website_news:20240411_01

ប្រជា​ពលករ​សម្រុកចូល​មក​លេង​ស្រុក​​នា​ឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ​ប្រពៃណី​ជាតិយើង​

ខេត្ត​ប៉ៃលិន ៖ រហូត​មក​ដល់​ថ្ងៃ​ទី​១១ ខែ​មេស ឆ្នាំ​២០២៤ គេ​សង្កេត​ឃើញ​ពលករ​ខ្មែរ​ជា​ច្រើន​នាក់ ដែល​ធ្វើការ​នៅប្រទេស​ថៃ បាន​នាំ​គ្នា​វិល​ត្រលប់​ចូល​មក​ស្រុក​ខ្មែរ​វិញ ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី តាម​ច្រក​ទ្វារ​អន្តរជាតិ​ព្រំ ខេត្ត​ប៉ៃលិន ស្ថិត​នៅ​ក្នុងភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ដោយ​ជាប់​នឹង​ច្រក​បាន​ផា​កាត ស្ថិត​ក្នុងភូមិ​បាន​ផា​កាត ឃុំ​ខ្ល​ង​យ៉ៃ ស្រុក​ពោង​ណាំ​រ៉​ន ខេត្ត​ចាន់​បុរី ប្រទេស​ថៃ​។

​លោក​ជំទាវ បាន ស្រី​មុំ អភិបាលខេត្ត​ប៉ៃលិន ក៍បាន​ចុះ​ពិនិត្យ​មើល​ការ​សម្របសម្រួល​របស់​មន្ត្រី​ជំនាញ​ដោយ​ការ​យកចិត្តទុកដាក់​ខ្ពស់ ជូន​ដល់​ប្រជា​ពលករ​ខ្មែរ​ដែល​ធ្វើការ​នៅ​ប្រទេស​ថៃ ខណៈ​វិល​ត្រលប់​ចូល​មក​កម្ពុជា​វិញ ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ​នេះ​។

លោក​ជំទាវ​អភិបាលខេត្ត​បាន​លើក​ឡើង​ថា ៖ ជា​ការ​ឆ្លើយ​តប​តាម​សំណូមពរ​របស់​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​សម្របសម្រួល​ដល់​ការ​វិល​ត្រឡប់​មក​ស្រុក​កំណើត​របស់​ពលរដ្ឋ​កម្ពុជា​អំឡុង​ពេល​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ​ខាង​មុខ​នេះ រដ្ឋាភិបាល​ថៃ​តាម​រយៈ​ក្រសួងមហាផ្ទៃ​ថៃ បាន​អនុញ្ញាត​លើកលែង​តម្លៃ​សេវា​អនុញ្ញាតិ​ចេញ​-​ចូល (Re-Entry Pemit) សម្រាប់​បងប្អូន​ពលករ​កម្ពុជា ដែល​ធ្វើ​ដំណើរ​ចេញ​-​ចូល​ប្រទេស​ថៃ​ចាប់ពី​ថ្ងៃ​ទី​០១ ខែមេសា ដល់​ថ្ងៃ​ទី​១៥ ខែឧសភា ឆ្នាំ​២០២៤​។

លោក​ជំទាវ បាន​បន្ថែម​ថា​៖ ការ​លើកលែង​តម្លៃ​សេវា​ឆ្លង​ដែន​នេះ គឺ​សម្រាប់​ពលករ​កម្ពុជា​ដែល​មាន​លិខិតឆ្លងដែន និង​លិខិត​ធ្វើ​ដំណើរ​ប​ពោល​គឺ​ពលករ​កម្ពុជា​ទៅ​ធ្វើការ​នៅ​បរទេស​(TD) និង​មាន​ទិដ្ឋាការ​ការងារ (Nom-immigration L-A Visa ដែល​មាន​សុពលភាព​ក្រោយ​ថ្ងៃ​ទី​១៥ ខែឧសភា ឆ្នាំ​២០២៤ រួម​ទាំង​កូន​មាន​អាយុ​ក្រោម​១៨​ឆ្នាំ ដែល​ទទួល​បានការ​វាយ​ត្រា​ប្រភេទ​អ្នក​ក្នុង​បន្ទុក និង​អនុញ្ញាត​ឱ្យ​ស្នាក់​នៅ​ក្នុង​ប្រទេស​ថៃ​មាន​សុពលភាព​ក្រោយ​ថ្ងៃ​ទី​១៥ ខែឧសភា ឆ្នាំ​២០២៤​។

ក្រោម​ការ​ទទួលខុសត្រូវ​ខ្ពស់​ចំពោះ​ប្រមុខ​រាជរដ្ឋាភិបាល លោក​ជំទាវ បាន ស្រី​មុំ បាន​ផ្តាំផ្ញើ ដល់​ថ្នាក់ដឹកនាំ និង​មន្ត្រី​ទាំងអស់ ដែល​កំពុង​បំពេញការងារ​នៅ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ព្រំ ត្រូវ​ខិតខំ​អនុវត្ត​តួនាទី ភារកិច្ច និង​សិទ្ធិ​របស់​ខ្លួន​ប្រកបដោយ​ការ​ទទួលខុសត្រូវ​ខ្ពស់ ជា​ពិសេស​ត្រូវ​មាន​កិច្ចសហការ​ល្អ ជាមួយ​ស្ថាប័ន​នានា ដែល​បាន​ឈរជើង​នៅ​ច្រក​ទ្វា​ព្រំដែន​អន្តរជាតិ ទាំង​កម្ពុជា និង​ថៃ ដើម្បី​សម្របសម្រួល​នូវ​ភាព​ងាយស្រួល​ដល់​ប្រជាពលរដ្ឋ ជា​ពិសេស​បងប្អូន​ពលករ និង​ភ្ញៀវ​ជាតិ​+​អន្តរជាតិ ដែល​ធ្វើ​ដំណើរ​ឆ្លងកាត់​ព្រំដែន និង​ការ​ធ្វើ​ពាណិជ្ជកម្ម​ទៅ​វិញ​ទៅ​មក ។

ជាមួយ​គ្នា​នោះ​ដែរ បងប្អូន​ពលករ​ដែល​ធ្វើ​ដំណើរ​មក​លេង​ស្រុក​កំណើត​នា​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ​បាន​ថ្លែងអំណរគុណ​រាជរដ្ឋាភិបាល​កម្ពុជា​-​ថៃ ពិសេស សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី ក្នុង​ការ​សម្របសម្រួល​ដល់​ពួក​គាត់​មក​លេង​ស្រុក​កំណើត​ដោយ​មិនបាច់​បង់ប្រាក់ ។

សូម​បញ្ជាក់​ថា​៖ ពលករ​ធ្វើ​ដំណើរ ចេញ​-​ចូល តាម​រយៈ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ព្រំ ខេត្ត​ប៉ៃលិន ចាប់ពី​ថ្ងៃ​ទី​០១ ខែមេសា ឆ្នាំ​២០២៤ ដល់​ថ្ងៃ​ទី​០៩ ខែមេសា ឆ្នាំ​២០២៤ សរុប​មាន​ចំនួន ៤១៥៥​នាក់ ស្រី២០០១​នាក់ កុមារ ១៤​នាក់ ដោយ​ក្នុង​នោះ ធ្វើ​ដំណើរ​ចូល ចំនួន ២១៣១​នាក់ ស្រី ១០១៤​នាក់ កុមារ ១៤​នាក់ និង​ធ្វើ​ដំណើរ​ចេញ ២០២៤​នាក់ ស្រី​៩៨៧​នាក់ ៕

website_news/20240411_01.txt · Last modified: 2024/04/19 15:29 by kun keorasmey

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki