website_news:20240419_01

ពលករខ្មែរ ២៩នាក់ចាញ់បោកមេខ្យល់នាំទៅធ្វើការនៅអារ៉ាប៊ីសាអ៊ូឌីត នឹងឡើងយន្តហោះវិលមកកម្ពុជាវិញនៅថ្ងៃនេះ

តាមសំណេរនៅលើគណនីហ្វេសប៊ុករបស់លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ ដែលបង្ហោះនៅម៉ោង១២ អធ្រាត្រ ថ្ងៃទី១៩ ខែមេសា បានឲ្យដឹងថា រដ្ឋាភិបាលបានរៀបចំសំបុត្រយន្តហោះសម្រាប់ពលករខ្មែរដែលកំពុងស្នាក់នៅទីក្រុង Jeddah រួចរាល់ ដោយនៅវេលាម៉ោង ១០យប់ ម៉ោងនៅអារ៉ាប់ប៊ីសាអូឌីត (ត្រូវនឹងម៉ោង២ រសៀល ម៉ោងនៅកម្ពុជា) ពលករនឹងឡើងយន្តហោះត្រឡប់មកប្រទេសកម្ពុជាវិញ។ ចំណែកពលករដែលនៅតំបន់ផ្សេង នឹងរៀបចំចេញដំណើរជាបន្តបន្ទាប់ ពោលគឺនៅថ្ងៃទី២០ ខែមេសា ចំនួន ២៧នាក់, និងថ្ងៃចុងក្រោយគឺថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤នេះចំនួន២២នាក់។

តាមសំណេរដដែល លោក ហេង សួរ បានអះអាងថាកាលពីវេលាម៉ោង ១១៖៣៨នាទីយប់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤នេះ លោកបានទាក់ទងទៅពលករខ្មែរចំនួន២៩នាក់ ដែលកំពុងស្នាក់នៅផ្ទះបណ្តោះអាសន្ត ក្នុងទីក្រុង Jeddah នៃប្រទេសអារ៉ាប៊ីសាអូឌីត តាមវីដេអូ។

តាមលោករដ្ឋមន្ត្រីក្រសួងការងារ ការទាក់ទងទៅពលករទាំង២៩នាក់នេះ គឺដើម្បីជម្រាបព័ត៌មានដល់ជនរងគ្រោះដោយផ្ទាល់ថា សម្តេចធិបតីហ៊ុន ម៉ាណែត លោកបានជ្រាបហើយនូវសារអំពាវនាវរបស់ក្រុមពលករ ហើយក៏បានណែពាំនាំដល់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិឱ្យចាត់គ្រប់វិធានការភ្លាមៗ ដើម្បីធានាសុវត្ថិភាព និងនាំត្រឡប់មកស្រុកកំណើតវិញ។ លោក ហេង សួរ ក៏បានបន្ថែមថា ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសអារ៉ាប់ប៊ីសាអូឌីត ដែលមាននិវេសនដ្ឋាននៅទីក្រុងគែរ ប្រទេសអេហ្សីប បាននឹងកំពុងធ្វើដំណើរទៅប្រទេសអារ៉ាប់ប៊ីសាអូឌីត ដើម្បីជួបជាមួយពលករខ្មែររងគ្រោះដែលនៅតំបន់ផ្សេងទៀតផងដែរ។

លោក ហេង សួរ ក៏បានជូនពរឱ្យពលករខ្មែរដែលចាញ់បោកមេខ្យល់ទៅធ្វើការនៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត ឱ្យធ្វើដំណើរប្រកបដោយសុវត្ថិភាព និងឆាប់បានវិលត្រឡប់មកជួបជុំគ្រួសារវិញ។

សូម​ជម្រាប​ថា ​មានពលករខ្មែរចំនួន​៧៨​នាក់​ បានចាញ់បោកមេខ្យល់នាំទៅធ្វើការនៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត ក្នុងនោះមាន​ចំនួន ៥១​នាក់ កំពុង​ស្ថិតនៅ​ទីក្រុង Jeddah ចំនួន ១៥​នាក់ កំពុង​ស្ថិតនៅ​រាជធានី Riyadh និង​ចំនួន ១២​នាក់ កំពុង​ស្ថិតនៅ​ទីក្រុង Dammam៕

website_news/20240419_01.txt · Last modified: 2024/05/06 10:58 by kun keorasmey

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki