ព្រមទាំង​បង្ក​លក្ខណៈ​ល្អ​ប្រសើរ​តាម​មណ្ឌល​ក​ម្សាន្ត ​និង​រមណីយដ្ឋាន​នានា​ជូន​ភ្ញៀវ​ជាតិ​-​អន្តរជាតិ​ ​ចូលរួម​ក​ម្សាន្ត​សប្បាយ​។​

​ក្នុង​កិច្ចប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី​ ​នៅ​វិមាន​សន្តិភាព​ ​កាលពី​ថ្ងៃ​ទី​១​៥​មីនា​ ​លោក​នាយករដ្ឋមន្ត្រី​ ​ហ៊ុន​ ​ម៉ា​ណែត​ ​បាន​ណែនាំ​ឱ្យ​រដ្ឋបាល​រាជធានី​ ​ខេត្ត​ ​ត្រៀម​រៀបចំ​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ ​ប្រពៃណី​ជាតិ​ ឱ្យ​បាន​ល្អ​តាមរយៈ​តុបតែង​លម្អ​ ​និង​រៀបចំ​កម្មវិធី​ក​ម្សាន្ត​សប្បាយ​នានា​ជូន​ប្រជាពលរដ្ឋ​ ​ក៏​ដូចជា​ភ្ញៀវ​ទេសចរ​បរទេស​។​

​លោក​ក៏បាន​ណែនាំ​ឱ្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ ​ត្រៀម​រថយន្តក្រុង​សាធារណៈ​ ​ដើម្បី​ជីវភាព​ប្រជាពលរដ្ឋ​ ​ដែល​ទៅ​លេង​ស្រុកកំណើត​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ ​ដោយមាន​បម្រើ​ទឹក​សុទ្ធ​បន្ថែម​ពីលើ​សេវាកម្ម​ដឹកជញ្ជូន​ឥត​គិតថ្លៃ​។​

​លោក​ ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​បញ្ជា​ឱ្យ​ក្រសួងការងារ​ ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ​និង​ក្រសួង​ទេសចរណ៍​ ​ត្រូវ​សហការ​ជាមួយ​បណ្តា​ខេត្ត​ជាប់​ព្រំដែន​ ​ដើម្បី​ស្វាគមន៍​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ត្រឡប់មក​ស្រុកកំណើត​ ​ក៏ដូចជា​ភ្ញៀវ​ទេសចរ​បរទេស​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ខាងមុខ​។​

​លោក​នាយករដ្ឋមន្ត្រី​បន្ថែម​ថា​ ​សម្រាប់​ស្វាគមន៍​ភ្ញៀវ​ជាតិ​ ​និង​អន្តរជាតិ​ ​មិន​ត្រឹម​ធ្វើ​តែ​នៅ​តាម​បណ្ដា​ខេត្ត​ជាប់​ព្រំដែន​នោះ​ទេ​ ​ក៏​ត្រូវធ្វើ​បដិសណ្ឋារកិច្ច​នៅ​តាម​ព្រ​លាន​យន្តហោះ​ផង​ដែរ​៕​

​ពលករ​ចំណាកស្រុក​កម្ពុជា​ឆ្លង​ដែន​មក​ប្រទេស​វិញ​។​ ​ រូបភាព៖ ​ខ្មែរ​ថា​ម​ស៍

website_news/20240326_01.txt · Last modified: 2024/03/28 14:20 by kun keorasmey

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki