website_news:20240403_04

ច្រកទ្វារអន្តរជាតិព្រំដែនចាំយាម កំពុងផ្តោតការយកចិត្តទុកដាក់សម្រួលបែបបទទទួលពលករខ្មែរមកពីថៃ

គ្រប់មន្រ្តី និងសមត្ថកិច្ចជំនាញប្រចាំការនៅតំបន់ច្រកទ្វារព្រំដែនអន្តរជាតិចាំយាម ស្រុកមណ្ឌលសីមា ខេត្តកោះកុង បាននឹងកំពុងផ្តោតយកចិត្តទុកដាក់ខ្ពស់អំពីការស្វាគមន៍ និងសម្របសម្រួលបំពេញបែបនានាជូនពលករខ្មែរមកពីប្រទេសថៃ។ ប្រមាណ២ថ្ងៃមកនេះ គេសង្កេតឃើញមានពលករខ្មែរដែលបម្រើការងារនៅបណ្តាខេត្តក្នុងប្រទេសថៃ បាននាំគ្នាចេញដំណើរជាបណ្តើរៗហើយមកជួបជុំសាច់ញាតិ បងប្អូន ម្តាយឪពុក នៅប្រទេសកំណើត ដោយឆ្លងដែនកាត់តាមព្រំដែនអន្តរជាតិចាំយាម។ លោក សុវណ្ណ ប៊ុនធឿន ប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិចាំយាម បានឱ្យដឹងនៅរសៀលថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ថា មន្រ្តីរដ្ឋបាល និងនគរបាលអន្តោប្រវេសន៍ យកចិត្តទុកដាក់យ៉ាងខ្លាំងការពិនិត្យផ្តល់សេវាឥតគិតថ្លៃជូនបងប្អូនពលករខ្មែរមកពីថៃ ដើម្បីផ្តល់ឱកាសដល់ពួកគាត់បានទៅលេងក្រុមគ្រួសារអំឡុងពិធីបុណ្យចូលឆ្នាំខ្មែរ ប្រពៃណីជាតិ។ បើតាមលោក សុវណ្ណ ប៊ុនធឿន ការអនុវត្តការងារនេះ ធ្វើឡើងតបតាមបញ្ជារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ធ្លាប់ស្នើសុំទៅរាជរដ្ឋាភិបាលថៃ លើកលែងតម្លៃសេវាការអនុញ្ញាតចេញ-ចូល (Re-Entry Permit) សម្រាប់បងប្អូនពលករកម្ពុជាដែលធ្វើដំណើរចេញ-ចូលប្រទេសថៃ ចាប់ពីថ្ងៃទី១ ខែមេសា ដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤។ ការលើកលែងតម្លៃសេវា (Re-Entry Permit) គឺសម្រាប់ពលករកម្ពុជាដែលមានលិខិតឆ្លងដែន/លិខិតធ្វើដំណើរពលករ កម្ពុជាទៅធ្វើការនៅបរទេស (TD) និងមានទិដ្ឋាការការងារ (Non-Immigration L-A Visa) ដែលមានសុពលភាព ក្រោយថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ រួមទាំងកូនមានអាយុក្រោម ១៨ឆ្នាំ ដែលទទួលបានការវាយត្រាប្រភេទ អ្នកក្នុងបន្ទុក និងអនុញ្ញាតឱ្យស្នាក់នៅក្នុងប្រទេសថៃមានសុពលភាពក្រោយថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤។ ទោះយ៉ាងណាលោក ប៊ុនធឿន ក៏បានណែនាំដល់ក្រុមពលករទាំងអស់ ពេលត្រឡប់ទៅធ្វើការនៅប្រទេសថៃវិញ ក្រោយពិធីបុណ្យចូលឆ្នាំខ្មែររួច ត្រូវទៅដោយស្របច្បាប់ទាំងអស់គ្នា ចៀសវាងទៅតាមមេខ្យល់ញុះញង់ ឬពុំមានតំណាងក្រុមហ៊ុនទទួលខុសត្រូវច្បាស់លាស់ដែលកត្តាហានិភ័យដល់សុវត្ថិភាពផ្ទាល់ខ្លួន។ លោកវរសេនីយ៍ឯក ង៉ុយ ជៀង នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិចាំយាម បង្ហាញថា ចាប់ថ្ងៃទី១ ខែមេសា ដល់ម៉ោង២រសៀលថ្ងៃទី៣ ខែមេសា នេះ មានពលករខ្មែរស្រីប្រុសសរុបជាង២០០នាក់ហើយ ក្នុងនោះមាន ស្រ្តីក្រោម១០០នាក់ ព្រមទាំងកុមារជាង៣០នាក់ដែលបានធ្វើដំណើរឆ្លងកាត់មកស្រុកកំណើតតាមរយៈច្រកទ្វារព្រំដែនអន្តរជាតិចាំយាម ខេត្តកោះកុង។ ចំណែកឯលោក អៀង វិចិត្រ និងអ្នកស្រី ង៉ែត ស្រីមុំ ជាពលករទៅធ្វើការងារនៅខេត្តត្រាត ប្រទេសថៃ បានរីករាយយ៉ាងខ្លាំងពេលដែលបានឆ្លងដែនមកប្រទេសកំណើតឆ្នាំនេះ មិនតម្រូវឱ្យមានការបង់ថវិកាលើសេវានានារបស់ថៃ។ ធៀបនឹងឆ្នាំទៅៗ ក្នុង១ម្នាក់ក៏ត្រូវចំណាយថវិកា១២០០០០រៀល ឬ១.០០០បាត ដើម្បីចាយទៅសេវារដ្ឋបាលមួយនេះ។ តំណាងពលករដដែល សូមថ្លែងអំណអរគុណដល់សម្តេចធិបតីនាយករដ្ឋមន្រ្តី និងក្រសួងពាក់ព័ន្ធដែលជួយសម្របសម្រួលមិនឱ្យមានការយកថ្លៃសេវាឆ្លងដែនឆ្នាំ ហើយក៏សង្ឃឹមថា ឆ្នាំក្រោយៗទៀតនឹងមិនយកថ្លៃសេវាផងដែរ៕

website_news/20240403_04.txt · Last modified: 2024/04/10 14:58 by kun keorasmey

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki