website_news:20240327_06

រដ្ឋមន្ដ្រីមហាផ្ទៃជឿជាក់ថា អូស្រ្តាលី នឹងបន្តផ្តល់ជំនួយនានាដល់មន្រ្តីអនុវត្តច្បាប់ លើការងារប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន

ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបង្ហាញ​ការជឿជាក់ថា អូស្រ្តាលី នឹងបន្តផ្តល់ជំនួយនានា ដល់មន្រ្តីអនុវត្តច្បាប់ លើការងារប្រយុទ្ធប្រឆាំង ឧក្រិដ្ឋកម្មឆ្លងដែន និងលើការងារកំណែទម្រង់ រដ្ឋបាលសាធារណៈ កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ។ ក្នុងជំនួបនោះដែរ ឯកអគ្គរាជទូតអូស្រ្តាលី បានអបអរសាទរចំពោះ លោកឧបនាយករដ្ឋមន្ត្រី ស សុខា ត្រូវបានរាជរដ្ឋាភិបាល តែងតាំងជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជឿជាក់ថា «ក្រសួងមហាផ្ទៃនឹងបន្តសម្រេចបាននូវសមិទ្ធផលធំធេងបន្ថែមទៀត»។ ប្រមុខក្រសួងមហាផ្ទៃកម្ពុជា ក៏បានថ្លែងចូលរួមអបអរសាទរចំពោះរដ្ឋាភិបាលអូស្រ្តាលី ដែលបានទទួលរៀបចំកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្រ្តាលី ក៏ដូចជាការប្រារព្ធខួបលើកទី៥០ នៃទំនាក់ទំនងអាស៊ាន-អូស្រ្តាលី នៅទីក្រុងម៉ែលប៊នកាលពីដើមខែមីនា ឆ្នាំ២០២៤ ក៏ដូចជាកិច្ចប្រជុំចង្អៀត និងទ្វេភាគីផ្សេងៗទៀត ដែលមានការអញ្ជើញចូលរួម ពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាប្រកបដោយជោគជ័យ។ ក្នុងឱកាសនោះដែរ លោកឯកអគ្គរាជទូត និងលោកឧបនាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់អំពីដំណើរការ នៃកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ ក្នុងក្របខណ្ឌក្រសួងមហាផ្ទៃកម្ពុជា និងនគរបាលសហព័ន្ធអូស្រ្តាលី លើការងារប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន រួមមានការជួញដូរ និងរត់ពន្ធមនុស្ស គ្រឿងញៀន បទល្មើស បច្ចេកវិទ្យា ដូចជាអំពើឆបោកតាមប្រព័ន្ធអ៊ិនធឺណិត- Online Scamming បទល្មើសសេដ្ឋកិច្ច និងការងារប្រយុទប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែននៅតាមព្រំដែន ដែលភាគីកម្ពុជា និងអូស្រ្តាលីបានបន្តអនុវត្ត និងពង្រឹងកិច្ចសហប្រតិបត្តិការបានល្អប្រសើរ។ មុននឹងបញ្ចប់ លោកឧបនាយករដ្ឋមន្ត្រី បានបង្ហាញ ក្ដីសង្ឃឹថា តាមរយៈបេសកកម្មនេះ កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ នឹងត្រូវបានបន្តពង្រឹងពង្រីកឥតឈប់ឈរ ទាំងក្នុងពេលបច្ចុប្បន្ន និងតទៅអនាគត និងជឿជាក់ថា «ភាគីអូស្រ្តាលី នឹងបន្តផ្តល់ជំនួយនានា រួមមានជំនួយបច្ចេកទេស សម្ភារៈ និងការបណ្តុះបណ្តាលផ្សេងៗដល់មន្រ្តីអនុវត្តច្បាប់លើការងារប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន និងលើការងារកំណែទម្រង់រដ្ឋបាលសាធារណៈ កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ»៕

website_news/20240327_06.txt · Last modified: 2024/03/29 11:48 by kun keorasmey

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki