website_news:20240401_02

ពលករកម្ពុជានៅថៃ ចាប់ផ្ដើមសម្រុក មកលេងស្រុកកំណើត មុនពិធីបុណ្យចូលឆ្នាំខ្មែរ

ខណៈពលករកម្ពុជាកំពុងសម្រុកមកស្រុកកំណើតចូលរួមបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរនាពេលខាងមុខ តាមច្រកអន្តរជាតិប៉ោយប៉ែត និងស្របពេលដែលរដ្ឋាភិបាលកម្ពុជាបានចរចាជាមួយរដ្ឋាភិបាលថៃ ដោយមិនយកថ្លៃសេវាចេញ-ចូលប្រទេស​​​ថៃនោះថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យមានលោក អ៊ុំ រាត្រី អភិបាលខេត្ត និងសមត្ថកិច្ចអន្តោប្រវេសន៍ប្រចាំច្រកទ្វារ​ប៉ោយប៉ែត កាន់តែយកចិត្តទុកដាក់ចុះទទួលស្វាគមន៍ពលករ និងសម្របសម្រួលដល់ការធ្វើដំណើរឆ្លងកាត់ច្រកបានយ៉ាង​លឿនរហ័សនៅថ្ងៃទី ០១ ខែមេសា ឆ្នាំ ២០២៤។ ក្នុងដំណើរចុះអន្តរាគមន៍ និងសម្របសម្រួលនេះលោកអភិបាលខេត្តបានដឹកនាំមន្ត្រីក្រោមឱវាទចុះធ្វើការសម្រប សម្រួល​ជាមួយអាជ្ញាធរ ខាងភាគីថៃ ក្រោយពីទទួលបានព័ត៌មានថា ពលរដ្ឋខ្មែរយើងបានចេញមកច្រើន អាជ្ញាធរថៃបំពេញបែបបទមិនទាន់ធ្វើឲ្យមានការកកស្ទះនៅច្រកទ្វារខ្លងលឹក ខាងទឹកដីថៃឈមនឹងច្រកទ្វារអន្តរជាតិប៉ោយប៉ែត តែទោះយ៉ាងណាក្តីអាជ្ញាធរទាំងពីរភាគី សហការគ្នាល្អ កំពុងតែខិតខំស្វែងរកដំណោះស្រាយដើម្បីពន្លឿនការងារនេះ។ ដោយឡែកសម្រាប់ខាងកម្ពុជាយើងវិញ ការបំពេញបែបបទ មានភាពងាយស្រួល គ្រាន់ដោយគ្រាន់តែ មន្ត្រីអន្តោប្រវេស​ន៍ថតរូប ភ្ជាប់ជាមួយនឹងបណ្ណព្រំដែនជាការស្រេច គ្មានការកកស្ទះនោះឡើយ ទន្ទឹមនោះអាជ្ញាធរក៏បានធ្វើការចែកស្បៀង អាហារ មានដូចជា នំបុ័ង ទឹកបរិសុទ្ធ និងវត្ថុអនុស្សាវរីយ៍ជាក្រម៉ា ១ ម្នាក់ផងដែរ។ ដើម្បីសម្រួលការត្រឡប់មករបស់ពលករកម្ពុជា ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ក្នុងខែមេសានេះ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានណែនាំឱ្យមន្ត្រីប្រចាំនៅតាមច្រកទ្វារព្រំដែនអន្តរជាតិ កម្ពុជា-ថៃ ត្រូវខិតខំជួយបង្កលក្ខណៈងាយស្រួលដល់ដំណើរចេញ-ចូលរបស់ពលករ។ ក្នុងនោះ មិនតម្រូវឱ្យប្រថាប់ត្រាចូល-ចេញប្រទេសលើលិខិតឆ្លងដែន ឬឯកសារធ្វើដំណើរឡើយ៕

website_news/20240401_02.txt · Last modified: 2024/04/10 13:33 by kun keorasmey

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki