website_news:20240326_02

អំពើ​ជួញ​ដូរ​មនុស្ស​​ត្រូវ​បាន​រក​ឃើញ​ថា​ ​៨​០​% ​នៃ​បណ្ដឹង​ជា​ករណី​មិន​ពិត

គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញ​ដូរ​មនុស្ស​ (គ.ជ.ប.ជ) ​បាន​រក​ឃើញ​បណ្ដឹង​ពាក់ព័ន្ធ​នឹង​ការ​ជួញ​ដូរ​មនុស្ស​ប្រមាណ​៨​០​% ​ជា​បណ្ដឹង​មិន​ពិត​ដែល​ជនរងគ្រោះ​បាន​ប្ដឹង​ ​ដើម្បី​ស្វែងរក​កិច្ច​អន្តរាគមន៍​សង្គ្រោះ​ពួកគេ​។​

​លោកស្រី​ ជូ ​ប៊ុន​អេង​ ​អនុប្រធាន​អ​ចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញ​ដូរ​មនុស្ស​ (គ.ជ.ប.ជ) ​បាន​ប្រាប់​ខ្មែរ​ថា​ម​ស៍​ពីម្សិលមិញ​ថា​ ​សមត្ថកិច្ច​ជំនាញ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញ​ដូរ​មនុស្ស​បាន​រក​ឃើញ​ ​បណ្ដឹង​ករណី​ជួញ​ដូរ​មនុស្ស​មិន​ពិត​ ​បន្ទាប់​ពី​មាន​ការ​រាយការណ៍​ពី​ជនរងគ្រោះ​ដោយ​ការ​ជួញ​ដូរ​មនុស្ស​។​ លោកស្រី​ថា​ ​ពួក​គេ​មិន​បាន​រងគ្រោះ​ដោយ​ការ​ជួញ​ដូរ​មនុស្ស​ទេ​ ​ប៉ុន្តែ​ពួកគេ​ទាំងនោះ​ជា​ជនរងគ្រោះ​ដោយសារ​តែ​បាន​សាង​កំហុស​ផ្នែក​អន្តោប្រវេសន៍​ ​ហើយ​បាន​ប្ដឹង​មក​កាន់​អាជ្ញាធរ​មានសមត្ថកិច្ច​ ​ដើម្បី​ជួយសង្គ្រោះ​ពួក​គេ​ចេញ​ពី​កន្លែង​នោះ​ ​ហើយ​បាន​ទៅ​រក​ការ​ងារ​ធ្វើ​នៅ​កន្លែង​ថ្មី​ផ្សេង​ទៀត​។​

​លោកស្រី​បន្ថែម​ថា​៖​ ​«​យើង​រក​ឃើញ​ករណី​មិន​ពិត​បែប​នេះ​ប្រមាណ​ជា​៨​០​% ​ហើយ​យើង​បាន​រាយការណ៍​ទៅកាន់​ស្ថានទូត​សា​មី​ឱ្យ​បាន​ដឹង​ពី​បណ្ដឹង​របស់​ពួកគេ​»​។​

​លោកស្រី​បាន​លើកឡើង​ថា​ ​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញ​ដូរ​មនុស្ស​ពុំដែល​ព្រងើយកន្ដើយ​នឹង​បណ្ដឹង​ដែល​ពាក់ព័ន្ធ​នឹង​ការ​ជួញ​ដូរ​មនុស្ស​ឡើយ​ ​ហើយ​រាល់​បណ្ដឹង​ដែល​ប្ដឹង​ដោយ​ជនរងគ្រោះ​ត្រូវ​បាន​ដោះស្រាយ​យ៉ាង​យក​ចិត្ត​ទុក​ដាក់​។​

​លោកស្រី​ ជូ ​ប៊ុន​អេង​ ​បាន​និយាយ​ថា​ ​កម្ពុជា​នៅតែ​ខិតខំ​ស្រាវជ្រាវ​រក​ករណី​ជួញ​ដូរ​មនុស្ស​នៅ​ក្នុង​ប្រទេស​ ​ប៉ុន្តែ​កម្ពុជា​អាច​ចាកចេញ​ពី​បញ្ជី​ខ្មៅ​របស់​មេ​រិ​ក​ឬ​យ៉ាងណា​ ​គឺ​អាស្រ័យ​លើ​ការ​វាយ​តម្លៃ​និង​ការ​ចង់បាន​របស់​អាមេរិក​។​

​លោកស្រី​ថា​ ​ចេតនា​របស់​អាមេរិក​ចង់​លុបបំបាត់​រូបភាព​ជួញ​ដូរ​មនុស្ស​ ​ហើយ​រាល់​ការ​វាយ​តម្លៃ​ពាក់ព័ន្ធ​នឹង​អំពើ​ជួញ​ដូរ​មនុស្ស​របស់​សហរដ្ឋអាមេរិក​ធ្វើឡើង​នៅ​ក្នុង​ខែ​មិថុនា​។​ ​ដូច្នេះ​កម្ពុជា​បាន​ជំរុញ​ការ​ប្រឹងប្រែង​បន្ថែម​ទៀត​ ​ដើម្បី​បង្ហាញ​ឱ្យ​អាមេរិក​ឃើញ​ថា​កម្ពុជា​បាន​ប្រឹងប្រែង​លើ​កិច្ចការ​ងារ​នេះ​ ​ប៉ុន្តែ​អាមេរិក​ខ្លួនឯង​ក៏​ត្រូវតែ​ទទួលស្គាល់​ដែរ​ថា​ ​អំពើ​ជួញ​ដូរ​មនុស្ស​មិនមែន​កម្ពុជា​ជា​អ្នក​បង្កើត​ឡើយ​។​ ​កម្ពុជា​ជា​ប្រទេស​មួយ​ដែល​រងគ្រោះ​ដោយសារ​តែ​ក្រុម​ជួញ​ដូរ​មនុស្ស​បាន​រាយ​បណ្ដាញ​ប្រទាក់​ក្រឡា​ពី​ប្រទេស​មួយ​ទៅកាន់​ប្រទេស​មួយផ្សេងទៀត​ដែល​មិនមែន​នៅតែ​កម្ពុជា​ទេ​។​

​លោកស្រី​បាន​បន្ថែម​ថា​៖​ ​«​ទោះបីជា​យ៉ាង​ណា​ត្រូវ​ទទួល​ស្គាល់​ទាំងអស់គ្នា​ថា​មិនមែន​គ្រប់​ករណី​ដែលគេ​ចោទ​ប្រកាន់​សុទ្ធតែ​ជា​ការពិត​នោះ​ទេ​ ​ហើយ​យើង​ក៏​គ្មាន​អ្វី​ត្រូវ​លាក់​លាម​ដែរ​»​។​

​លោកស្រី​បន្ថែម​ថា​ ​ជាមួយនឹង​គ្នា​នេះ​កម្ពុជា​ក៏​ត្រូវការ​កិច្ច​សហការ​ពី​គ្រប់​ប្រទេស​ដែរ​ ​ដើម្បី​ការ​បង្ការ​ទប់​ស្កាត់​ ​ឬ​ការ​បង្ក្រាប​អំពើ​ជួញ​ដូរ​មនុស្ស​ ​ព្រោះ​បទល្មើស​ជួញ​ដូរ​មនុស្ស​កើត​មាន​ឡើង​ ​ជនរងគ្រោះ​មិនមែន​មាន​តែ​កម្ពុជា​ទេ​ ​គឺ​មាន​ជនបរទេស​ដែរ​។​ ​ដូច្នេះ​អាច​បញ្ជាក់​បាន​ថា​ ​អំពើ​ជួញ​ដូរ​មនុស្ស​ក៏​មាន​ជាប់​ពាក់ព័ន្ធ​ក្នុង​ប្រទេស​របស់​គាត់​ដែរ​។​

​លោក​ អំ ​សំអាត​ ​នាយក​ទទួលបន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​លី​កា​ដូ ​បាន​លើកឡើង​ថា​ ​បញ្ហា​នៃ​អំពើ​ជួញ​ដូរ​មនុស្ស​នៅ​តែ​ជា​កង្វល់​នៅឡើយ​ ​ព្រោះ​ស្ថានភាព​ទូទៅ​នៃ​បញ្ហា​ជួញ​ដូរ​មនុស្ស​ក្នុង​ប្រទេស​កម្ពុជា​នៅតែ​ជាប់​ចំណាត់ថ្នាក់​លេខ​៣​ក្នុង​បញ្ជី​ខ្មៅ​ដែល​សហរដ្ឋអាមេរិក​បាន​វាយ​តម្លៃ​ ​ទោះបីជា​រដ្ឋាភិបាល​បាន​ប្រឹងប្រែង​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញ​ដូរ​មនុស្ស​ក៏ដោយ​ ​ក៏​វា​នៅតែ​ជា​កង្វល់​ដដែល​។​

​លោក​ថា​ ​បញ្ហា​ការ​ជួញ​ដូរ​មនុស្ស​ប៉ះពាល់​ច្រើន​ណាស់​សម្រាប់​កម្ពុជា​ធ្វើការ​ការ​អភិវឌ្ឍ​ប្រទេស​ ​ប៉ះពាល់​ទេសចរ​ ​និង​បង្ក​អសន្តិសុខ​សុវត្ថិភាព​ក្នុង​សង្គម​ជាដើម​។​

​លោក​បន្ថែម​ថា​៖​ ​«​ពាក់ព័ន្ធ​នឹង​អំពើ​ជួញ​ដូរ​មនុស្ស​សព្វថ្ងៃ​កាន់​តែ​មាន​ភាព​ទំនើបកម្ម​តាម​បែប​បច្ចេកវិទ្យា​ ​ដែល​ប្រភេទ​ខ្លះ​នៃ​ការ​ជួញ​ដូរ​មនុស្ស​កាន់តែ​ពិបាក​កំណត់​អត្តសញ្ញាណ​ទៅទៀត​ ​ដូចជា​ករណី​ការបោកប្រាស់​តាម​អ៊ី​ន​ធឺ​ណិ​ត​ជាដើម​»​។​

​លោក​ អំ ​សំអាត​ ​បាន​ស្នើ​ដល់​រដ្ឋាភិបាល​ពង្រឹង​បន្ថែម​លើ​យន្ត​ការ​ទប់​ស្កាត់​ ​និង​ការ​បង្ក្រាប​ការ​ជួញ​ដូរ​មនុស្ស​ ​ដូចជា​ការ​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ ​បង្កើន​សហប្រតិបត្តិការ​រវាង​អាជ្ញាធរ​ពាក់ព័ន្ធ​ជាមួយ​បណ្ដា​ប្រទេស​នានា​ ​បណ្ដុះ​បណ្ដាល​បន្ថែម​លើ​ជំនាញ​វិជ្ជាជីវៈ​ឱ្យ​ទាន់​នឹង​ទំនើបកម្ម​នៃ​ការ​ជួញ​ដូរ​មនុស្ស​ ​និង​ត្រូវតែ​អនុវត្ត​តាមច្បាប់​ចំពោះ​មន្ត្រី​ពុក​រលួយ​ក្នុង​អំពើ​ជួញ​ដូរ​មនុស្ស​។​

​លោក​ជឿជាក់​ថា​៖​ ​«​ពេល​កម្ពុជា​យើង​តាំងចិត្ត​អនុវត្ត​ជាមួយនឹង​យន្ត​ការ​ថ្មី​ដោយ​ឆន្ទៈ​មោះមុត​ ​កម្ពុជា​យើង​នឹង​អាច​ចាក​ចេញ​ពី​បញ្ជី​ខ្មៅ​ឬ​អាច​ទទួល​បាន​ចំណាត់ថ្នាក់​ល្អ​ឡើង​វិញ​»​៕​​

​លោកស្រី ជូ ​ប៊ុន​អេង​ ​រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​ ​និង​ ​ជា​អនុ​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស​។​ ​ ​ ​រូបភាព​៖​ ​ក្រសួងមហាផ្ទៃ​

website_news/20240326_02.txt · Last modified: 2024/03/28 14:28 by kun keorasmey

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki