website_news:20240403_02

តើសកម្មភាពបែបណាទើបហៅថា ការបៀតបៀន? ហើយមានទោសទណ្ឌយ៉ាងណា?

ការបៀតបៀន គឺជាសកម្មភាពទាំងឡាយណាដែលស្តែងចេញ ឬអាចនាំឱ្យមានការប៉ះពាល់ ឬការរងគ្រោះផ្នែកផ្លូវកាយ ផ្លូវចិត្ត និងផ្លូវភេទ ជាដើម។ ថ្មីៗនេះ ក្រុមយុវជនមួយចំនួន បានលេងកម្សាន្តធ្វើសកម្មភាពជ្រុលហួសហេតុ និងអសីលធម៌ ដោយបន្លំចាប់អោប និងថើបលើយុវតី។ តើសកម្មភាពបែបនេះ អាចចាត់ទុកថា ជាការបៀតបៀនដែរ ឬទេ? មនុស្សគ្រប់រូបអាចធ្វើអំពើ និងសកម្មភាពរបស់ខ្លួនដោយសេរី តែមិនអាចបំពានលើសិទ្ធិអ្នកដ៏ទៃឡើយ។ នៅពេលដែលមនុស្សធ្វើសកម្មភាពប៉ះពាល់ដល់សិទ្ធិ និងឯកជនភាពរបស់អ្នកដ៏ទៃ ដូចជា ការបៀតបៀនផ្លូវភេទ និងការប៉ុនប៉ងរំលោភបំពានផ្លូវភេទ ជារឿងខុសច្បាប់ និងជាការរំលោភសិទ្ធិមនុស្ស។ ការបៀតបៀនផ្លូវភេទ អាចធ្វើឡើងតាមរយៈការគំរាម ឬការដាក់សំពាធ ការស្នើសុំ ឬពាក្យសម្តីនិយាយ ឬពាក្យសម្តីជាលាយល័ក្ខអក្សរ រូបភាព ឬការប៉ះពាល់រាងកាយ។ ការបៀតបៀនផ្លូវភេទមានបីប្រភេទគឺ៖ ១.ការបៀតបៀនផ្លូវភេទដោយពាក្យសម្តី គឺការប្រើពាក្យនិយាយ ឬបញ្ចេញមតិក្នុងលក្ខណៈផ្លូវភេទអំពីនរណាម្នាក់ ការផ្សព្វផ្សាយពាក្យចចាមអារាមផ្លូវភេទ ការស្នើសុំដែលមានលក្ខណៈភេទ និងការនិយាយរឿងកំប្លែងផ្លូវភេទ សំណួរពីរឿងផ្លូវភេទ បន្លឺសំឡេងផ្លូវភេទ។ល។ ២.ការបៀតបៀនផ្លូវភេទជាសារ សញ្ញា និងរូបភាព (Non Verbal) គឺជាការសរសេរមតិយោបល់អំពីនរណាម្នាក់ ការផ្ញើសារដែលមានលក្ខណៈផ្លូវភេទនៅក្នុងគេហទំព័រ ឬប្រព័ន្ធផ្សព្វផ្សាយសង្គម ការបញ្ជូនសារស្នេហាងប់ងល់ និងការបញ្ជូនរូបភាពដែលមានលក្ខណៈផ្លូវភេទ។ ៣.ការបៀតបៀនផ្លូវភេទដោយការប៉ះពាល់រាងកាយ គឺជាការប៉ះ ឬចាប់ផ្នែកណាមួយនៃរាងកាយរបស់នរណាម្នាក់ ដូចជា ការលាត់ ទាញ ឬស្រាតសម្លៀកបំពាក់ ការប៉ះពាល់ ឱប ថើប ដែលគេមិនពេញចិត្ត ជាដើម។ បើយោងតាមមាត្រា២៣៩ នៃក្រមព្រហ្មទណ្ឌ គ្រប់អំពើបញ្ចូលអង្គជាត តាមបែបណាក៏ដោយ ឬអំពើបញ្ចូលឧបករណ៍ណាមួយទៅអង្គជាត ដែលប្រព្រឹត្តទៅលើអ្នកដ៏ទៃ ទោះបីមានភេទដូចគ្នា ឬមិនដូចគ្នាក៏ដោយ ការប្រើហិង្សា ការបង្ខិតបង្ខំ ការគំរាមកំហែង ឬដោយការឆ្មក់ឱកាស គឺជាបទរំលោភសេពសន្ថវៈ។ ចំពោះ បទរំលោភសេពសន្ថវៈ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៥ឆ្នាំ ទៅ ១០ឆ្នាំ។ នីតិភាពនៃការរួមភេទត្រូវបានកំណត់ចាប់ពីអាយុ ១៥ឆ្នាំឡើងទៅ៕

website_news/20240403_02.txt · Last modified: 2024/04/10 14:49 by kun keorasmey

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki