website_news:20240405_04

ជួញដូរមនុស្ស និងសម្អាតប្រាក់៖តុលាការខេត្តសៀមរាបកាត់ទោសជនជាតិខ្មែរ និងវៀតណាមឱ្យជាប់គុកពី១៥ដល់២៥ឆ្នាំ

នៅថ្ងៃទី០៣ ខែមេសា សាលាដំបូងខេត្តសៀមរាបបានសម្រេចផ្តន្ទាទោសជនជាតិវៀតណាម១៣នាក់ និងជនជាតិខ្មែរ0៥នាក់ឱ្យជាប់ពន្ធនាគារពី១៥ឆ្នាំដល់២៥ឆ្នាំ។ បុគ្គលទាំង១៨នាក់នេះបានជាប់ចោទពីបទជួញដូរមនុស្ស ចាប់ឃុំឃាំង និងបង្ខាំងមនុស្សដោយខុសច្បាប់ រួមនឹងបទល្មើសលួចឆ្លងដែរខុសច្បាប់ និងសម្អាតប្រាក់នៅកម្ពុជា។ តាមសាលាដំបូងខេត្តសៀមរាប នេះជាសំណុំរឿងព្រហ្មទណ្ឌដែលជនជាប់ទោសទាំង១៨នាក់ប្រព្រឹត្តិកាលពីខែអំឡុងខែកញ្ញា ឆ្នាំ២០២២។

សេចក្តីប្រកាសព័ត៌មានរបស់សាលាដំបូងខេត្តសៀមរាបបានបញ្ជាក់ថា តុលាការសម្រេចដាក់ទោសជនជាប់ចោទ៣នាក់ឱ្យជាប់ពន្ធនាគារ២៥ឆ្នាំ ជនជាប់ចោទ៩នាក់ឪ្យជាប់ពន្ធនាគារចំនួន២០ឆ្នាំ និងជនជាប់ចោទ៥នាក់ផ្សេងទៀតឱ្យជាប់ពន្ធនាគាររយៈពេល១៥ឆ្នាំ។ ជនជាប់ចោទទាំង ១៧នាក់នេះបានជាប់ទោសពីបទលក់ដូរមនុស្សដោយមានគោលដៅ ចាប់ឃុំឃាំង និងបង្ខាំងមនុស្សខុសច្បាប់មានស្ថានទម្ងន់ទោស សម្អាតប្រាក់ និងលួចឆ្លងដែនខុសច្បាប់។

ចំណែកជនជាប់ចោទម្នាក់ទៀតត្រូវបានតុលាការខេត្តសៀមរាបសម្រេចឱ្យជាប់ពន្ធនាគាររយៈពេល ០៥ខែពីបទលួចឆ្លងដែនខុសច្បាប់កាលពីអំឡុងឆ្នាំ២០២២។ តាមសាលាដំបូងខេត្តសៀមរាប សមត្ថកិច្ចក៏រឹបអូសបានរបស់របរប្រើប្រាស់មួយចំនួនដូចជា រថយន្តចំនួន០៦គ្រឿង ម៉ូតូចំនួន០១គ្រឿង ទូរស័ព្ទដៃចំនួន១៤គ្រឿង និងគណនីធនាគារចំនួន០៩គណនី រួមទាំងវត្ថុតាងផ្សេងៗដែលជាប់ពាក់ព័ន្ធនឹងបទល្មើសនេះ។

លោក យិន ស្រាង ប្រធានលេខាធិការដ្ឋាននៃសាលាដំបូងខេត្តសៀមរាបបានប្រាប់វិទ្យុបារាំងអន្តរជាតិ RFI ក្នុងថ្ងៃសុក្រ ទី៥ មេសានេះថា ពិរុទ្ធជនទាំង១៨នាក់នឹងត្រូវបញ្ចូលទៅឃុំខ្លួននៅពន្ធនាគារខេត្តសៀមរាប។ តាមលោក យិន ស្រាង ជនជាតិវៀតណាមទាំង១៣នាក់នឹងត្រូវអនុវត្តទោសនៅក្នុងប្រទេសកម្ពុជាសិនទើបបញ្ចូនទៅប្រទេសកំណើតវិញ។ ចំណែកក្រុមប្រឹក្សាជំនុះជម្រះក៏បន្ថែមទោសមួយទៀតដល់ជនជាប់ចោទវៀតណាមទាំង ១៣នាក់ដោយហាមឃាត់ពួកគេមិនឲ្យចូល ឬស្នាក់នៅក្នុងប្រទេសកម្ពុជាជាដាច់ខាត។

សូមជម្រាបថា បទល្មើសមួយនេះជាសំណុំរឿងព្រហ្មទណ្ឌដែលជនជាប់ចោទទាំង ១៨នាក់បានប្រព្រឹត្តនៅក្នុងខេត្តសៀមរាបកាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២២។ តែគឺទើបនៅថ្ងៃទី៣ មេសា ឆ្នាំ ២០២៤ ដែលសាលាដំបូងខេត្តសៀមរាបបានប្រកាសសាលក្រមផ្តន្ទាទោសជនជាប់ចោទទាំង១៨នាក់ បន្ទាប់ពីក្រុមជំនុំជម្រះសាលាដំបូងខេត្តសៀមរាបបានពិនិត្យអង្គហេតុ និងអង្គច្បាប់ រួមនឹងការសួរដេញដោលអស់រយៈពេលជិត២ឆ្នាំ៕

website_news/20240405_04.txt · Last modified: 2024/04/10 15:58 by kun keorasmey

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki