website_news:20240406_01

ប៉ូលិស សិង្ហបុរី ហុងកុង និងកូរ៉េខាងត្បូង ចាប់ខ្លួនជនសង្ស័យ ២៧២ នាក់ ករណីផ្ទុករូបភាព-វីដេអូអាសអាភាសកុមារ

ប៉ូលិសនៅក្នុងប្រទេសសិង្ហបុរី ហុងកុង និងកូរ៉េខាងត្បូងបានព្រួតដៃសហការគ្នាចាប់ខ្លួនមនុស្សចំនួន ២៧២ នាក់ក្រោមបទសង្ស័យផ្ទុករូបភាពអាសអាភាសរបស់កុមារ និងការកេងប្រវ័ញ្ចផ្លូវភេទ ។​ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី​៦ ខែមេសានេះ ។ ជនសង្ស័យដែលមានអាយុចន្លោះពី ១២ ទៅ ៧៣ ឆ្នាំត្រូវបានចាប់ខ្លួនក្នុងប្រតិបត្តិការរយៈពេល ៥ សប្តាហ៍ចាប់ពីថ្ងៃទី ២៦ ខែកុម្ភៈដល់ថ្ងៃទី ២៩ ខែមីនា ក្នុងអំឡុងពេលដែលអាជ្ញាធរបានឆ្មក់ចូលទីតាំងសរុបចំនួន ២៣៦ កន្លែង ។ នៅប្រទេសសិង្ហបុរី មនុស្សចំនួន ២៨ នាក់ត្រូវបានចាប់ខ្លួនពីបទប្រព្រឹត្តិបទល្មើសផ្សេងៗ ដូចជាការចែកចាយសម្ភារៈបំពានលើកុមារ ទំនាក់ទំនងផ្លូវភេទជាមួយអនីតិជន និងការលក់សម្ភារៈអាសអាភាសជាដើម ។ ចំណែកនៅទីក្រុងហុងកុង បុរស ១៣ នាក់ត្រូវបានចាប់ខ្លួន ខណៈមន្ត្រីរឹបអូសបានវីដេអូអាសអាភាសចំនួន ៩៧២ ឃ្លីបផងដែរ ។ យោងតាមកងកម្លាំងប៉ូលិសសិង្ហបុរី (SPF) បានឲ្យដឹងថា ឧបករណ៍អេឡិចត្រូនិចរាប់សិបគ្រឿងត្រូវបានរឹបអូសនៅទីតាំងចំនួន ៤៤ កន្លែងក្នុងប្រទេសសិង្ហបុរី ហើយវត្ថុទាំងនោះរួមមាន កុំព្យូទ័រចំនួន ៥០ គ្រឿង ទូរស័ព្ទដៃចំនួន ៣៩ គ្រឿង និងឧបករណ៍ផ្ទុកទិន្នន័យចំនួន ៩១ គ្រឿង ។ គួរបញ្ជាក់ថា ការរីកសាយភាយនៃបណ្ដាញអ៊ីនធឺណិត ក៏ដូចជាការអភិវឌ្ឍន៍យ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យាទំនើបៗផ្សេងទៀត បានធ្វើឲ្យមានការចែកចាយយ៉ាងឆាប់រហ័សនៃសម្ភារៈបំពានលើកុមារនៅទូទាំងពិភពលោក ៕

website_news/20240406_01.txt · Last modified: 2024/04/18 15:58 by kun keorasmey

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki