website_news:20240408_01

ពលករខ្មែរធ្វើការនៅប្រទេសថៃនាំគ្នាសម្រុកមកលេងស្រុកកំណើត​មួយថ្ងៃៗរាប់ពាន់នាក់តាមច្រកព្រំដែនក្នុងខេត្តបាត់ដំបង

ខណៈពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខិតជិតមកដល់ប្រជាពលរដ្ឋដែលចំណាកស្រុកទៅធ្វើការនៅប្រទេស​ថៃ​បាននាំគ្នាសម្រុកត្រឡប់មកស្រុកកំណើតវិញដើម្បីជួបជុំគ្រួសារចាប់តាំងពីដើមខែមេសា ឆ្នាំ​២០២៤មក ក្នុងមួយថ្ងៃៗរាប់ពាន់នាក់​តាមបណ្តាច្រកព្រំដែនក្នុង​ខេត្ត​បាត់ដំបង​។

ប្រជាពលរដ្ឋចាស់ក្មេង​ប្រុសស្រីខ្លះមានស្ពាយកាបូប ខ្លះយួរឥវ៉ាន់ឈរ​តម្រង់ជួរ​ឆ្លងកាត់​ការ​ត្រួតពិនិត្យពីមន្រ្តីច្រក ទ្វារព្រំដែនថៃនិងកម្ពុជានៅច្រកអន្តរជាតិដូងដែលស្ថិតនៅស្រុកកំរៀង ខេត្តបាត់ដំបងជាប់​ជាមួយខេត្តចាន់បូរីប្រទេសថៃ។

ស្ថិតក្នុងវ័យ៣០ឆ្នាំផ្លាយ សម្បុរស្រអែមស្គមខ្ពស់ពលករខ្មែរម្នាក់អ្នកស្រី កាន់ ឈៀត ទើបឆ្លង​កាត់ផុតច្រកទ្វារ ព្រំដែនចូលមកទឹកដីខ្មែរបាននិយាយថា ​គាត់និងស្វាមីនាំគ្នាវិលមក​ស្រុក​កំណើត​វិញនៅឯស្រុកសង្កែ ខេត្តបាត់ដំបង ដើម្បីជួបជុំគ្រួសារនិងកូនបីនាក់​របស់គាត់ដែល​ផ្ញើនឹងម្តាយ ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិខាងមុខនេះ។

អ្នកស្រី ឈៀត បន្ថែមថា៖ «ខ្ញុំនិងប្តីមកធ្វើការនៅក្រុងថេបប្រទេសថៃបាន១ឆ្នាំហើយផ្នែក​តទុយោទឹក ត្រឡប់មកខ្មែរវិញនេះដើម្បីចូលឆ្នាំ ណាមួយនឹកកូនផង ពួកខ្ញុំនឹងត្រឡប់​ទៅ​ថៃវិញ​ចុងខែ៤ក្រោយចូលឆ្នាំរួច ព្រោះសុំច្បាប់ថៅកែបានយូរដែរ»។

ស្ពាយកាបូបក្រហម និងមានវ៉ាលីក្បែរខ្លួនផងអ្នកស្រី កាន់ ឈៀត ដែលកំពុងអង្គុយចាំប្តី​បាន​និយាយថា មកដល់ព្រំដែនគាត់ត្រូវបានមន្រ្តីខាងភាគីថៃបំបែកពួកគាត់ដោយសារតែលិខិត​ឆ្លងដែន​ប្តីរបស់គាត់ ខូចវីសាត្រូវបញ្ជូនទៅពិនិត្យឯកសារ និងរៀបចំសំណុំបែបបទមុន​បញ្ជូន​មកមន្រ្តីច្រកទ្វារកម្ពុជាធ្វើការអប់រំ។

ពលករខ្មែរខាងលើបន្ថែមថាពួកគាត់ត្រូវចំណាយច្រើនសម្រាប់ការធ្វើដំណើរហូបចុកទំរាំមក​ដល់​ស្រុកកំណើត គឺយ៉ាងហោចណាស់អស់២០០០បាតក្នុងម្នាក់ (ជាង២០ម៉ឺនរៀល) សម្រាប់​អ្នកមានឯកសារត្រឹមត្រូវ បើអ្នកដែលគ្មានលិខិតឆ្លងដែនគឺអស់ច្រើនជាងនេះ។

អ្នកស្រី ឈៀត បន្តឱ្យដឹងថា៖ «ខ្ញុំជិះឡានពីថៃមកដល់ព្រំដែនគេយក៧០០បាតទាំងអីវ៉ាន់ មក​ដល់ច្រកទ្វារ ខាងថៃយកថ្លៃវាយឯកសារ​១០០បាតទៀត​និងចំណាយថ្លៃដឹក​អីវ៉ាន់ឆ្លងកាត់​ច្រកទ្វារតាមឡានអស់២០០បាត និងថ្លៃឡានជិះទៅស្រុកគេទារម្នាក់៥ម៉ឺនរៀល ចំណែកប្តីខ្ញុំ​អត់វីសារថៃគេទា៣០០បាតនិងចំណាយផ្សេងទៀត»។

ពលករខ្មែរម្នាក់ទៀតឈ្មោះ ផេក ម៉ាយ វ័យ៤៤ឆ្នាំ កំពុងដើរសំដៅទៅរករថយន្តឈ្នួលដើម្បី​ជិះវិលត្រឡប់ទៅស្រុកវិញ​នៅឯខេត្តបន្ទាយមានជ័យ បាននិយាយថា គាត់ឆ្លងដែន​ទៅធ្វើ​ការងារ​នៅប្រទេសថៃដោយខុសច្បាប់ពេលត្រឡប់មកស្រុកវិញត្រូវចំណាយអស់សាហ៊ុយ​ច្រើនទំរាំបានទៅដល់ស្រុកកំណើត។

អ្នកស្រី ម៉ាយ បន្ថែមថា គ្រាន់តែថ្លៃរថយន្តឈ្នួលពីកន្លែងការងារនៅប្រទេសថៃ​មក​ព្រំដែន​ច្រក​អន្តរជាតិ​ដូងតៃកុងឡានថៃទាគាត់ចំនួន១២០០បាត[ប្រហែលជាង១០ម៉ឺនរៀល]ដោយសារតែគាត់គ្មានលិខិត​ឆ្លង​ដែន​​ដោយតៃកុងឡានគេជាអ្នករ៉ាប់រងថ្លៃរត់ការបង់លុយឱ្យតម្រួតថៃតាមផ្លូវ។

អ្នកស្រីបន្ថែមថា៖ «ខ្មែរយើងខ្លះក្រុមហ៊ុនគេមិនទាន់សម្រាកពួកគាត់មិនទាន់មក ក្រុមខ្ញុំ​៩នាក់​ធ្វើដំណើរមកស្រុកកំណើតជុំគ្នាដើម្បីចូលឆ្នាំខ្មែរម្នាក់ៗចំណាយច្រើនទំរាំដល់ស្រុក»។

ដោយឡែកពលករម្នាក់ទៀតដែលត្រឡប់មកពីប្រទេសថៃឆ្លងកាត់តាមច្រកអន្តរជាតិគីឡូ១៣(ភ្នំដី)​​ស្ថិតនៅស្រុកសំពៅលូនខេត្តបាត់ដំបងវិញ លោក​ សេង ថៃលាភ វ័យ២៩ឆ្នាំ​ បាន​ឱ្យដឹង​ថា គាត់នឹងប្រពន្ធមកធ្វើការនៅ ប្រទេសថៃ៤ឆ្នាំជាងហើយ មិនដែលបានត្រឡប់​ទៅលេង​ផ្ទះ​ឯ​ស្រុកក្រឡាញ់ ខេត្តសៀមរាប នោះទេ។

លោក ថៃលាភ បន្តថា គាត់នឹងប្រពន្ធបានសុំច្បាប់ថៅកែ២សប្តាហ៍​ដើម្បីបានមកលេងស្រុក​ក្នុងឱកាសបុណ្យចូលឆ្នាំ ប្រពៃណីខ្មែរព្រោះខានមកយូរឆ្នាំ ហើយណាមួយនឹកឪពុកម្តាយ​ និង​បងប្អូនផង។

លោក ថៃលាភ ក៏បានត្អូញត្អែរពីការចំណាយច្រើនក្នុងការធ្វើដំណើរ​ត្រឡប់ទៅ​ស្រុកកំណើត​វិញដូចពលករខាងលើដែរដោយគ្រាន់តែជិះឡានពីខេត្តចាន់បូរី ប្រទេសថៃ មកព្រំដែន​គេយក​ម្នាក់៧០០បាតទាំងអីវ៉ាន់ ពេលមកដល់ ព្រំដែនត្រូវ​ចំណាយ​លើការវាយ​ឯកសារ​១០០​បាត​បន្ថែម​និងថ្លៃដឹកជញ្ជូនអីវ៉ាន់ឆ្លងកាត់ព្រំដែន១ការ៉ុង១០០បាតរឺ២០០បាត​តាមទំហំអីវ៉ាន់​តិច​រឺ​ច្រើនទៀត។

លោក ថៃលាភ បន្ថែមថា៖ «ខ្ញុំឃើញពលករខ្លះអត់ឯកសារតៃកុងឡានថៃទាម្នាក់១៣០០បាត​ទៅ​១៥០០បាត ពលករខ្មែរ​យើងត្រៀមមកច្រើនណាស់ខ្លះមកមុន ខ្លះថាមកតាម​ក្រោយ​ព្រោះ​កន្លែងធ្វើការ​គេមិន​ទាន់​សម្រាក កៀកចូលឆ្នាំនឹងមកច្រើន»។ ជុំវិញការវិលត្រឡប់របស់ពលករខ្មែរមកស្រុកកំណើតខាងលើនេះលោក ខុង យ៉ាត់លួង ប្រធានស្នាក់ការច្រកទ្វារអន្តរជាតិដូង​បានប្រាប់អ្នកព័ត៌មានថាអំឡុងពេលមុនចូលឆ្នាំខ្មែរ​នេះមានប្រជាពលរដ្ឋខ្មែរបានវិល ត្រឡប់មកស្រុកកំណើតវិញតាមច្រកទ្វារអន្តរជាតិដូង​ក្នុងមួយថ្ងៃរាប់ពាន់នាក់។

លោកបន្តថា គ្រាន់តែរយៈពេល៤ថ្ងៃដើមខែមេសាប្រជាពលរដ្ឋខ្មែរត្រឡប់មកស្រុកកំណើត​វិញតាមច្រកលោកគ្រប់គ្រងចំនួនជាង១៦​ ០០០នាក់ ក្នុងនោះស្រ្តីជាង៦៣០០នាក់ និង​កុមារ​ជាង៧០០នាក់ ។

ប្រធានស្នាក់ការច្រកខាងលើបញ្ជាក់ថា ដោយអនុវត្តន៍តាមការណែនាំរបស់ប្រមុខរដ្ឋាភិបាល​ដែលបានដាក់វិធានការឱ្យមន្រ្តីពាក់ព័ន្ធតាមច្រកព្រំដែនយកចិត្តទុកដាក់ខ្ពស់ក្នុងការសម្រប​សម្រួលដល់បងប្អូនប្រជាពលរដ្ឋដែលទៅធ្វើការនៅប្រទេសថៃត្រឡប់មកស្រុកកំណើតវិញ​ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរដោយមិនមានយកលុយកាក់អ្វីនោះទេ។

បន្ថែមពីនោះរាជរដ្ឋាភិបាលបានស្នើសុំដល់ភាគីថៃលើកលែងកម្រៃសេវាលើវីសាចេញចូល(Re-Entry) រយៈ ពេល៤៥ថ្ងៃដល់ពលករខ្មែរផងដែរ ដោយគិតចាប់ពីថ្ងៃទី១ ខែមេសា ដល់​ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤។

លោក ខុង យ៉ាត់លួង បញ្ជាក់ថា៖ «ភាគីថៃលើកលែងកម្រៃសេវា Re-Entry ៤៥ថ្ងៃមិន​យក​កម្រៃវីសានេះទេ បើលើសថៃនឹងលប់ចោលវីសាដែលគាត់មាន ត្រូវវាយវីសាជាថ្មី ដូច្នេះ​ប្រជាពលរដ្ឋយើងត្រូវត្រឡប់ទៅវិញ ឱ្យទាន់ពេលវេលា ជៀសវាងការចំណាយទៅ​លើការ​វាយវីសាជាថ្មី »។ លោកបន្ថែមថា៖ «ចំពោះប្រជាពលរដ្ឋដែល​ធ្វើការហើយ​សម្រាល​កូននៅ​ទីនោះ ត្រូវត្រឡប់មកកម្ពុជាដើម្បីធ្វើសំបុត្រកំណើត និងធ្វើលិខិតឆ្លងដែនឱ្យបានមុនពេល​ត្រឡប់​ទៅវិញ»។

ទាក់ទងការលើកឡើងរបស់ពលករខ្មែរពេលមកដល់ច្រកទ្វារព្រំដែនចំណាយច្រើននោះ​ប្រធានច្រកខាងលើបញ្ជាក់ទៀតថា ខាងភាគីថៃជាអ្នកយកនោះទេចំណែកមន្រ្តីច្រកកម្ពុជា​មិនមានយកកម្រៃសេវាអ្វីឡើយ។ ដោយឡែកការដឹកជញ្ជូនឥវ៉ាន់សម្ភារៈនានា​ឆ្លងកាត់ព្រំដែន គឺមន្រ្តីខាងផ្សារថៃជាអ្នកកំណត់នោះទេដោយមានរថយន្តខ្មែរនិងថៃដឹកជញ្ជូន ប៉ុន្តែ​ក្រុម​នេះ​ត្រូវមានកិច្ចសន្យាច្បាស់លាស់ គឺមិនបង្កប់អីវ៉ាន់គេចពន្ធ ដឹកតែអីវ៉ាន់ពលករ និងមិនកំណត់ តម្លៃថ្លៃនោះទេ។

លោក ខុង យ៉ាត់លួងបន្តថា៖«យើងបានដាក់លក្ខខ័ណ្ឌលើឡានហ្នឹង គឺដាក់តែឥវ៉ាន់ពលករ កុំកំណត់តម្លៃថ្លៃ កុំំជំរិតទាថ្លៃដឹកឥវ៉ាន់ដែលប្រជាពលរដ្ឋយកតាមខ្លួនផ្ញើ​បងប្អូននៅស្រុក»។ លោកបន្ថែមថា៖« ប៉ុន្តែនៅមានបុគ្គលខិលខូចមួយចំនួនឆ្លៀតឱកាស បង្កព្យុះបង្កភ្លៀងលួច​តម្លើងថ្លៃជំរិតទា បើសមត្ថកិច្ចដឹងនឹងចាប់ខ្លួនរឺ បញ្ឈប់ឱ្យធ្វើអាជីវកម្មនៅច្រកហ្នឹងទៀត»។

ដោយឡែកលោក តេង ចាន់ភារម្យ ប្រធានច្រកអន្តរជាតិគីឡូ១៣(ភ្នំដី)វិញ​បានប្រាប់​ក្រុម​អ្នក​ព័ត៌មានដែរថា រយៈពេល៤ថ្ងៃដើមខែមេសានេះមានប្រជាពលរដ្ឋខ្មែរ​ត្រឡប់មក​ពី​ប្រទេស​ថៃ​មកស្រុកកំណើតវិញតាមច្រករបស់លោកចំនួនជាង៤ពាន់នាក់ ក្នុងនោះស្រ្តីជាង​២ពាន់​នាក់​។

លោកបញ្ជាក់ថាប្រជាពលរដ្ឋដែលត្រឡប់មកពីប្រទេសថៃវិញតាមច្រកលោកគ្រប់គ្រងនេះ​មិនត្រូវចំណាយលុយកាក់ដល់មន្រ្តីប្រចាំច្រកទ្វារនោះទេ ចំណែកអីវ៉ាន់សម្ភារៈតិចតួចអាច​ស្ពាយ​ជាប់ខ្លួនបាន បើសិនមានសម្ភារៈធ្ងន់លើកមិនរួច សំពីងសំពោង គឺមានរទេះ​ស៊ីឈ្នួល​សម្រាប់ដឹក ប៉ុន្តែមិនកំណត់តម្លៃថ្លៃនោះទេ។

លោកបន្ថែមថា៖ «ចំពោះសេវាលុយកាក់គឺមិនមានយកនោះទេ គឺយើងមានការណែនាំហើយ ចំពោះមន្រ្តីណាដែលយកលុយពីប្រជាពលរដ្ឋត្រូវទទួលពិន័យ រឺអាចឈានដកក្របខណ្ឌ​ក៏ថា​បាន»។

ទោះបីយ៉ាងណាប្រធានច្រកខាងលើបានលើកទឹកចិត្តដល់ប្រជាពលរដ្ឋដែលចង់ទៅធ្វើការនៅប្រទេសថៃ រឺប្រទេសនានាត្រូវធ្វើចំណាក​ស្រុកដោយស្របច្បាប់ដើម្បីទទួលបាន​ផល​ប្រយោជន៍​ពេញលេញ។លោកបន្ថែមថាកន្លងមកឃើញមានពលករខ្មែរមួយចំនួនឆ្លងដែនទៅ​ធ្វើការនៅប្រទេសថៃដោយមិនស្របច្បាប់ពួកគាត់ប្រឈមច្រើនដូចជាបាត់បង់​អត្ថប្រយោជន៍​ផ្សេងៗ បាត់បង់ការការពារផ្លូវច្បាប់ និងរស់នៅគ្មានសេរីភាពពេញលេញនៅប្រទេសគេ​ជា​ដើម​។

ទោះបីយ៉ាងណា លោក លឹង សុផុន មន្រ្តីសិទ្ធិការងារទទួលបន្ទុកផ្នែកពលករ​ចំណាក​ស្រុក​នៃអង្គការសង់ត្រាល់ ប្រចាំប្រទេសថៃ បានកត់សម្គាល់ថា ឆ្នាំនេះប្លែកជាងឆ្នាំមុនដោយ​ស្ថានភាពតាមព្រំដែននីមួយៗបងប្អូនពលករខ្មែរឆ្លងដែនទៅធ្វើការនៅប្រទេសថៃបាននាំគ្នា​ត្រឡប់មកស្រុកច្រើនពីមួយថ្ងៃទៅមួយថ្ងៃចាប់ពីថ្ងៃទី១ ខែមេសា ដល់ព្រឹកថ្ងៃ​ទី៨ ខែមេសា។ លោកសង្កេតឃើញមានអាជ្ញាធរ មន្រ្តីស្ថានទូត អនុព័ន្ធការងារបានចុះ ទៅជួយសម្រួល​ដល់​ពលករនៅតាមព្រំដែនមានច្រកអន្តរជាតិដូង ច្រកអន្តរជាតិភ្នំដីនិងច្រកប៉ោយប៉ែតជាដើម។

លោកសុផុនបន្ថែមថា៖ «ពលករដែលត្រឡប់មកមុនច្រើននេះភាគច្រើនផ្នែកខាងនេសាទ និងសំណង់ ចំណែក ខាងរោងចក្រគេឈប់សម្រាក់នៅថ្ងៃទី១១និងទី១២មេសា​ពលករខ្មែរ​នឹងសម្រុកមកស្រុកកាន់តែច្រើនថែមទៀត»។

លោក លឹង សុផុន បានបានឱ្យដឹងថា ខណៈដែលពលករត្រឡប់មកស្រុកដើម្បីចូលរួមពិធី​បុណ្យ​ចូលឆ្នាំប្រពៃណី ខ្មែរដំណាលគ្នារាប់ពាន់ ម៉ឺននាក់នេះធ្វើឱ្យមានការកកស្ទះ​នៅតាម​បណ្តា​ព្រំដែនមិនងាយស្រួល នោះទេ ដោយខ្លះតម្រង់ជួរចាំយូរ និងចំណាយពេលអង្គុយ​ចាំ​ឡានដឹកជញ្ជូន បើទោះបីមានការជួយសម្របសម្រួល ពីអាជ្ញាធរពាក់ព័ន្ធយ៉ាងណាក៏ដោយ។

លោកបន្តថា ពលករបានត្អូញត្អែរផងដែរពីការចំណាយច្រើនលើការធ្វើដំណើរដោយក្រុម​តាក់ស៊ី​បានតម្លើងថ្លៃខុសថ្ងៃធម្មតាដែលតម្លៃត្រឹមតែ៣០០បាត រឺ៣៥០បាត តែពេលពលករ​សម្រុក​មកច្រើនមុនថ្ងៃចូលឆ្នាំនេះគេឡើងថ្លៃច្រើនជាងមុន ហើយពួកគាត់ក៏បានត្អូញត្អែពីការ​ចំណាយ​​ច្រើនលើថ្លៃអូស និងដឹកអីវ៉ាន់ឆ្លងកាត់ព្រំដែនផងដែរ។

លោក សុផុន បានបន្តឱ្យដឹងថា៖ «បើសិនជារដ្ឋាភិបាលមានវិធានការជួយដូចជាផ្តល់​រថយន្ត​រដ្ឋជួយដឹកជញ្ជូនបងប្អូនពលរដ្ឋខ្មែរតាមគោលដៅមួយៗ ខ្ញុំគិតថាជារឿងល្អប្រសើរ ពីព្រោះ​ពលករ​ខ្មែរមកធ្វើការនៅថៃ ការងារលំបាក ប្រាក់ចំណូលមិនសូវបានខ្ពស់​ពេលគាត់ត្រឡប់​មកខ្មែរម្តងៗ ត្រូវចំណាយថ្លៃឡានថ្លៃដឹកអីវ៉ាន់ ហើយណាមួយទៀតចំណាយលើមេខ្យល់​អស់ច្រើនទៀត»។

ពលករខ្មែរអ្នកស្រី កាន់ ឈៀត បានឱ្យដឹងទៀតថា ពួកគាត់ជាពលករស្រុកគេខំធ្វើការ​ហាលថ្ងៃហាលភ្លៀង ញើសជោគប្រាណមិនហ៊ានសម្រាក ដើម្បីសន្សំលុយ​ផ្ញើ​មក​ផ្ទះ និង​ទុកសម្រាប់មកលេងស្រុកកំណើតម្តងៗមិនងាយស្រួលនោះទេ។

អ្នកស្រីសម្តែងការងឿងឆ្ងល់ថា មិនដឹងក្រុមតៃកុងឡាននិងអ្នកដឹកជញ្ជូនអីវ៉ាន់នៅច្រកទ្វារ​ព្រំដែន​គិតយ៉ាងម៉េចនោះទេ ប្រហែលគិតថាប្រជាពលរដ្ឋមកពីថៃ ដូចគ្នាទៅកើបលុយ​ស្រួលៗ ទើបនាំគ្នាទារថ្លៃៗដូច្នេះ។

អ្នកស្រី កាន់ ឈៀត លើកឡើងថា៖ «ជិះឡានមក៥០០បាត អីវ៉ាន់១ធុងល្មម២០០បាត មកដល់ច្រក ដឹកឆ្លងកាត់គេយក២០០បាតទៀត ឯកសារ១០០បាតទៀត ជិះឡាន​ទៅ​ផ្ទះ​ គេយក៥០០បាតទៀត»។

អ្នកស្រីបានសំណូមពរបន្ថែមថា៖ «កុំឃើញគ្នាមកពីថៃ ទៅកើបលុយ កាប់កោរគ្នា ត្រូវ​គិតថាគ្នាធ្វើកម្មករសំណង់ចេញញើសឈាមទំរាំបានលុយមកលេងស្រុកម្តងៗ!»៕

website_news/20240408_01.txt · Last modified: 2024/04/19 15:15 by kun keorasmey

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki