website_news:20240409_03

អ្នកនាំពាក្យ ៖ ពលករ និងពលរដ្ឋកម្ពុជាធ្វើការនៅថៃ ជាង១៣ម៉ឺន៦ពាន់នាក់ បានធ្វើដំណើរមកលេងស្រុកចូលរួមបុណ្យចូលឆ្នាំថ្មី

អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​ឱ្យ​ដឹង​ថា មាន​ពលករ និង​ពលរដ្ឋ​កម្ពុជា​ធ្វើការ​នៅ​ប្រទេស​ថៃ​ប្រមាណ​ជាង ១៣ ម៉ឺន ៦ ពាន់​នាក់ បាន​ធ្វើ​ដំណើរ​ចូល​តាម​ច្រក​ទ្វារ​អន្តរជាតិ​នានា​មកលេង​ស្រុក ដើម្បី​ចូលរួម​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​ដែល​នឹង​ឈាន​ចូល​មកដល់​នៅ​ចុង​សប្ដាហ៍​នេះ។ លោក កត្តា អ៊ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​មាន​ប្រសាសន៍​នៅ​ព្រឹក​ថ្ងៃ​ទី ៩ មេសា នេះ​ថា យោង​តាម​សេចក្ដីជូនដំណឹង​ស្ដីពី​ដំណើរ​វិល​ចូល​ប្រទេស​របស់​ពលរដ្ឋ និង​ពលករ​កម្ពុជា ដើម្បី​ចូលរួម​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ខាងមុខនេះ​របស់​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ នៃ​ក្រសួងមហាផ្ទៃ ចាប់ពី​ថ្ងៃ​ទី ១ ដល់​ថ្ងៃ​ទី ៦ ខែ​មេសា ឆ្នាំ ២០២៤ មាន​ចំនួន​សរុប ១៣៦ ៣៤០ នាក់ ក្នុង​នោះ​ពលករ​កម្ពុជា​ចំនួន ៤០ ៩៧៩ នាក់ និង​ពលរដ្ឋ​កម្ពុជា​ចំនួន ៩៥ ៣៦១ នាក់។ លោក​បាន​បន្ត​ថា ការ​ចេញ​ចូល​របស់​ពលករ និង​ពលរដ្ឋ​កម្ពុជា​នៅ​ក្នុង​រដូវ​ចូល​ឆ្នាំ​ថ្មី​នេះ ចាប់ពី​ថ្ងៃ​ទី ១ ខែ​មេសា ដល់​ថ្ងៃ​ទី ១៥ ខែ​ឧសភា ឆ្នាំ ២០២៤ គឺ​ពុំ​មាន​ការ​យក​ថ្លៃ​ទិដ្ឋាការ​ទេ។ មិន​ត្រឹមតែ​ប៉ុណ្ណោះ មាន​មន្ត្រី​ពាក់ព័ន្ធ​រង់ចាំ​សម្របសម្រួល​ជូន​កម្មករ ក៏ដូចជា​ពលរដ្ឋ​បាន​លឿន​រហ័ស និង​ប្រកប​ដោយ​សុវត្ថិភាព និង​មាន​មធ្យោបាយ​មួយ​ចំនួន​សម្រាប់​ពួកគាត់​ដែល​ពុំ​មាន​លទ្ធភាព​ធ្វើ​ដំណើរ​វិលត្រឡប់​ទៅផ្ទះ​វិញ។ លោក​បាន​បន្ត​ទៀត​ថា ទន្ទឹម​នឹង​នេះ​ក៏​មាន​ផ្តល់​ភេសជ្ជៈ​ដូចជា​ទឹកបរិសុទ្ធ​សម្រាប់​ពលរដ្ឋ​ពិសា​ពេល​មក​ដល់ និង​ពេល​ធ្វើ​ដំណើរ​វិលត្រឡប់​ទៅផ្ទះ​វិញ​ផង​ដែរ។ លោក កត្តា អ៊ន សំណូមពរ​ពលករ​ខ្មែរ​ធ្វើការ​នៅ​ថៃ​ដែល​ត្រូវ​ធ្វើ​ដំណើរ​មក​លេង​ស្រុក​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ខាងមុខនេះ សូម​កុំ​ចូល​តាម​ច្រក​របៀង​ខុសច្បាប់​ផ្សេងៗ ដើម្បី​ចៀសវាង​មាន​បញ្ហា និង​ប៉ះពាល់​ដល់​សុខ​សុវត្ថិភាព។ គួរ​បញ្ជាក់​ថា បច្ចុប្បន្ន មាន​ពលករ​កម្ពុជា​កំពុង​ធ្វើការ និង​រស់នៅ​ប្រទេស​ថៃ ចំនួន ១ ២៦២ ១៧៥ នាក់ ស្រី ៥០៨ ៦៤៦ នាក់ ដោយ​បាន​ផ្ញើ​ថវិកា​មក​ក្រុម​គ្រួសារ​វិញ ប្រមាណ​ជាង ២ ពាន់​លាន​ដុល្លារ ក្នុង ១ ឆ្នាំ ដែល​លើក​ស្ទួយ​សេដ្ឋកិច្ច​គ្រួសារ ក៏ដូចជា​សេដ្ឋកិច្ច​ជាតិ​កាន់តែ​រីកចម្រើន៕

website_news/20240409_03.txt · Last modified: 2024/04/19 12:54 by kun keorasmey

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki