website_news:20240405_09

កម្ពុជា​នឹង​ជួប​ភាគី​ឥណ្ឌា ក្រោយ​ពី​មាន​ការ​លើក​ឡើង អំពី​ការ​ជួញដូរ​ជនជាតិ​ឥណ្ឌា​នៅ​កម្ពុជា

អ្នកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​លោក ស៊្រី រ៉ានឌៀ យ៉ាស្វាល (Shri Randhir Jaiswal) អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​ឥណ្ឌា លោក ស្រ៊ី រ៉ានឌៀ យ៉ាយស្វាល (Shri Randhir Jaiswal) ថ្លែងក្នុងសន្និសីទសារព័ត៌មានមួយ កាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៤។ មន្ត្រី​ជាន់ខ្ពស់​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស នៃ​ក្រសួង​មហាផ្ទៃ អះអាង​ថា កម្ពុជា​នឹង​ជួប​ពិភាក្សា​ជាមួយ​ភាគី​ឥណ្ឌា ក្នុង​ពេល​ឆាប់ៗ នេះ។ ការ​អះអាង​នេះ បន្ទាប់​ពី​រដ្ឋាភិបាល​ឥណ្ឌា កាល​ថ្ងៃ​ទី៤ ខែមេសា លើក​ឡើង​ថា ជនជាតិ​ខ្លួន​ជាង ៥ពាន់​នាក់ កំពុង​ជាប់​នៅ​កម្ពុជា និង​បាន​ព្រមាន​ជា​ថ្មី​ទៀត ដល់​ប្រជាជន​ឥណ្ឌា​ប្រយ័ត្ន​កុំ​ឱ្យ​ធ្លាក់​ខ្លួន​រងគ្រោះ​ជា​អ្នក ដែល​ត្រូវ​គេ​ជួញដូរ ពី​ការ​សន្យា​ផ្ដល់​ឱកាស​ការងារ​រក​ប្រាក់​កម្រៃ​នៅ​ប្រទេស​កម្ពុជា។ មន្ត្រី​ជាន់​ខ្ពស់​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស អំពាវនាវ​ទៅ​ស្ថាន​ទូត​នានា ដែល​ពាក់ព័ន្ធ​ឱ្យ​ផ្ដល់​ព័ត៌មាន និង​ធ្វើ​សហការ ដើម្បី​ស្រាវជ្រាវ​ជួយ​ ជន​រងគ្រោះ។ រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស អ្នកស្រី ជូ ប៊ុនអេង ប្រាប់​វិទ្យុ​អាស៊ី​សេរី នៅ​ថ្ងៃ​ទី៥ មេសា ថា កម្ពុជា​នឹង​ជួប​ជាមួយ​ស្ថាន​ទូត​ឥណ្ឌា នៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ ពីព្រោះ​កម្ពុជា ក៏​ចង់​ឱ្យ​ឥណ្ឌា​បង្ហាញ​ទិន្នន័យ​ជាក់លាក់​ដែរ។ អ្នកស្រី ជូ ប៊ុនអេង៖ «នៅ​ប្រទេស​មួយ​ចំនួន​ក៏​មាន នៅ​ហ្នឹង​ក៏​មាន បាន​គេ​ទាក់ទង ​អូសទាញ​ជន​រង​គ្រោះ​ពី​បណ្ដា​ប្រទេស​ហ្នឹង ក៏​នៅ​មាន។ យើង​ក៏​ចង់​ឱ្យ​មាន​ការ​ជជែក​គ្នា​រវាង​ប្រទេស ដែល​ពាក់ព័ន្ធ​ឬ មួយ​នៅ​ក្នុង​តំបន់​ហ្នឹង ដើម្បី​រក​ឱ្យ​ឃើញ​ថា តើ​មាន​វិធី ដែល​អាច​បង្ការ ឬ​ទប់ស្កាត់ ក៏​ដូចជា រឿង​បង្ក្រាប​សង្គ្រោះ ឬមួយ​ក៏​ផ្ដន្ទាទោស​អី​ហ្នឹង ធ្វើ​យ៉ាង​ម៉េច ឱ្យ​ឯកភាព​គ្នា ឬមួយ​ឱ្យ​វា​គាំទ្រ​គ្នា​ទៅវិញ​ទៅ​មក។ បើ​សិន​មិន​អ៊ីចឹង​ទេ មាន​ន័យ​ថា ជួន​កាល​អាច​បាត់​ពី​កម្ពុជា​ទៅ​ចេញ​នៅ​ប្រទេស​ណា​ផ្សេង​ទៀត ហើយ​ពី​ប្រទេស​នោះ អាច​មក​កម្ពុជា​ទៀត»។ កាល​ពី​ថ្ងៃ​ទី២៨ ខែមីនា សារព័ត៌មាន The Indian Express បាន​រាយការណ៍​ថា ជនជាតិ​ឥណ្ឌា​ជាង ៥ពាន់​នាក់ ត្រូវ​បាន​ឃុំខ្លួន និង​ធ្វើ​ទារុណកម្ម បង្ខំ​ឱ្យ​ធ្វើការ​ឆបោក​តាម​ប្រព័ន្ធ​អ៊ីនធឹណិត។ ជាមួយ​គ្នា​នេះ រដ្ឋាភិបាល​ឥណ្ឌា​ប៉ាន់​ប្រមាណ​ថា អ្នក​ទាំង​នោះ បាន​ឆបោក​លុយ​យ៉ាង​តិច ៧០លាន​ដុល្លារ ពី​ប្រជាជន​នៅ ក្នុង​ប្រទេស​ឥណ្ឌា ក្នុង​រយៈ​ពេល ៦ខែ ចុង​ក្រោយ​នេះ។ ក្រសួង​ការ​បរទេស​ឥណ្ឌា​ថា ខ្លួន​កំពុង​ធ្វើ​បេសកកម្ម​នៅ​ទី​ក្រុង​ភ្នំពេញ ដោយ ​សហការ​ជិត​ស្និទ្ធ​ជាមួយ​អាជ្ញាធរ​កម្ពុជា ដើម្បី​ដោះស្រាយ​បញ្ហា​នេះ និង​ ផ្ដល់​ជំនួយ​ដល់​ជនជាតិ​ឥណ្ឌា ដែល​រង​ផល​ប៉ះពាល់។ យោង​តាម The Indian Express នៅ​ថ្ងៃ​ទី៥ ខែមេសា ឱ្យ​ដឹង​ថា ក្រសួង​មហាផ្ទៃ​ឥណ្ឌា កាល​ពី​ខែមុន បាន​បើក​កិច្ច​ប្រជុំ​ជាមួយ​ស្ថាប័ន​ជំនាញ​នានា របស់​ឥណ្ឌា ដើម្បី​រៀបចំ​យុទ្ធសាស្ត្រ ក្នុង​ការ​ជួយ​សង្គ្រោះ​ជនជាតិ​ឥណ្ឌា ដែល​កំពុង​ជាប់​នៅ​ប្រទេស​កម្ពុជា។ ភ្នាក់ងារ​កណ្ដាល​របស់​ឥណ្ឌា​ស៊ើបអង្កេត​ឃើញ​ថា ជនជាតិ​ឥណ្ឌា​ទាំង​នេះ ចាញ់​បោក​នៅ​កម្ពុជា ក្រោម​លេស​នៃ​ការ​ផ្ដល់​ការងារ​បញ្ចូល​ ទិន្នន័យ ប៉ុន្តែ​ជាក់​ស្ដែង ជា​ការ​បង្ខំ​ឱ្យ​ពួកគេ អនុវត្ត​ការងារ​ឆបោក​តាម​អ៊ីនធឺណិត។ ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព លោក យង់ គឹមអេង លើក​ឡើង​ថា បទល្មើស​បង្ខំ​មនុស្ស ឱ្យ​ឆបោក​តាម​អ៊ីនធឺណិត​បន្ត​កើត​ឡើង​នៅ​កម្ពុជា ទំនង​ដោយសារ​តែ​ក្រុម​ឧក្រិដ្ឋជន​យល់​ថា ការ​អនុវត្ត​ច្បាប់​នៅ​កម្ពុជា មិន​ទាន់​តឹង​រ៉ឹង ដែល​ជា​ឱកាស​សម្រាប់​ពួក​គេ​ប្រព្រឹត្ត​បទល្មើស។ លោក យង់ គិមអេង៖ «ករណី​នេះ កើត​មាន​អ៊ីចឹង​មែន គឺ​អាច​ស្វែង​រក​ឱ្យ​មាន​កិច្ច​សហប្រតិបត្តិការ​ជា​លក្ខណៈ​អន្តរជាតិ​ថែម​ទៀត។ ខ្ញុំ​យល់​ថា ភាគី​កម្ពុជា​នឹង​ក៏​បាន​ព័ត៌មាន​កាន់​តែ​ច្បាស់ ហើយ​ក៏​អាច​នឹង​បាន​ជា​តម្រុយ និង​វិធី​ក្នុង​ការ​ចាត់​វិធានការ​ផ្សេងៗ ទៀត ពីព្រោះ​កាល​ណា​ដឹង​ពី​តម្រុយ ដឹង​ពី​ព័ត៌មាន​ពិត​ងាយ​ស្រួល​ចាត់​វិធានការ ហើយ​នឹង​រិះរក​វិធី​ថ្មីៗ ថែម​ទៀត ដើម្បី​ចាត់​វិធានការ ដើម្បី​បង្ការ​ទប់ស្កាត់ កុំ​ឱ្យ​បញ្ហា​ជួញ​ដូរ​មនុស្ស​កើត​ឡើង​ត​ទៅ​ទៀត»។ របាយការណ៍​ចុង​ក្រោយ​របស់​ក្រសួង​ការ​បរទេស​អាមេរិក កាល​ពី​ឆ្នាំ២០២៣ ឱ្យ​ដឹង​ថា កម្ពុជា​ស្ថិត​ក្នុង​ចំណោម​ប្រទេស​ចំនួន២៤ ដែល​ជាប់​ចំណាត់​ថ្នាក់​កម្រិត​ទី៣ ពាក់ព័ន្ធ​នឹង​ការ​ជួញដូរ​មនុស្ស។ កម្រិត​ទី៣ នេះ គឺ​ជា​ចំណាត់​ថ្នាក់​ដ៏ អាក្រក់​បំផុត ដែល​កំណត់​ដោយ​ក្រសួង​ការ​បរទេស​អាមេរិក។ ចំណែក អង្គការ​សហប្រជាជាតិ (UN) កាល​ពី​ខែសីហា ឆ្នាំ២០២៣ បង្ហាញ​ថា នៅ​កម្ពុជា​មាន​មនុស្ស​យ៉ាង​ហោច​ណាស់ ១០ម៉ឺននាក់ កំពុង​រង​គ្រោះ ដោយ​ធ្វើការ​ជា​អ្នក​បោកប្រាស់​តាម​អ៊ិនធឹណិត ដែល​ជន​រង​គ្រោះ​ប្រឈម​មុខ​នឹង​ការ​រំលោភ​បំពាន គំរាម​កំហែង ទទួល​រង​ការ​ធ្វើ​ទារុណកម្ម អំពើ​ហិង្សា​ផ្លូវ​ភេទ និង​ការ​រំលោភ​សិទ្ធិ​មនុស្ស​ផ្សេងៗ ទៀត៕

website_news/20240405_09.txt · Last modified: 2024/04/18 17:02 by kun keorasmey

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki