website_news:20240327_01

នគរបាលស្រុកសំពៅលូន ឃាត់ខ្លួនមេខ្យល់ម្នាក់ ដែលនាំពលរដ្ឋលួចឆ្លងដែនខុសច្បាប់ចូលទៅក្នុងទឹកដីថៃ

ខេត្តបាត់ដំបង៖ នៅថ្ងៃអង្គារ ២រោច ខែផល្គុន ឆ្នាំថោះ បញ្ចាស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង០៨និង៣០នាទី នៅចំណុចភូមិស្រឡៅជ្រុំ ឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង កម្លាំងជំនាញនគរបាលស្រុកសំពៅលូន រួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសិរីមានជ័យ នៃអធិការដ្ឋាននគរបាលស្រុកសំពៅលូន ដឹកនាំដោយលោ​កវរ​សេនីយ៍ទោ ទឹម វិឆ័យ ​អធិការនគរបាលស្រុកសំពៅលូន បានចុះបង្រ្កាបទប់ស្កាត់ករណី ការនាំចេញដោយមិនស្របច្បាប់សម្រាប់នាំឆ្លងដែន (បម្រុងចូលទៅក្នុងប្រទេសថៃ) ០១លើក ប្រព្រឹត្តឡើងដោយជនសង្ស័យម្នាក់ ឈ្មោះ ហៀង ភាព ភេទប្រុស អាយុ ៣៧ឆ្នាំ មានទីលំនៅភូមិគីឡូ៩ ឃុំជ្រៃសីមា ស្រុកសំពៅលូន ខេត្តបាត់ដំបង (ឃាត់ខ្លួនបាន) បានធ្វើសកម្មភាពទាក់ទងនាំពលករចំនួន ១៧នាក់ នាំឆ្លងដែនពីប្រទេសកម្ពុជា ចូលទៅក្នុងប្រទេសថៃ ឆ្លងអូរព្រំដែនតាមច្រករបៀង ក្នុងភូមិសាស្រ្តស្រុកសំពៅលូន ដោយយកប្រាក់ថ្លៃជូនក្នុងម្នាក់ ២០០០បាត (ពីរពាន់បាត) និង៤០០០បាត (បួនពាន់បាត) មកកាន់អធិការដ្ឋាននគរបាលស្រុកសំពៅលូន ។

តាមចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះ ហៀង ភាព បានឆ្លើយសារភាពថា នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល០៧ព្រឹក ខ្លួនពិតជាបានទទួលពលករចំនួន ១៧នាក់ តាមរយៈឈ្មោះ គា ភេទប្រុស អាយុប្រហែល ២៩ ឆ្នាំ មានទីលំនៅចំណុចគីឡូ១២ ភូមិពោធិ៍ជ្រៃ ឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង និងបាននាំចូលទៅក្នុងប្រទេសថៃដោយខុសច្បាប់ប្រាកដមែន ចំពោះពលករក្នុងម្នាក់ខ្លួនយកប្រាក់ពីពួកគេថ្លៃធ្វើដំណើរ និងជូន ២០០០បាត (ពីរពាន់បាត) និង៤០០០បាត (បួនពាន់បាត) ការនាំឆ្លងកាត់អូរព្រំដែនកម្ពុជា-ថៃ ចូលទៅក្នុងប្រទេសថៃ ខ្លួនបានចាត់ចែងឲ្យឈ្មោះ ថា ភេទប្រុស អាយុប្រហែល ៣០ឆ្នាំ ឈ្មោះ ណុប ភេទប្រុស អាយុប្រហែល ៣០ឆ្នាំ អ្នកទាំងពីរមានទីលំនៅភូមិពោធិ៍ជ្រៃ ឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង និងឈ្មោះ រត្ន័ ភេទប្រុស អាយុប្រហែល៣០ ឆ្នាំ មានទីលំនៅភូមិឈើទាល ឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង ចំពោះប្រាក់គឺខ្លួនទទួលពីតៃកុងឡានថៃ យកមកឲ្យឈ្មោះ គា ។ ខ្លួនបានធ្វើការទទួលពលករមកពីខេត្តផ្សេងៗនាំឆ្លងដែនចូលទៅក្នុងប្រទេសដោយខុសច្បាប់ឲ្យឈ្មោះ គា រយៈពេលមួយឆ្នាំជាងមកហើយ មកដល់បច្ចុប្បន្ននេះ ។

បច្ចុប្បន្ន កម្លាំងអធិការដ្ឋាននគរបាលស្រុកសំពៅលូន កំពុងកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីចាត់វិធានការតាមនីតិវិធី ៕

website_news/20240327_01.txt · Last modified: 2024/03/28 16:03 by kun keorasmey

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki