website_news:20240419_03

លោក ហេង សួរ ជួបវីដេអូផ្ទាល់ជាមួយពលករខ្មែរ និងបានបញ្ជាក់ពីការណែនាំរបស់សម្តេចធិបតី

លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីយប់អាធ្រាត្រម៉ោង១១និង៣៨នាទី ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤នេះ បានទូរស័ព្ទតាមវីឌីអូ ជួបជាមួយបងប្អូនពលការិនីខ្មែរចំនួន ២៩នាក់ ដែលកំពុងស្នាក់នៅផ្ទះបណ្តោះអាសន្នក្នុងទីក្រុងJeddah នៃប្រទេសអារ៉ាប៊ីសាអូឌីតដើម្បីជម្រាបព័ត៌មានដល់បងប្អូនដោយផ្ទាល់ថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានជ្រាបហើយនូវសារអំពាវនាវរបស់បងប្អូន ហើយក៏បានណែនាំដល់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិឱ្យចាត់គ្រប់វិធានការភ្លាមៗ ដើម្បីធានាសុវត្ថិភាព និងនាំបងប្អូនត្រឡប់មកស្រុកកំណើតវិញ។

លោកបន្ថែមថា “ខ្ញុំពិតជាបានធូរស្បើយក្នុងចិត្តពេលបានជួបនិយាយជាមួយបងប្អូនផ្ទាល់ និងក្រោយពេលពិនិត្យឃើញថា សុវត្ថិភាពរបស់បងប្អូនត្រូវបានធានា។ ពេលនេះ លោកឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសអារ៉ាប៊ីសាអូឌីត ដែលមាននិវេសនដ្ឋាននៅទីក្រុងគែរ ប្រទេសអេហ្ស៊ីបបាននិងកំពុងធ្វើដំណើរទៅប្រទេសអារ៉ាប៊ីសាអូឌីត ដើម្បីជួបជាមួយបងប្អូនដែលនៅតំបន់ផ្សេងទៀតផងដែរ”។

រាជរដ្ឋាភិបាលនឹងចាត់ចែងលើការទិញសំបុត្រយន្តហោះជូនបងប្អូន។ ពេលនេះ សំបុត្រយន្តហោះសម្រាប់បងប្អូនទាំង ២៩នាក់ ដែលកំពុងស្នាក់នៅទីក្រុង Jeddah ត្រូវបានរៀបចំរួចហើយស្អែកម៉ោង ១០យប់ ម៉ោងនៅអារ៉ាប់ប៊ីសាអូឌីត បងប្អូននឹងឡើងយន្តហោះត្រឡប់មកប្រទេសកម្ពុជាវិញ។ ចំណែកបងប្អូនដែលនៅតំបន់ផ្សេង នឹងរៀបចំចេញដំណើរជាបន្តបន្ទាប់។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តមរដ្ឋមន្ត្រីដដែល៕

website_news/20240419_03.txt · Last modified: 2024/04/19 16:47 by kun keorasmey

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki