website_news:20240327_09

ពលករ​ខ្មែរ ចង់​ឃើញ​អាជ្ញាធរ​លុប​បំបាត់​អំពើ​ពុករលួយ​នៅ​តាម​ច្រក​ព្រំដែន នៅ​មុន​បុណ្យ​ចូល​ឆ្នាំ​ថ្មី

ពលករ​ខ្មែរ​ធ្វើការ​នៅ​ប្រទេស​ថៃ ស្នើ​ឱ្យ​រដ្ឋាភិបាល​លុបបំបាត់​អំពើពុករលួយ​នៅ​តាម​ច្រក​ព្រំដែន ឱ្យ​បាន​មុន​ពិធី​បុណ្យចូលឆ្នាំ​ថ្មី។ ការ​ស្នើ​សុំ​នេះ ដោយសារ​ពួក​គាត់​បារម្ភ អំពី​ករណី​នគរបាល​អន្តោប្រវេសន៍​ទារ​ប្រាក់ និង​ការ​ចំណាយ​លើ​សេវា​ដឹកជញ្ជូន ថ្លៃ​លើស​កម្រិត នៅ​ពេល​ពួកគាត់​ឆ្លង​ដែន​មក​ស្រុកកំណើត​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ ដូច​កាល​ពី​ឆ្នាំ​មុន​ដែរ។

ពលករ​ខ្មែរ​នៅ​ក្រៅ​ប្រទេស​លើកឡើង​ថា អំពើ​ពុករលួយ​នៅ​ច្រក​ព្រំដែន បាន​ធ្វើ​ឱ្យ​ពួកគាត់ ត្រូវ​ចំណាយ​ប្រាក់ ដែល​ខំ​សន្សំ​ជាច្រើន​ខែ អស់​ជាច្រើន នៅ​ពេល​ពួកគាត់​មក​ស្រុកកំណើត រាល់​ពេល​បុណ្យទាន​ម្ដងៗ។

ពលករ​ខ្មែរ ធ្វើការ​នៅ​ខេត្ត​ប៉ាថុមថានី(Pathum Thani) ប្រទេស​ថៃ(Thai) លោក ប៉ែន ប៊ុនថន ប្រាប់​វិទ្យុ​អាស៊ី​សេរី នៅ​ថ្ងៃ​ទី២៧ ខែ​មីនា ថា លោក​តែង​ជួប​បញ្ហា​ប៉ះពាល់​ផ្លូវចិត្ត និង​ប្រាក់កាស រាល់​ពេល​ឆ្លងដែន​ត្រឡប់​មក​ស្រុកកំណើត​ក្នុង​ឱកាស​បុណ្យទាន​ម្ដងៗ ដោយ​មន្ត្រី​អាជ្ញាធរ​នៅ​ទីនោះ​តែង​ប្រើ​ពាក្យសម្ដី​មិន​សមរម្យ និង​រក​លេស​ពន្យារពេល​ដើម្បី​ទាមទារ​លុយ​ក្រោម​តុ។ លោក​បន្ត​ថា បញ្ហា​នេះ​បាន​ក្លាយ​ជា​វប្បធម៌​អាក្រក់​របស់​មន្ត្រី​នៅ​តាម​ច្រក​ព្រំដែន ដែល​ស្មើ​នឹង​ការ​គាបសង្កត់​ធ្វើ​បាប​ពលរដ្ឋ​របស់​ខ្លួន។

លោក ប៉ែន ប៊ុនថន៖ «យើង​ខុស​អញ្ចេះ​ខុស​អញ្ចុះ វា (អាជ្ញាធរ) ឱ្យ​ដើរ​ទៅ ឱ្យ​អ្នក​នេះ​រត់​ការ​ឱ្យ​អ្នក​នោះ​រត់​ការ វា​ពិបាក​អ៊ីចឹង​ណា។ ដល់​វា​ធ្វើ​អ៊ីចឹង យើង​ត្រូវតែ​អស់​លុយ​ហើយ។ ធម្មតា​យើង​ចង់​ទៅ​ផ្ទះ​ជួប​បងប្អូន ចង់​ទៅ​ដល់​ស្រុក​កំណើត​យើង​ភ្លាមៗ យើង​ចេះ​តែ​សួរ​គេ ឥឡូវ​ត្រូវ​អស់​ប៉ុន្មាន​អី​ប៉ុន្មាន ដើម្បី​ឱ្យ​វា​ដំណើរការ​ទៅ​រលូន។ យើង​ចេះ​តែ​បេះបោច​ឱ្យ​ទៅ មួយ​រយ​ពីរ​រយ​បី​រយ​(បាត​)ក្ដី រួច​ដាក់​ចូល​ក្នុង​ប៉ាសស្ព័រ​ទៅ (លិខិត​ឆ្លងដែន) វា​ធ្វើ​រត់​ការ​ឱ្យ​បន្តិច​អី​បន្តិច​ទៅ»។

ចំណែក​ពលករ​ខ្មែរ​ម្នាក់​ទៀត ធ្វើការ​នៅ​ខេត្ត​សាមុត ប្រាកាន (Samut Prakan) ប្រទេស​ថៃ (Thai) លោក សារឿង គន្ធរ ប្រាប់​ថា នៅ​ពេល​ត្រឡប់​ទៅ​លេង​ស្រុក​កំណើត​ម្ដងៗ ក្រុម​គ្រួសារ​របស់​លោក​ត្រូវ​បង់​ប្រាក់​ពី​លើ​តម្លៃ​ឯកសារ ឱ្យ​មន្ត្រី​អន្តោប្រវេសន៍​នៅ​ច្រក​ប៉ោយប៉ែត ក្នុង​ម្នាក់ៗ មិន​ក្រោម ៦រយ​បាត ឬ​ប្រហែល ១៦ដុល្លារ​ឡើយ។ លោក​ស្នើ​ឱ្យ​ក្រសួង​មហាផ្ទៃ គួរ​ប្រញាប់​ចុះ​ត្រួតពិនិត្យ​ស្ថានភាព​នៅ​តាម​ច្រក​ព្រំដែន ឱ្យ​បាន​មុន​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ចូល​មក​ដល់ ដោយ​លោក​អះអាង​ថា អំពើ​ពុករលួយ​នៅ​តាម​ច្រក​ព្រំដែន ហាក់​កាន់​តែ​រីក​ធំ​ទៅ ដោយ​មន្ត្រី​ប្រចាំការ​នៅ​ទី​នោះ បាន​រៀបចំ​ឱ្យ​មាន​ក្រុម​ឡាន​ដឹក​ឥវ៉ាន់ និង​រថយន្ត​ឈ្នួល និង​ទារ​ថ្លៃ​កប់​ពពក​ពី​ពលករ។

លោក សារឿង គន្ធរ៖ «ឱ្យ​គាត់​កែ​សម្រួល​ដល់​ពលករ​ដែល​ធ្វើ​ដំណើរ​ឆ្លង​កាត់​ទៅ​មក ព្រោះ​ជួនកាល​ពលករ​អត់​មាន​លុយ​កាក់​ដែរ ហើយ​នៅ​ពេល​មាន​ការ​ប្រញាប់ ក៏​ពិបាក​រឿង​វាយ​ត្រា​ចេញ​ចូល​សាំញ៉ាំ​ច្រើន រឿង​ការ​យក​លុយ​នោះ»។

កាលពី​ថ្ងៃ​ទី១៥ ខែ​មីនា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បាន​ណែនាំ​ឱ្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ និង​ក្រសួង​ទេសចរណ៍ សហការ​ជាមួយ​អាជ្ញាធរ​នៅ​តាម​បណ្ដា​ខេត្ត​ជាប់​ព្រំដែន ស្វាគមន៍​ប្រជាពលរដ្ឋ​ខ្មែរ ដែល​ត្រឡប់​មក​ស្រុក​កំណើត និង​ពង្រឹង​រក្សា​សន្តិសុខ សណ្ដាប់ធ្នាប់ និង​សុវត្ថិភាព​ជូន​ពលរដ្ឋ និង​ភ្ញៀវ​ទេសចរណ៍​បរទេស ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ខាង​មុខ។

ទោះជា​យ៉ាង​នេះ​ក្ដី ក្រុម​ពលករ​លើកឡើង​ថា ពួកគាត់​មិន​ចង់​បាន​ត្រឹម​ការ​ណែនាំ​នេះ​ទេ ព្រោះ​ពួក​គាត់​យល់​ថា ការ​អំពាវនាវ​របស់​លោក​នាយករដ្ឋមន្ត្រី​នេះ នឹង​គ្មាន​ប្រសិទ្ធភាព​យូរ​អង្វែង​ឡើយ។ ពួក​គាត់​ស្នើ​ឱ្យ​ក្រសួង​ពាក់ព័ន្ធ​ចុះ​ធ្វើ​អធិការកិច្ច​លើ​មន្ត្រី​ច្រក​ព្រំដែន ដើម្បី​ចាត់​វិធានការ​ច្បាប់ ចំពោះ​មន្ត្រី​ណា​ដែល​ប្រព្រឹត្ត​អំពើ​ពុក​រលួយ ដូច​ដែល​ក្រសួង​មហាផ្ទៃ ធ្លាប់​អនុវត្ត​ចំពោះ​មន្ត្រី​នគរបាល​ជាតិ​កន្លងមក។

វិទ្យុ​អាស៊ី​សេរី មិន​អាច​ទាក់ទង​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ នៃ​ក្រសួង​មហាផ្ទៃ លោក សុខ វាសនា ដើម្បី​សុំ​ការ​បកស្រាយ​ជុំវិញ​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​២៧ ខែ​មីនា ដោយ​ទូរស័ព្ទ​ហៅ​ចូល តែ​ត្រូវ​ចុច​បិទ។

របាយការណ៍​របស់​ក្រសួង​ការងារ​កម្ពុជា ឱ្យ​ដឹង​ថា បច្ចុប្បន្ន មាន​ពលករ​ខ្មែរ​ជាង ១លាន ២សែន​នាក់​កំពុង ធ្វើការ​នៅ​ប្រទេស​ថៃ​។ ប៉ុន្តែ​របាយការណ៍​របស់​អង្គការ​សង់ត្រាល់ បង្ហាញ​ថា មាន​ពលករ​ខ្មែរ​កំពុង ធ្វើការ​ដោយ​ស្រប​ច្បាប់ និង​មិន​ស្រប​ច្បាប់​នៅ​ប្រទេស​ថៃ​ជាង ២លាន​នាក់។

កាល​ពី​ថ្ងៃ​ទី២៦ ខែ​មីនា រដ្ឋមន្ត្រី​ក្រសួង​ការងារ​ថៃ លោក ភីផាត រាឆាគិតប្រាកាន (Phiphat Ratchakitprakarn) បាន​ស្នើ​ទៅ​គណៈរដ្ឋមន្ត្រី​ថៃ អនុញ្ញាត​ឱ្យ​ពលករ ៣សញ្ជាតិ មាន​ដូចជា កម្ពុជា ឡាវ (Lao) និង​មីយ៉ាន់ម៉ា (Myanmar) អាច​ធ្វើ​ដំណើរ​ទៅ​លេង​ប្រទេស​កំណើត ក្នុង​អំឡុង​ទេសកាល​សង្ក្រាន្ត​ចាប់​ពី​ថ្ងៃ​ទី១ ខែមីនា រហូត​ដល់​ថ្ងៃ​ទី១៥ ខែ​ឧសភា ដោយ​មិន​ចាំបាច់​ចំណាយ​ថ្លៃ​វាយ​ត្រា​លើ​ឯកសារ​ចេញ ឬ​ឯកសារ​ចូល​សារ​ថ្មី (Re-entry) ចំនួន ១ពាន់​បាត ឬ​ប្រហែល ២៨ដុល្លារ​នោះ​ទេ។

ជុំវិញ​រឿង​នេះ មន្ត្រី​ផ្នែក​ការពារ​សិទ្ធិ​ពលករ​ចំណាក​ស្រុក នៃ​អង្គការ​សង់ត្រាល់ (CENTRAL) ប្រចាំ​នៅ​ប្រទេស​ថៃ លោក លឹង សុផុន ស្នើ​ឱ្យ​ក្រសួង​ពាក់ព័ន្ធ​ត្រួត​ពិនិត្យ​ការងារ​នៅ​តាម​ច្រក​ព្រំដែន ដើម្បី​លុប​បំបាត់​អំពើ​ពុករលួយ និង​ក្រុម​អ្នក​ឆ្លៀត​ឱកាស ដែល​រកស៊ី​កេង​ប្រវ័ញ្ច​ពលករ។

លោក លឹង សុផុន៖ «នៅ​ពេល​ឆ្លងដែន​ម្ដងៗ តែងតែ​មាន​ជន​ខិលខូច ឬ​បុគ្គល​មួយ​ចំនួន ដែល​គាត់​រកស៊ី​ដឹក​ឥវ៉ាន់ គាត់​យក​តម្លៃ​ក្នុង​ឱកាស​របស់​គាត់​អំឡុង​ពេល​ចូល​ឆ្នាំ។ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ ខ្ញុំ​មិន​ដែល​ឃើញ​រដ្ឋាភិបាល​យក​ចិត្ត​ទុក​ដាក់​ដើម្បី​សម្រួល​ដល់​បងប្អូន​ពលករ​ទេ បែរ​ទៅ​ជា​ឱ្យ​ឈ្មួញ​អ្នក​រកស៊ី​ឆក់​ឱកាស​ក្នុង​ពេល​ចូល​ឆ្នាំ»។

កាលពី​រដូវ​ចូលឆ្នាំ​ថ្មី​នៅ​ឆ្នាំ២០២៣ កន្លង​ទៅ ពលករ​ខ្មែរ​ដែល​ធ្វើ​ចំណាក​ស្រុក​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ បាន​នាំ​គ្នា​វិល​ត្រឡប់​ចូល​មក​ប្រទេស​កម្ពុជា​វិញ​រាប់​ពាន់​នាក់ ជា​ហេតុ​ធ្វើ​ឱ្យ​មាន​ការ​កកស្ទះ​នៅ​តាម​ច្រក​សំខាន់ៗ មួយ​ចំនួន ដូចជា​ច្រក​ប៉ោយប៉ែត និង​ច្រក​បានឡែម ស្ថិត​ក្នុង​ស្រុក​កំរៀង ខេត្ត​បាត់ដំបង ជា​ដើម។ ការ​កកស្ទះ​នេះ បាន​បង្ខំ​ឱ្យ​ពលករ​ខ្មែរ​មួយ​ចំនួន ត្រូវ​ដេក​រង់ចាំ​វាយ​ត្រា​លើ​ឯកសារ នៅ​ច្រក​ព្រំដែន ដោយ​ពួក​គាត់​ត្រូវ​ចំណាយ​ទៅ​ឱ្យ​មន្ត្រី​អន្តោប្រវេសន៍ ក្នុង​ម្នាក់ៗ យ៉ាង​តិច ១ពាន់ ២រយ​បាត ឬ​ប្រមាណ ៤០ដុល្លារ៕ (រូបឯកសារ) ទិដ្ឋភាព​ពលរដ្ឋខ្មែរ​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ថៃ​ឆ្លងកាត់តាម​ច្រកទ្វារព្រំដែនអន្តរជាតិ ភ្នំដី ក្នុង​ស្រុក​សំពៅលូន ខេត្តបាត់ដំបង កាល​ពី​ថ្ងៃ​ទី១០ ខែមេសា ឆ្នាំ២០១៨។

website_news/20240327_09.txt · Last modified: 2024/04/02 15:07 by kun keorasmey

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki