website_news:20240402_02

ច្រកទ្វារអន្តរជាតិចាំយាម ខេត្តកោះកុង រៀបចំកន្លែងទទួលពលករខ្មែរចេញពីប្រទេសថៃ ដើម្បីមកស្រុកកំណើតថ្ងៃចូលឆ្នាំថ្មី

(កោះកុង)៖ លោក សុវណ្ណប៊ុនធឿន ប្រធានស្នាក់ការច្រកទ្វារអន្តរជាតិចាំយាមខេត្តកោះកុង សហការជាមួយមន្ទីរការងារខេត្ត បានរៀបចំកន្លែងចាំទទួលពលករខែ្មរដែលទៅធ្វើការប្រទេសថៃ ហើយត្រឡប់មកស្រុកកំណើតវិញ ដើម្បីចូលរួមពិធីចូលឆ្នាំថ្មីប្រពៃណីជាតិ។

លោក សុវណ្ណ ប៊ុនធឿន បានឲ្យដឹងនៅថ្ងៃទី២ ខែមេសាថា ក្រុមការងារសហការជាមួយសមត្ថកិច្ចប្រចាំច្រកទ្វារអន្តរជាតិចាំយាម បានរៀបចំកន្លែងចាំទទួលពលករទៅធ្វើការនៅប្រទេសថៃ ហើយវិលចូលមកវិញតាមច្រកទ្វារអន្តរជាតិចាំយាម ដើម្បីទៅស្រុកកំណើតដើម្បីជួបជុំក្រុមគ្រួសារក្នុងរដូវចូលឆ្នាំថ្មីប្រពៃណីខ្មែរ។

លោក សុវណ្ណ ប៊ុនធឿន បានបន្តថា «រយៈ២ថ្ងៃនេះ សមត្ថកិច្ចយើងគឺនៅប្រចាំទទួលពលកររហូតដល់ពេលព្រំដែនបិត ដល់ពេលយប់រវាងខេត្តកោះកុង និងខេត្តត្រាត ហើយសមត្ថកិច្ចទាំងទ្វេរភាគីកម្ពុជា-ថៃ អាស្រ័យទាក់ទង ព័ត៌មានគ្នា រហូតបើមានពលករខ្មែរណាម្នាក់មានបញ្ហាអីមួយសមត្ថកិច្ចយើង និងទៅទទួលពួកគាត់វិលមកចូលដីខ្មែរវិញដោយមិនឲ្យគាត់ពិបាកទេ ហើយសមត្ថកិច្ចមិនយកលុយលើអ្វីទាំងអស់។ ក្រុមការងារអនុវត្តន៍ទៅតាម គោលការណ៍ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា»។

លោកប្រធានច្រកទ្វារអន្តរជាតិចាំយាម បានបន្តថា លោកបានណែនាំពលករទាំងនោះ ក្រោយពីបញ្ចប់បុណ្យចូលឆ្នាំប្រពៃណីខ្មែរ បើបងប្អូនចង់វិលទៅរកការងារនៅប្រទេសថៃវិញបងប្អូនត្រូវមានប៉ាស្ព័រ វីសារឲ្យបានត្រឹមត្រូវ បើសិនហួសសុពលភាពត្រូវបន្តបានរួចរាល់ ដើម្បីកុំឲ្យបងប្អូនពិបាកក្នុងការប្រកបការងារក្នុងប្រទេសគេ។

លោកបានបញ្ជាក់ថា រយៈ២ថ្ងៃនេះក្រុមការងារទទួលពលករវិលទៅស្រុកកំណើតជាង២០០នាក់។ ពលករវិលទៅស្រុកកំណើត បាននិយាយថា ពួកគាត់សប្បាយចិត្តដោយរាជរដ្ឋាភិបាលសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានជួយណែនាំដល់អាជ្ញាធរ និងសមត្ថកិច្ចជួយសម្រួលការធ្វើដំណើររបស់ពលករ និងមិនត្រូវយកកម្រៃនោះទេ។

សូមរំលឹកថា ក្នុងពិធីសម្ពោធឆ្លងព្រះបទុមចេតិយ និងសមិទ្ធផលនានានៅវត្ត​មណី​រតនារាម ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំឲ្យអាជ្ញាធរ មានសមត្ថកិច្ច សូមយកចិត្តទុកដាក់សម្រួល ដល់ការឆ្លងដែនរបស់ពលរដ្ឋខ្មែរ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ដើម្បីធ្វើយ៉ាងណាឲ្យការធ្វើដំណើររបស់ប្រជាពលរដ្ឋមានភាពរលូន មិនកក់ស្ទះ បន្ថែមពីនេះសូមកុំយកកម្រៃលើសេវាកម្មផ្សេងៗ ពីប្រជាពលរដ្ឋ សូមធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋ មកកម្សាន្ដក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរ មានភាពសប្បាយរីករាយ។

លើយតបតាមសំណូមពររបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា, រាជរដ្ឋាភិបាលថៃ តាមរយៈប្រកាសរបស់ក្រសួងមហាផ្ទៃថៃ បានអនុញ្ញាតលើកលែងតម្លៃសេវាការអនុញ្ញាតចេញ-ចូល (Re-Entry Permit) សម្រាប់បងប្អូនពលករកម្ពុជាដែលធ្វើ ដំណើរចេញ-ចូលប្រទេសថៃ ចាប់ពីថ្ងៃទី១ ខែមេសា ដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤។ នេះបើតាមការប្រកាសរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

ការលើកលែងតម្លៃសេវានេះ គឺសម្រាប់ពលករកម្ពុជាដែលមានលិខិតឆ្លងដែន/លិខិតធ្វើដំណើរពលករ កម្ពុជាទៅធ្វើការនៅបរទេស (TD) និងមានទិដ្ឋាការការងារ (Non-Immigration L-A Visa) ដែលមានសុពលភាព ក្រោយថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ រួមទាំងកូនមានអាយុក្រោម ១៨ឆ្នាំ ដែលទទួលបានការវាយត្រាប្រភេទ អ្នកក្នុងបន្ទុក និងអនុញ្ញាតឱ្យស្នាក់នៅក្នុងប្រទេសថៃមានសុពលភាពក្រោយថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤៕

website_news/20240402_02.txt · Last modified: 2024/04/10 14:13 by kun keorasmey

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki