website_news:20240415_01

ពលរដ្ឋខ្មែរជិត៤០ម៉ឺននាក់វិលចូលស្រុកវិញដើម្បីចូលរួមបុណ្យចូលឆ្នាំ

ភ្នំពេញ៖ គិតចាប់ពីថ្ងៃទី១ ដល់១៣ ខែមេសា ម្សិលមិញនេះ មានពលរដ្ឋខ្មែរប្រមាណ៣៩៧,៦៩៨នាក់ បានត្រឡប់មកមាតុប្រទេសវិញ ដើម្បីចូលរួមក្នុងពិធីបុណ្យចូលឆ្នាំថ្មី ក្នុងនោះ មានពលករ១២៣,៧៩១នាក់។ នេះបើតាមរបាយការណ៍របស់ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ នៅថ្ងៃទី១៤ ខែមេសានេះ។

ក្នុងឱកាសបុណ្យចូលឆ្នាំនេះ ភាគីថៃ បានសម្រេចលើកលែងតម្លៃទិដ្ឋាការដល់ពលករខ្មែរ ចាប់ពីថ្ងៃទី១ ខែមេសា ដល់ថ្ងៃទី១៥ ខែឧសភា ដោយអាជ្ញាធរថៃនឹងធ្វើលិខិតថ្មីមួយដើម្បីសម្គាល់ និងគ្រប់គ្រងដំណើរចេញចូលប្រទេសរបស់ពលករខ្មែរ ក្នុងរយៈពេលនេះដែរ។

ជាមួយគ្នានេះ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានណែនាំមន្រ្តីតាមច្រកព្រំដែនកម្ពុជា-ថៃ ឱ្យត្រៀមកម្លាំងឱ្យបានត្រឹមត្រូវ ដើម្បីសម្របសម្រួលការធ្វើដំណើរចូលមកប្រទេសរបស់ពលករខ្មែរ នាឱកាសបុណ្យចូលឆ្នាំ និងពេលពួកគេវិលត្រឡប់ទៅធ្វើការងារនៅប្រទេសថៃវិញ។ ដើម្បីពន្លឿនដំណើរចេញ-ចូល របស់ពលករខ្មែរ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានសម្រេចមិនតម្រូវឱ្យបោះត្រាចេញ-ចូលលើលិខិតឆ្លងដែន ឬឯកសារធ្វើដំណើរនោះឡើយ តែមន្រ្តីព្រំដែនកម្ពុជា ត្រូវកត់ត្រាការចេញចូលរបស់ពលករ ទៅក្នុងប្រព័ន្ធអន្តោប្រវេសន៍ សម្រាប់ភាពងាយស្រួលក្នុងការងារស្រាវជ្រាវ និងកិច្ចការជំនាញផ្សេងៗ។

ក្រៅពីណែនាំមន្ត្រីច្រកព្រំដែន អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក៏ណែនាំទៅនាយប៉ុស្តិ៍ច្រកទ្វារព្រំដែនអន្តរជាតិដែលនៅជាប់ព្រំដែនកម្ពុជា-ថៃទាំងអស់ ឱ្យរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីឱ្យដំណើរ ចូល-ចេញ ប្រទេសរបស់ពលករកម្ពុជាក្នុងរង្វង់ប្រតិបត្តិការរបស់ខ្លួនប្រព្រឹត្តទៅដោយរលូនផងដែរ៕

website_news/20240415_01.txt · Last modified: 2024/04/19 15:44 by kun keorasmey

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki