ទណ្ឌិតម្នាក់ពាក់ព័ន្ធស៊ីដាច់ប្រាក់គេជាង២ ម៉ឺនដុល្លារ រឿងរត់ការនាំមនុស្សចេញទៅក្រៅប្រទេស ត្រូវតុលាការចេញដីកាឃុំខ្លួន
រាជធានីភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ បានសម្រេចចេញដីកាឃុំខ្លួនបុរសវ័យកណ្ដាលម្នាក់ ដាក់ពន្ធនាគារជាបណ្ដោះអាសន្ន ពីបទ ឆបោក ក្រោមរូបភាពស៊ីដាច់ប្រាក់គេជាង២ម៉ឺនដុល្លារ ដែលទទួលយកទៅរត់ការនាំមនុស្សចេញទៅក្រៅ ប្រទេសដែលមិនបានជោគជ័យ ។ ជនសង្ស័យឈ្មោះ ទូច ចន្ថា ភេទប្រុស អាយុ៥៤ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅផ្ទះជួលលេខ៣៤អឺ១ ផ្លូវលេខ ២១៧ ភូមិ៤ សង្កាត់អូរឫស្សី២ ខណ្ឌ៧មករា រាជធានីភ្នំពេញ។ សូមជម្រាបថា ដោយទទួលបានបញ្ជាដឹកនាំដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ និងលោកឧត្តមសេនីយ៍ទោ លី ប៊ុនអេង ស្នងការរងទទួលដឹកនាំការិយាល័យជំនាញ កាលពីព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ លោកវរៈសេនីយ៍ទោ ម៉ម សាវន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានដឹកនាំកម្លាំងការិយាល័យ ធ្វើការស្រាវជ្រាវ និងឈានដល់ការចាប់ខ្លួនទណ្ឌិតម្នាក់ នៅចំណុចផ្លូវលេខ១៨២ សង្កាត់អូរឫស្សី២ ខណ្ឌ៧មករា រាជធានីភ្នំពេញ។ តាមសមត្ថកិច្ចឱ្យដឹងថា ដីកាបង្គាប់ឱ្យចាប់ខ្លួនរបស់លោលោក សំម ឫទ្ធីវាសនា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ គឺជាការអនុវត្តតាមអំណាចសាលដីការបស់សាលាឧទ្ធ រណ៍ ដែលបានសម្រេចតម្កល់សាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញ ដោយផ្តន្ទាទោសឈ្មោះ ទូច ចន្ថា ភេទប្រុស អាយុ៥៤ឆ្នាំ ដាក់ពន្ធនាគារកំណត់រយៈពេល១ឆ្នាំ ពីបទឆបោក ប្រព្រឹត្តនៅចំណុចផ្ទះជួលលេខ៣៤E1 ផ្លូវលេខ២១៧ សង្ការអូរឫស្សីទី២ ខណ្ឌ៧មករា កាលពីអំឡុងខែសីហា ឆ្នាំ២០២០ ដែលបទល្មើសមានចែងឱ្យផ្តន្ទាទោសតាមមាត្រា៣៧៧ មាត្រា៣៧៨ នៃក្រមព្រហ្មទណ្ឌ ។ សាលដីកាបង្គាប់ឱ្យជនជាប់ចោទសងសំណងការខូចខាតចំនួន ២៥ ៧២៥ ដុល្លារអាម៉េរិក និងសំណងជំងឺចិត្តចំនួន ៨ ០០០ ០០០ រៀល ទៅឱ្យដើមបណ្ដឹងរដ្ឋប្បវេណី ។ សំអាងហេតុសាលដីកាព្រហ្មទណ្ឌកំពូលនោះ បានចូលជាស្ថាពរនៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ នេះ មានអនុភាពអនុវត្តតាមច្បាប់ គប្បីសាលាដំបូងរាជធានីភ្នំពេញសម្រេចឃុំខ្លួនជនជាប់ចោទដើម្បីអនុវត្តទោស ទៅតាមផ្លូវច្បាប់៕