website_news:20240409_04

យូនីសេហ្វ បង្ហាញពីសញ្ញាបញ្ជាក់ថាអ្នកកំពុងលេងឆាតជាមួយជនបំពានផ្លូវភេទតាម អនឡាញ

ការរំលោភបំពានផ្លូវភេទតាមអនឡាញ គឺជារឿងមួយគួរឱ្យព្រួយបារម្ភចំពោះកុមារនៅក្នុងស្ថានភាពបច្ចុប្បន្ន ដែលជាសម័យឌីជីថល និងជាឱកាសរបស់ជនខិលខូចយកឱកាសនេះបំពានផ្លូវភេទកុមារ។ អង្គការយូនីសេហ្វកម្ពុជា ក៏បានណែនាំចំណុចមួយចំនួនពីសញ្ញាដែលបញ្ជាក់ថា អ្នកកំពុងតែលេងឆាតជាមួយជនបំពានផ្លូវភេទតាមអនឡាញ ព្រមទាំងទំនាក់ទំនង ដើម្បីដោះស្រាយពេលជួបបញ្ហាទាំងនេះ។ តាមការផ្សព្វផ្សាយរបស់អង្គការយូនីសេហ្វ ទង្វើដែលបញ្ជាក់ថា អ្នកកំពុងតែធ្វើការសន្ទនាតាមអនឡាញ និងជួបបញ្ហាបៀតបៀនផ្លូវភេទមានដូចជា បុគ្គលនោះតែងតែសរសើរ និងលួងលោមអ្នកឱ្យផ្ញើរូបថត ឬ វីដេអូឯកជនរបស់អ្នកជាបន្តបន្ទាប់តាមអនឡាញ។ គេចង់ដឹងរឿងរ៉ាវផ្ទាល់ខ្លួនរបស់អ្នក ដោយសួរសំណួរផ្ទាល់ខ្លួនជាច្រើន ហើយគេអាចនឹងកុហកអ្នកអំពីអត្តសញ្ញាណពិតរបស់គេ។ បន្ទាប់មក គេធ្វើការសន្ទនា គេចាប់ផ្តើមស្នើសុំជួបអ្នកជាលក្ខណៈឯកជនតែ២នាក់។ មួយវិញទៀត គេព្យាយាមអូសទាញអ្នកឱ្យចូលរួមសន្ទនាបែបលក្ខណៈផ្លូវភេទ រួចប្រហែលជាសន្យាថា នឹងមិនឱ្យអ្នកដទៃដឹងពីការសន្ទនានេះឡើយ។ តាមការកត់សម្គាល់ ទង្វើ និងការលួងលោមទាំងអស់នេះហើយ ទើបធ្វើឱ្យកុមារជាច្រើនក្លាយជាជនរងគ្រោះត្រូវបានគេរំលោភបំពានផ្លូវភេទ ហើយករណីនេះ មិនត្រឹមតែកើតមានលើកុមារឡើយ ក៏កើតមានលើមនុស្សធំ ជាស្ត្រីច្រើនផងដែរ។ ដូចនេះ អាណាព្យាបាលគួរយកចិត្តទុកដាក់តាមដាន និងសួរនាំពីកូនៗជានិច្ច ដើម្បីអាចស្វែងរកដំណោះស្រាយ និងជំនួយបានទាន់ពេលវេលា។ ជុំវិញនឹងករណីខាងលើ ប្រសិនជាជនរងគ្រោះជួបនូវហេតុការណ៍ទាំងអស់នេះ រងការគំរាមកំហែង និងរំលោភបំពានផ្លូវភេទតាមអនឡាញ ឬមានអារម្មណ៍ថាខ្លួនអសុវត្ថិភាព អាចស្វែងរកជំនួយបានតាមរយៈរាយការណ៍ទៅនគរបាលជាតិលេខ ១២៨៨ ឬ ទៅអង្គការ APLE កម្ពុជា ០៩២​ ៣១១​ ៥១១​ ឬបណ្តាញទូរសព្ទជំនួយកុមារលេខ ១២៨០៕

website_news/20240409_04.txt · Last modified: 2024/04/19 14:45 by kun keorasmey

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki