website_news:20240404_06

ពលករ​ខ្មែរ​មួយចំនួន​ត្អូញត្អែរ​គ្មាន​លុយ​មក​លេង​​ចូល​ឆ្នាំ ខណៈ​មន្ត្រី​ព្រំដែន​បន្ត​កៀប​យក​លុយ

ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ប្រពៃណី​ខ្មែរ​ខិត​ជិត​មក​ដល់​នេះ ពលករ​ខ្មែរ​មួយ​ចំនួន ដែល​កំពុង​ធ្វើការ​នៅ​ប្រទេស​ថៃ មិន​បាន​ត្រឡប់​មកលេង​ស្រុកកំណើត​ឡើយ​ពីព្រោះ​រកលុយ​មិនសូវ​បាន​។ ពួកគាត់​ថា បើ​ទោះជា​អាជ្ញាធរ​ថៃ​មិន​យក​ថ្លៃ​ទិដ្ឋាការ​ពី​ពលករ​ក្ដី ក៏​អាជ្ញាធរ​ខ្មែរ​នៅ​តាម​ច្រកព្រំដែន​នៅតែ​គាបសង្កត់​យក​លុយ​ពី​ពលករ​ដដែល។

ពលករ​ខ្មែរ​ធ្វើការ​នៅ​ប្រទេស​ថៃ​មួយ​ចំនួន​ត្អូញត្អែរ​ពី​បញ្ហា​ជីវភាព ខណៈ​បុណ្យ​ចូល​ឆ្នាំថ្មី​ខាងមុខនេះ​ពួកគាត់​មិន​បាន​ត្រឡប់​ទៅ​ស្រុកកំណើត​ជួបជុំ​សាច់ញាតិ​ឡើយ ដោយសារ​បញ្ហា​ពុករលួយ​នៅ​តាម​ច្រកព្រំដែន។

ពលករ​ខ្មែរ​ធ្វើការ​នៅ​ទីក្រុង​បាងកក (Bangkok) មាន​ស្រុកកំណើត​នៅ​ខេត្តតាកែវ លោក អ៊ុន សុខណា ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី​៣ ខែ​មេសា ថា បុណ្យចូលឆ្នាំ​ខ្មែរ​ខាងមុខនេះ​លោក​មិនបាន​ទៅលេង​ស្រុកកំណើត​នោះ​ទេ ដោយសារ​មាន​អ្នក​ឆ្លងដែន​ទៅ​មុនៗ​ត្រូវ​បាន​នគរបាល​អន្តោប្រវេសន៍​នៅ​តាម​ច្រក​ព្រំដែន​ចាំ​ទារប្រាក់​។ លោក​ថា ដោយសារ​បញ្ហា​អំពើពុករលួយ​នៅ​តាម​ច្រកព្រំដែន និង​រក​​ប្រាក់​មិនសូវ​បាន​ផង​នោះ​ធ្វើ​ឱ្យ​លោក​ខកខាន​មិនបាន​ជួបជុំ​ក្រុម​គ្រួសារ​រយៈពេល​២​ឆ្នាំ​ជាប់ៗ​គ្នា​មក​ហើយ។

លោក អ៊ុន សុខណា៖ «ទោះបីជា​រដ្ឋាភិបាល​ប្រកាស​មិន​ឱ្យ​យក​ក៏​ពួក​ខិលខូច​មួយចំនួន​នៅ​ព្រំដែន​ហ្នឹង​នៅតែ​កេងប្រវ័ញ្ច​យក​ពី​ពលករ​ដដែល​ហ្នឹង​។ ពីព្រោះ​គាត់​មាន​លេស​និយាយ​ចេះ​ពួក​យើង​ចេញទៅ​ផ្ទះ​ចង់​ដំណើរ​ទៅ​លឿន​ដល់​ហើយ​គាត់​យក​លេស​កាក់​បងប្អូន​យើង​ទុក​មួយ​ម៉ោង​២​ម៉ោង​អ៊ីចឹង​ទៅ​ឱ្យ​ពន្យារពេល​យើង​ឱ្យ​យើង​ភ័យ​ឱ្យ​យើង​ព្រួយបារម្ភ​ដើម្បី​ឱ្យ​យើង​ឱ្យ​លុយ​ទៅ​វា​រហ័ស»។

ដោយឡែក​ពលករ​ធ្វើការ​នៅ​ខេត្ត​សាមុតប្រាកាន (Samut Prakan) ប្រទេស​ថៃ លោក សារឿង គន្ធរ ថ្លែង​ថា លោក​មិន​បាន​ត្រឡប់​ទៅ​ស្រុកកំណើត​នោះ​ទេ ដោយសារ​គ្មាន​ប្រាក់​សម្រាប់​ចំណាយ​លើ​ថ្លៃ​ដឹក​អីវ៉ាន់ និង​រថយន្តឈ្នួល​។ លោក​បន្ត​ថា នៅពេល​លោក​ទៅ​លេង​ស្រុកកំណើត​ម្ដងៗ​ត្រូវ​ចំណាយ​យ៉ាងហោចណាស់​ចន្លោះ​ពី ២​ពាន់ ទៅ​៣​ពាន់​ដុល្លារ។

លោក សារឿង គន្ធរ៖ «ឆ្នាំនេះ​វា​ណាមួយ​ការ​ធ្វើ​ដំណើរ​ចេញ​មិន​ដូចជា​យើង​ធ្វើដំណើរ​នៅ​ខ្មែរ​យើង​ពី​ភ្នំពេញ​ទៅ​ខេត្ត​។ វា​ប្រទេស​ឆ្លង​ប្រទេស​វា​ត្រូវការ​ការ​ចំណាយ​ច្រើន​ពី​នេះ​យើង​ទៅ​ម្តង​អ៊ីចឹង​ទៅ​វា​ក៏​ចំណាយ​ច្រើន​ក្នុងឆ្នាំនេះ​អត់​បាន​ទៅ​ទេ​។ យើង​កំណត់​ថា ឱ្យ​ទាប​បំផុត​នោះ​ក៏​៥​ទៅ​៦​ម៉ឺន​បាត​ដែល​នេះ​គ្រាន់តែ​ទាប​បំផុត​ទេ​បើ​យើង​គិត​ជា​ដុល្លារ​ចូល​ជិត​២​ពាន់​ដុល្លារ​បាត់​ហើយ»។

កាល​ពី​ថ្ងៃ​ទី២៦ ខែមីនា រដ្ឋមន្ត្រីក្រសួង​ការងារ​ថៃ លោក ភីផាត រាឆាគិតប្រាកាន (Phiphat Ratchakitprakarn) បាន​ស្នើ​ទៅ​គណៈរដ្ឋមន្ត្រី​ថៃ អនុញ្ញាត​ឱ្យ​ពលករ ៣​សញ្ជាតិ​មាន​ដូចជា កម្ពុជា ឡាវ (Lao) និង​មីយ៉ាន់ម៉ា (Myanmar) អាច​ធ្វើ​ដំណើរ​ទៅលេង​ប្រទេស​កំណើត ក្នុង​អំឡុង​ទេសកា​សង្ក្រាន្ត​ចាប់ពី​ថ្ងៃទី​១ ខែមីនា រហូត​ដល់​ថ្ងៃទី​១៥ ខែ​ឧសភា ដោយ​មិន​ចាំបាច់​ចំណាយ​ថ្លៃ​វាយ​ត្រា​លើ​ឯកសារ​ចេញ ឬ​ឯកសារ​ចូល​ជាថ្មី (Re-entry) ចំនួន ១​ពាន់​បាត ឬ​ប្រហែល ២៨​ដុល្លារ​នោះ​ទេ។វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង​ប្រធាន​អនុព័ន្ធ​ការងារ​អម​ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ លោក ឈឹម វិបុល និង​អគ្គនាយក​អន្តោប្រវេសន៍ នៃ​ក្រសួង​មហាផ្ទៃ លោក សុខ វាសនា ដើម្បី​សុំ​ការ​បកស្រាយ​ជុំវិញ​បញ្ហា​នេះ​បាន​ទេ​នៅ​ថ្ងៃទី​៣ ខែ​មេសា។

ទោះជា​យ៉ាងណា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត កាលពី​ថ្ងៃទី​៣០ ខែ​មីនា ថ្លែង​ថា ការណ៍​ដែល​អាជ្ញាធរ​ថៃ​លើកលែង​មិន​យក​ថ្លៃ​ចំណាយ​លើ​ការ​ធ្វើ​ដំណើរ​ចេញ​-​ចូល​របស់​ពលករ​ខ្មែរ​គឺ​ដោយសារ​លោក​បាន​ស្នើ​ទៅ​នាយករដ្ឋមន្ត្រី​ថៃ លោក សេដ្ឋា ថាវីស៊ីន (Srettha Thvisin)​។ ប៉ុន្តែ​ភាគី​ថៃ​មិន​បាន​បញ្ជាក់​ថា ការលើកលែង​ការ​យកថ្លៃ​ចំណាយ​លើ​ពលករ​ខ្មែរ ឡាវ (Lao) និង​មីយ៉ាន់ម៉ា (Myanmar) នេះ​គឺ​ដោយសារ​ការ​ស្នើសុំ​របស់ លោក ហ៊ុន ម៉ាណែត ឡើយ។

ខណៈ​ដែល​ពលករ​ខ្មែរ​មិន​បាន​ត្រឡប់​ទៅ​លេង​ស្រុក​កំណើត​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ ក៏​មាន​ពលករ​ខ្មែរ​ជាច្រើន​នាក់​នាំគ្នា​សម្រុក​ទៅ​លេង​ចូលឆ្នាំ​ខ្មែរ។ ពលករ​ខ្មែរ​ទាំងនោះ​ដោយ​អ្នកខ្លះ​បីកូន​តូច និង​អ្នក​ខ្លះទៀត ដៃ​កាន់​កាបូប​អូស​រយីងរយោង​ពេញ​ផ្លូវ​ក្នុង​ទឹកមុខ​ស្រពោន​ដោយសារតែ​នឿយហត់​ក្នុង​ការ​រង់ចាំ​ចេញពី​ច្រក​ព្រំដែន។

របាយការណ៍​របស់​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​គិត​ត្រឹម​ថ្ងៃទី២ ខែ​មេសា បង្ហាញ​ថា មាន​ពលករ​ខ្មែរ​បាន​ធ្វើ​ដំណើរ​វិលត្រឡប់​ចូល​ស្រុក​វិញ នៅ​តាម​បណ្ដា​ប៉ុស្តិ៍​នគរបាល​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​សរុប​ចំនួន​ជាង ២​ម៉ឺន​នាក់ (២៧.៩៤៦)។

ជុំវិញ​បញ្ហា​នេះ មន្ត្រី​ផ្នែក​ការពារ​សិទ្ធិ​ពលករ​ចំណាកស្រុក នៃ​អង្គការ​សង់ត្រាល់ (CENTRAL) ប្រចាំ​នៅ​ប្រទេស​ថៃ លោក លឹង សុផុន កត់សម្គាល់​ឃើញ​ថា មាន​ពលករ​សម្រុក​មក​លេង​ស្រុកកំណើត​ច្រើន​។ លោក​ថា ថ្វី​ត្បិត​អាជ្ញាធរ​ថៃ​មិន​យក​ថ្លៃ​ចំណេញ​លើ​ទិដ្ឋាការ​ក្ដី ក៏​ពលករ​ខ្លះ​ពុំ​មាន​ទិដ្ឋាការ​នៅតែ​មិន​អាច​ធ្វើដំណើរ​ទៅ​ស្រុក​កំណើត​បាន​ដដែល។

លោក លឹង សុផុន៖ «កន្លងមក​យើង​ឃើញ​ថា ពួកគាត់​ការ​ចេញចូល​អ៊ីចឹង​ដែរ​។ ប៉ុន្តែ​ទាក់ទង​ទៅ​នឹង​ការ​ចំណាយ​វា​ច្រើន​ប្រសិនបើ​យើង​បន្ថយ​ក្នុង​ការ​ចំណាយ ឬក៏​រដ្ឋាភិបាល​ជួយ​មាន​វិធានការ​ណាមួយ​ផ្សេង​ដើម្បី​បន្ធូរបន្ថយ​ចំណាយ​ពួកគាត់​ដូចជា​ដឹក​អីវ៉ាន់​ចេញចូល ឬក៏​អូស​អីវ៉ាន់​ចេញ ហើយ​ធ្វើ​ឱ្យ​ពួកគាត់​បន្ថយ​នូវ​ការ​ចំណាយ​ហ្នឹង​ខ្ញុំ​គិត​ថា វា​ជា​រឿង​ល្អ​ប្រសើរ​ហើយ»។

ពលករ​ខ្មែរ​ធ្វើ​នៅ​ប្រទេស​ថៃ​ស្នើ​ឱ្យ​អាជ្ញាធរ​ខ្មែរ​ជួយ​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​ពាក់ព័ន្ធ​នឹង​ឯកសារ​មួយចំនួន និង​រឹត​បន្តឹង​ការ​អនុវត្ត​ច្បាប់​ពីព្រោះ​នៅ​តាម​ច្រកព្រំដែន​មួយចំនួន​មាន​មន្ត្រី​ពុករលួយ​ចាំ​ទារ​ប្រាក់​ពី​ពួកគាត់៕ ពលករខ្មែរធ្វើការនៅប្រទេសថៃ រង់ចាំ​ឆ្លងដែនចូលមកកម្ពុជា កាលពីថ្ងៃទី៣ ខែ​មេសា ឆ្នាំ​២០២៤។

website_news/20240404_06.txt · Last modified: 2024/04/10 15:32 by kun keorasmey

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki