website_news:20240409_02

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចុះជួបជាមួយពលករដែលត្រឡប់ចូលកម្ពុជាវិញ នៅច្រកទ្វារព្រំដែនកម្ពុជា-ថៃ

  • https://fna.asia/c08262c ឧបនាយករដ្ឋមន្ត្រី ស សុខា អញ្ជើញទទួល និងសួរសុខទុក្ខ បងប្អូនពលករខ្មែរ វិលពីប្រទេសថៃ និងសុំការយោគយល់ ប្រសិនត្រូវចំណាយពេលរង់ចាំ

នៅព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤នេះ លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចុះជួបសំណេះ សំណាលជាមួយពលករ និងប្រជាពលរដ្ឋខ្មែរ ដែលវិលត្រឡប់ចូលកម្ពុជាវិញ នៅច្រកទ្វារព្រំដែនអន្តរជាតិកម្ពុជា និងថៃ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។ អមដំណើរលោកឧបនាយករដ្ឋមន្ត្រី ស សុខា ក៏មានវត្តមានលោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោក សុខ វាសនា អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ព្រមទាំងអាជ្ញាធរខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ។ ច្រកទ្វារព្រំដែនអន្តរជាតិកម្ពុជា និងថៃ ដែលប្រតិភូចុះនោះ គឺច្រកទ្វារព្រំដែនអន្តរជាតិដូង ក្នុងស្រុកកំរៀង ខេត្តបាត់ដំបង និងច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ក្នុងខេត្តបន្ទាយមានជ័យ។ អនុវត្តតាមស្មារតី​នៃការព្រមព្រៀងគ្នារបស់ប្រមុខរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរកម្ពុជា និងថៃ ក្នុងការសម្រួលដំណើរចូលចេញប្រទេសរបស់ពលរដ្ឋខ្មែរ ពិសេសពលករកម្ពុជា នាឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ខាងមុខនេះ អាជ្ញាធរកម្ពុជា បានរៀបចំ និងដាក់ចេញនូវយន្តការចាំបាច់ជាបន្តបន្ទាប់ ដោយធ្វើយ៉ាងណាបង្កគ្រប់លក្ខណៈងាយស្រួលជូនប្រជាពលរដ្ឋខ្មែ និងបញ្ចៀសមិនឱ្យមានការកកស្ទះ បញ្ហាសុខភាព និងបញ្ហានានាដែលអាចកើតឡើងជាយថាហេតុ។ ជាក់ស្ដែង ខណៈដែលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ កាន់តែខិតជិតចូលមក​ដល់​នាពេលខាងមុខ មន្ត្រីនគរបាលអន្តោប្រវេសន៍តាមបណ្តាច្រកទ្វារព្រំដែន​សំ​ខាន់ៗរវាងកម្ពុជា និងថៃ បានជួយសម្រប​សម្រួលប្រជាពលរដ្ឋខ្មែរ ជាពលករកំពុងធ្វើការងារនៅប្រទេស​ថៃត្រឡប់ចូលប្រទេសកម្ពុជាវិញ ដោយក្តីសប្បាយរីករាយក្រោមកិច្ចស្វាគមន៍ និងជួយសម្រួលគ្រប់បែបយ៉ាងនៅតាមបណ្តាប៉ុស្តិ៍ច្រកទ្វារព្រំដែនអន្តរជាតិ។ ស្ថិតក្នុងបរិយាកាសដ៏សែនរីករាយនេះ ប្រជាពលរដ្ឋខ្មែរដែលត្រ​ឡប់​ពីប្រទេសថៃ បានសម្តែងនូវចំណាប់អារម្មណ៍ និងថ្លែងអំណរគុណដល់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបានរៀបចំកិច្ចសម្របសម្រួលយ៉ាងល្អទាំងនេះដល់ពួកគាត់ ជាពិសេសការមិនយកថ្លៃសេវាចូលប្រទេសកម្ពុជាវិញ​ពី​ពួក​គាត់ ជាដើម៕

website_news/20240409_02.txt · Last modified: 2024/04/19 14:56 by kun keorasmey

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki