website_news:20240420_02

មកដឹងប្រាក់ខែពលករខ្មែរទៅធ្វើការនៅបរទេសផ្ញើប្រាក់មកក្រុមគ្រួសារជិត៣ពាន់លានដុល្លារក្នុង១ឆ្នាំ

បច្ចុប្បន្ននេះកម្ពុជាបានបញ្ជូនពលករទៅធ្វើការនៅតាមបណ្តាប្រទេសនានាចំនួន៧ប្រទេសរួមមាន ថៃ សាធារណរដ្ឋកូរ៉េ ជប៉ុន ម៉ាឡេស៊ី សិង្ហបុរី តំបន់សេដ្ឋកិច្ចពិសេសហុងកុង និងព្រះរាជាណាចក្រអារ៉ាប់ប៊ីសាអូឌីត ដោយបានផ្ញើប្រាក់មកក្រុមគ្រួសារពីគ្រប់ប្រទេសជាមធ្យមប្រមាណជិត៣ពាន់លានដុល្លារក្នុង១ឆ្នាំ។

លោក កត្តា អ៊ន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២០មេសានេះថាក្នុងចំណោមប្រទេសទាំង៧ដែលកម្ពុជាបញ្ជូនពលករទៅធ្វើការមានតែប្រទេសថៃទេបញ្ជូនច្រើនជាងគេ ហើយក៏មានតែសាធារណរដ្ឋកូរ៉េដែរដែលទទួលបានប្រាក់ខែខ្ពស់ជាងគេ។ លោក កត្តា អ៊ន បានបន្តថា ជាក់ស្តែងគិតត្រឹម២០២៣ កម្ពុជាបានផ្តល់ឱកាសការងារនៅក្រៅប្រទេសជូនប្រជាពលរដ្ឋចំនួន ១ ៣៥៦ ៦១៦នាក់ ស្រីចំនួន ៥៥២ ៨៥១ នាក់ ក្នុងនោះរួមមាន ប្រទេសថៃ មានចំនួន ១២៦២១៧៥ នាក់ ស្រី ៥០៨ ៦៤៦ នាក់ មធ្យមទទួលបានប្រាក់ខែ ៤០០ ដុល្លារក្នុង ១ខែ។ សាធារណរដ្ឋកូរ៉េ មានចំនួន ៥០ ៩៧០ នាក់ ស្រី ១២ ៥៣៨នាក់ ទទួលបានប្រាក់ខែ ១៥០០ ដុល្លារ ក្នុង ១ខែ។ ប្រទេសជប៉ុន មានចំនួន ២០០៥៦នាក់ ស្រី ៩ ១៥៥ នាក់ ទទួលបានប្រាក់ខែ ១៤០០ ដុល្លារ ១ខែ។ ប្រទេសម៉ាឡេស៊ី មានចំនួន ២២ ២៦២ នាក់ ស្រី ២១ ៣៥៩នាក់ទទួលបានប្រាក់ខែ ៣៤០ ដុល្លារ ១ខែ ប្រទេសសិង្ហបុរី មានចំនួន ៨៧១នាក់ ស្រី៨៧១ នាក់ ទទួលបានប្រាក់ខែ ៥០០ ដុល្លារ ១ខែ។ តំបន់រដ្ឋបាលពិសេសហុងកុងមានចំនួន ២១៨ នាក់ ស្រី ២១៨នាក់ ទទួលបានប្រាក់ខែ ៥៩១ ដុល្លារ ១ខែ។ និងព្រះរាជាណាចក្រអារ៉ាប់ប៊ីសាអូឌីតមានចំនួន ៦៤ នាក់ ស្រី ៦៤នាក់ ទទួលបានប្រាក់ខែ ៤០០ ដុល្លារ ក្នុង ១ខែ បានផ្ញើប្រាក់មកគ្រួសារពីគ្រប់ប្រទេសជាមធ្យមមានប្រមាណជិត៣ពាន់លានដុល្លារអាមេរិកក្នុង១ឆ្នាំ។

យ៉ាងណាក៏ដោយ លោក កត្តា អ៊ន បានអំពាវនាវដល់ក្រុមហ៊ុនមានសិទ្ធិនាំពលករទៅធ្វើការនៅក្រៅប្រទេសត្រូវគោរព បែបបទនិតិវិធីនាំ ឬបញ្ជូនពលករត្រឹមត្រូវស្របច្បាប់គោរពកិច្ចសន្យាការងារសម្រាប់ពលករលក្ខខណ្ឌការងារនិងច្បាប់ការងារនិងធានាសុវត្តិភាពពលករដល់ពលករពេលធ្វើដំណើរនិងធ្វើការនៅក្រៅប្រទេស។

ជាមួយគ្នានេះដែរ លោក កត្តា អ៊ន ក៏បានអំពាវនាវដល់បងប្អូនពលករត្រូវជ្រើសរើសក្រុមហ៊ុនដែលបានចុះបញ្ជីត្រឹម ត្រូវស្របច្បាប់ចៀសវាងការចាញ់បោកមេខ្យល់ទៅធ្វើដំណើរទៅក្រៅប្រទេសដោយខុសច្បាប់បង្កហានិភ័យនិងការរំលោភបំពាននានាកើតឡើងហើយក្នុងករណីមានបញ្ហាអ្វីមួយកើតឡើងសូមសហការជាមួយក្រុមហ៊ុនជ្រើសរើសពលករក៏ដូចជាអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធដើម្បីអន្តរាគមន៍ឱ្យបានទាន់ពេលវេលា៕

website_news/20240420_02.txt · Last modified: 2024/04/22 15:20 by kun keorasmey

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki