website_news:20240407_03

មន្ត្រីកម្ពុជា​ ចុះជួយសម្រួល នីតិវិធីឯកសារ ជូនពលរដ្ឋខ្មែរ នៅច្រកភាគីថៃ ដើម្បីពន្លឿនការវិលត្រឡប់ ចូលកម្ពុជា សម្រាប់ពិធីបុណ្យចូលឆ្នាំ

  • https://fna.asia/30824fd មន្ត្រីកម្ពុជាចុះជួយសម្រួលនីតិវិធីឯកសារជូនពលរដ្ឋខ្មែរនៅច្រកភាគីថៃ ដើម្បីពន្លឿនការវិលត្រឡប់ចូលកម្ពុជា សម្រាប់ពិធីបុណ្យចូលឆ្នាំ

ភ្នំពេញ៖ លោក សាន គីមហុង អនុរដ្ឋលេខាធិការ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលជាប្រធានក្រុមការងារ នៅច្រកទ្វារអន្តរជាតិ ប៉ោយប៉ែត-បាងក្លងលឹក បានឱ្យដឹងថា នៅថ្ងៃអាទិត្យទី៧ ខែមេសានេះ មន្ត្រីកម្ពុជាដែលរួមមាន អគ្គកុងស៊ុល មន្ត្រីក្រសួងការងារ អនុព័ន្ធការងារ អមស្ថានទូតកម្ពុជានៅថៃ និងអាជ្ញាធរពាក់ព័ន្ធបានចុះជួយ សម្របសម្រួលផ្នែកឯកសារ ដល់ពលរដ្ឋខ្មែរនៅច្រកព្រំដែន ខាងប្រទេសថៃ ដែលជាទីត្រូវបំពេញនីតិវិធី មុនពេលបានចាកចេញមកកម្ពុជា ខណៈដែលពលរដ្ឋខ្មែរ កាន់តែច្រើនបានសម្រុក ចាកចេញមកស្រុកកំណើត សម្រាប់ពិធីបុណ្យចូលឆ្នាំ ប្រពៃណីជាតិខាងមុខ ។ លោក សាន គីមហុង អនុរដ្ឋលេខាធិការ និងជាប្រធានក្រុមការងារ នៅច្រកទ្វារអន្តរជាតិ ប៉ោយប៉ែត-បាងក្លងលឹក លើកឡើងថា ៖ «មន្ត្រីយើង បានចុះទៅជួយសម្រួលឯកសារ ដល់បងប្អូនពលករ ដើម្បីឱ្យគាត់ចេញមកបានលឿន រហ័ស ដោយមិនអស់ថរិកាអ្វីទាំងអស់»។ ការដាក់មន្ត្រីសម្របសម្រួលនេះ គឺធ្វើឡើងដើម្បីផ្តល់ភាពងាយស្រួល ជូនប្រជាពលរដ្ឋខ្មែរ ដែលវិលមកកម្ពុជាវិញដោយឥតគិតថ្លៃ តាមការព្រមព្រៀង រវាងប្រមុខរដ្ឋាភិបាលកម្ពុជា-ថៃ ដែលជាកាដូ ជូនពលរដ្ឋទាំងសងខាង សម្រាប់ពិធីបុណ្យចូលឆ្នាំ ប្រពៃណីជាតិ ទៅតាមគំនិតផ្តួចផ្តើម របស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កាលពីខែកុម្ភៈកន្លងទៅថ្មីៗនេះ ក្នុងពេលជំនួបផ្លូវការ រវាងមេដឹកនាំទាំងពីរ នៅទីក្រុងបាងកក ។ បើយោងតាមសេចក្តីប្រកាស របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃនៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៤ ពលរដ្ឋខ្មែរដែលធ្វើដំណើរ ត្រឡប់ពីប្រទេសថៃវិញ មានចំនួនជាង៩ម៉ឺន៧ពាន់នាក់ ខណៈដែលពលករមានជាង៣ម៉ឺន១ពាន់នាក់៕

website_news/20240407_03.txt · Last modified: 2024/04/18 16:37 by kun keorasmey

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki