website_news:20240326_03

មន្ត្រីជាន់ខ្ពស់ការងារ ណែនាំពលករខ្មែរធ្វើការនៅថៃ កុំធ្វើដំណើរតាមច្រករបៀងជៀសវាងប៉ះពាល់ដល់សុខសុវត្ថិភាព

មន្ត្រី​ជាន់​ខ្ពស់ នៃ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​ណែនាំ​ដល់​ពលករ​ខ្មែរ​ធ្វើការ​នៅ​ប្រទេស​ថៃ ដែល​ត្រូវ​ធ្វើ​ដំណើរ​មក​លេង​ស្រុក​ក្នុង​ឱកាស​បុណ្យ​ចូលឆ្នាំ​ថ្មី​ខាងមុខនេះ សូម​កុំ​ចូល​តាម​ច្រក​របៀង​ខុសច្បាប់​ផ្សេងៗ ដើម្បី​ចៀសវាង​មាន​បញ្ហា និង​ប៉ះពាល់​ដល់​សុខ​សុវត្ថិភាព។ លោក កត្តា អ៊ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​មាន​ប្រសាសន៍​នៅ​រសៀល​ថ្ងៃ​ទី ២៦ មីនា នេះ​ថា ថ្មីៗ នេះ តំណាង​ក្រសួង​ការងារ សហការ​ជាមួយ​តំណាង​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ នៃ​ក្រសួងមហាផ្ទៃ បាន​ចុះ​ពិនិត្យ​ច្រក​ទ្វារ​ព្រំដែន​ជាប់​ជាមួយ​ភាគី​ថៃ ដើម្បី​ធ្វើ​យ៉ាងណា​ត្រៀម​រៀបចំ និង​បង្ក​លក្ខណៈ​ងាយស្រួល ព្រមទាំង​សម្របសម្រួល​ឯកសារ​ចេញ​ចូល​ដល់​ពលករ​ខ្មែរ​ក្នុង​ការ​ចេញ​ដំណើរ​ពី​កម្ពុជា​ទៅ​ថៃ និង​ពី​ថៃ​វិល​ត្រឡប់​មក​កម្ពុជា ដើម្បី​ចូលរួម​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​នា​ពេល​ខាងមុខ។ លោក​បាន​បន្ត​ថា «ដូច្នេះ​ហើយ​បាន​ជា​យើង​យកចិត្តទុកដាក់​ជា​ខ្លាំង​ដល់​បងប្អូន​ពលករ និង​សូម​ឱ្យ​ពលករ ត្រូវ​មាន​ឯកសារ​សម្គាល់​ខ្លួន​ឱ្យ​បាន​ត្រឹមត្រូវ ធ្វើដំណើរ​មក​កាន់​ច្រក​ទ្វារ​អន្តរជាតិ​ដែល​មាន​មន្ត្រី​យើង​រង់ចាំ​ស្វាគមន៍ និង​សម្របសម្រួល​ជូន ចៀសវាង​ធ្វើដំណើរ​តាម​ច្រក​របៀង​ខុសច្បាប់​ផ្សេងៗ ដែល​អាច​បង្ក​ឱ្យ​មាន​បញ្ហា និង​ប៉ះពាល់​ដល់​សុខ​សុវត្ថិភាព»។ លោក​បន្ត​ទៀត​ថា ពេល​មក​ដល់​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ ពលករ ក៏​នឹង​ទទួល​បាន​ទឹក​បរិភោគ​ផង​ដែរ។ លោក កត្តា អ៊ន បាន​លើក​ឡើង​ថា ក្នុងនាម ក្រសួង​ការងារ សូម​ជូនពរ​ពី​ចម្ងាយ​ដល់​ពលករ​ដែល​ធ្វើ​ដំណើរ​ពី​ប្រទេស​ថៃ​ចូល​មក​កម្ពុជា សូម​ឱ្យ​មាន​សុខ​សុវត្ថិភាព សុខភាព​ល្អ សប្បាយ​រីករាយ ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី និង​មាន​សុភមង្គល​គ្រប់​ក្រុម​គ្រួសារ។ លោក​ឧត្ដមសេនីយ៍​ឯក សុខ វាសនា អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ បាន​ព្យាករ​ថា លំហូរ​ពលករ​ខ្មែរ​វិល​ត្រលប់​ចូល​ប្រទេស​វិញ នឹង​មាន​កំណើន​ខ្ពស់​ជាង​បណ្ដា​ឆ្នាំ​មុនៗ ជាពិសេស​នៅ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត និង​ច្រក​ទ្វារ​អន្តរជាតិ​ដូង ដែល​អាច​មាន​ពលករ​វិល​ចូល​ច្រើន​ជាង​គេ នា​ឱកាស​ចូលឆ្នាំ​ប្រពៃណី​ជាតិ​ខ្មែរ ខាងមុខ។ លោក​ឧត្ដមសេនីយ៍​ឯក បាន​បញ្ជាក់​ថា ដើម្បី​ជា​ការ​ត្រៀម​លក្ខណៈ​ជាមុន អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ បាន​ចាត់​កម្លាំង​មន្ត្រី​បន្ថែម​ជា​ច្រើន​រូប និង​បាន​ចាត់​ឱ្យ​ក្រុម​ការងារ​ជំនាញ ត្រូវ​ត្រៀម​រៀបចំ​ប្រព័ន្ធ​បច្ចេកទេស​មួយ​ចំនួន​ក្នុង​ការ​ជួយ​សម្របសម្រួល​ដល់​ពលករ​ខ្មែរ​ដែល​វិល​ត្រលប់​ពី​ប្រទេស​ថៃ​ចូល​មក​ប្រទេស​កម្ពុជា​វិញ ធ្វើដំណើរ​ចេញចូល​ឱ្យ​បាន​ស្រួល ឆាប់រហ័ស ប្រកប​ដោយ​សន្តិសុខ និង​មាន​សុវត្ថិភាព។ គួរ​បញ្ជាក់​ថា បច្ចុប្បន្ន មាន​ពលករ​កម្ពុជា​កំពុង​ធ្វើការ និង​រស់នៅ​ប្រទេស​ថៃ ចំនួន ១ ២៦២ ១៧៥ នាក់ ស្រី ៥០៨ ៦៤៦ នាក់ ដោយ​បាន​ផ្ញើ​ថវិកា​មក​ក្រុម​គ្រួសារ​វិញ ប្រមាណ​ជាង ២ ពាន់​លាន​ដុល្លារ ក្នុង ១ ឆ្នាំ ដែល​លើក​ស្ទួយ​សេដ្ឋកិច្ច​គ្រួសារ ក៏ដូចជា​សេដ្ឋកិច្ច​ជាតិ​កាន់តែ​រីកចម្រើន៕

website_news/20240326_03.txt · Last modified: 2024/03/28 15:54 by kun keorasmey

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki