website_news:20240420_03

ពលរដ្ឋ​ជាង ៣​រយ​នាក់ ឆ្លងដែន​ខុសច្បាប់​ចូល​ប្រទេស​ថៃ ក្រោយ​បញ្ចប់​ពិធីបុណ្យ​ចូល​ឆ្នាំថ្មី

អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ បាន​ឃាត់ខ្លួន​ពលករ​ជា​បន្តបន្ទាប់ ដែល​បម្រុង​លួច​ឆ្លងដែន​ចូល​ទៅ​ប្រទេស​ថៃ ដោយ​ខុសច្បាប់ តាមរយៈ​មេខ្យល់ ក្នុងភូមិ​សាស្ត្រ​ស្រុក​ម៉ាឡៃ​។ មន្ត្រី​សង្គម​ស៊ីវិល និង​ពលរដ្ឋ ដែល​ប្រកប​របរ​នៅ​ច្រកព្រំដែន លើកឡើង​ថា មូលហេតុ​ដែល​នាំ​ឱ្យ​ពលករ​ខ្មែរ នៅតែ​ជ្រើសរើស​វិធី​ផ្លូវ​កាត់​បែប​នេះ គឺ​បណ្ដាលមកពី​បញ្ហា​អំពើពុករលួយ​តាម​ច្រកព្រំដែន និង​ឯកសារ​ស្របច្បាប់ មាន​តម្លៃ​ថ្លៃ។

មិន​ខុស​ពី​ឆ្នាំមុនៗ​នោះ​ឡើយ គ្រាន់តែ​ពិធីបុណ្យ​ចូល​ឆ្នាំថ្មី បាន​បញ្ចប់​ភ្លាម ពលករ​ខ្មែរ​ជាច្រើន​នាក់ បាន​លួច​ឆ្លងដែន​ខុសច្បាប់ ចូល​ប្រទេស​ថៃ តាមរយៈ​មេខ្យល់ បើទោះបីជា​រដ្ឋាភិបាល ធ្លាប់​អះអាង​ពី​គោល​នយោបាយ ជួយ​សម្រួល​ឯកសារ​ចេញ​ចូល​ឱ្យ​ពលករ យ៉ាងណាក្ដី។

ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ លោក សិទ្ធិ ឡោះ ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃទី​២០ ខែ​មេសា ថា ចាប់តាំងពី​ថ្ងៃទី​១៨ រហូត​ដល់​ថ្ងៃទី​២០ ខែមេសា កម្លាំង​សមត្ថកិច្ច​ខេត្តបន្ទាយមានជ័យ បាន​ឆ្មក់​ទប់ស្កាត់ ពលរដ្ឋ​ខ្មែរ ដែល​ត្រៀម​ឆ្លងដែន​ខុសច្បាប់​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ នៅក្នុង​ភូមិសាស្ត្រ​ស្រុក​ម៉ាឡៃ បាន​ជា​ច្រើន​ករណី ប៉ុន្តែ​លោក​មិន​បាន​បូកសរុប​ទិន្នន័យ​នោះ​ទេ ដោយ​លោក​ប្រាប់​ថា មាន​ចំនួន​ជាង ៣​រយ​នាក់​។ លោក សិទ្ធិ ឡោះ បញ្ជាក់​ថា ការ​ចុះ​ទប់ស្កាត់​នេះ អាជ្ញាធរ​មិនបាន​ឃាត់ខ្លួន​ពលករ ដើម្បី​សាកសួរ​អំពី​មូលហេតុ និង​ត្រួតពិនិត្យ​ឯកសារ​អ្វី​ឡើយ ដោយ​សមត្ថកិច្ច ប្រាប់​ទៅ​ពលករ​កុំឱ្យ​ឆ្លងដែន​ខុសច្បាប់​តទៅទៀត រួច​ក៏​ដោះលែង​ទៅវិញ។

លោក សិទ្ធិ ឡោះ៖ «គ្រាន់តែ​ថា ជាង​៣​រយ​នាក់​ហើយ ដែល​យើង​បាន​ធ្វើ​ការអប់រំ​គាត់ ហើយ​ចំនួន​ពិតប្រាកដ​ខ្ញុំ​មិនអាច​ជម្រាប​ជូន​បានទេ ដោយសារ​យើង​ធ្វើ​បច្ចុប្បន្នភាព​រហូត»។

កាលពី​ថ្ងៃទី​១៨ ខែមេសា កម្លាំង​សមត្ថកិច្ច​ខេត្តបន្ទាយមានជ័យ បាន​ឃាត់ខ្លួន​ពលរដ្ឋ​ខ្មែរ ត្រៀម​ឆ្លងដែន​ខុសច្បាប់​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ បាន​ចំនួន ៣២២​នាក់ យក​មក​អប់រំ ក្នុង​នោះ​ស្រី​ចំនួន ១៦០​នាក់ និង​កុមារ​ចំនួន ២៧​នាក់​។ ពលរដ្ឋ​ទាំងនេះ​ត្រូវ​បាន​ស្ទាក់​ឃាត់​ចំនួន ០៣​ករណី នៅ​ថ្ងៃ​តែមួយ ក្នុងភូមិ​សាស្ត្រ ស្រុក​ម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

អ្នក​រត់​ម៉ូតូឌុប នៅ​ច្រកព្រំដែន​ស្រុក​ម៉ាឡៃ ខេត្ត​បន្ទាយមានជ័យ សុំ​មិន​បញ្ចេញ​ឈ្មោះ ដោយ​បារម្ភ​ពី​សុវត្ថិភាព ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃទី​២០ ខែមេសា ថា មូលហេតុ​ដែល​តំបន់​ស្រុក​ម៉ាឡៃ ក្លាយជា​ច្រក​ទ្វារ​ដ៏​ពេញនិយម សម្រាប់​នាំ​ពលករ​ឆ្លងដែន​ខុសច្បាប់​បែបនេះ គឺ​ដោយសារ ក្រុម​មេខ្យល់ មាន​ខ្សែ​បណ្ដាញ​ជាមួយ​អាជ្ញាធរ​ច្រកព្រំដែន ដែល​ពួកគេ​បាន​ប្រាប់​គ្នា​ឱ្យ​ដឹង​ពី​ពេលវេលា និង​ទីតាំង​ក្នុង​ការ​ចុះទៅ​ល្បាត និង​ផ្លូវ​សម្រាប់​នាំ​ពលករ​ដើរ​។ អ្នក​រត់​ម៉ូតូ​ឌុប​រូប​នេះ អះអាង​ថា ជាទូទៅ ពួក​មេខ្យល់​បាន​ប្រើប្រាស់​បណ្ដាញ ដែល​ជា​អ្នក​រត់​ម៉ូតូ​ឌុប និង​អ្នក​អង្គុយ​ចាំ​នៅ​តាម​តូប​លក់​អីវ៉ាន់ ឱ្យ​សួរនាំ និង​ជូន​ពលករ​ឱ្យទៅ​ជួប​មេខ្យល់ ដោយ​ពួកគេ​អាច​ទទួល​បាន​ថ្លៃ​ជើងសា​ក្នុង​ម្នាក់​យ៉ាងតិច ១​ពាន់​បាត ឬ​ប្រហែល ២៧​ដុល្លារ។

ពលរដ្ឋ​ថ្លែង​លាក់​ឈ្មោះ៖ «បង​ឯង​មិនបាច់​ឆ្ងល់​ទេ អ្នកធ្វើការ​(​មន្ត្រី​អន្តោប្រវេសន៍​) នៅ​ច្រកព្រំដែន​នេះ មុននឹង​មក​ធ្វើការ សុទ្ធតែ​បុកលុយ​(​សូកប៉ាន់​)​ចូល​។ ហើយ​បើ​បុកលុយ​ចូល​ហើយ មិន​ចេះ​ស៊ី​សំណូក គេ​ដក​ចេញ​ទៀត»។

កាលពី​ថ្ងៃទី​២៦ ខែមីនា រដ្ឋមន្ត្រីក្រសួង​ការងារ​ថៃ លោក ភីផាត រាឆា គិតប្រាកាន (Phiphat Ratchakitprakarn) បាន​ស្នើ​ទៅ​គណៈរដ្ឋមន្ត្រី​ថៃ អនុញ្ញាត​ឱ្យ​ពលករ ៣​សញ្ជាតិ​មាន​ដូចជា កម្ពុជា ឡាវ​(Lao) និង​មី​យ៉ាន់​ម៉ា​(Myanmar) អាច​ធ្វើ​ដំណើរ​ទៅលេង​ប្រទេស​កំណើត ក្នុង​អំឡុង​ទេសកាល​បុណ្យ​ចូលឆ្នាំថ្មី​ចាប់ពី​ថ្ងៃទី​១ ខែមីនា រហូតដល់​ថ្ងៃទី​១៥ ខែឧសភា ដោយ​មិន​ចាំបាច់​ចំណាយ​ថ្លៃ​វាយ​ត្រា​លើ​ឯកសារ​ចេញ ឬ​ឯកសារ​ចូល​សារ​ថ្មី​(Re-entry) ចំនួន ១​ពាន់​បាត ឬ​ប្រហែល ២៨​ដុល្លារ​នោះ​ទេ។

យ៉ាងណា​ក៏​ដោយ​ចុះ ការ​អនុគ្រោះ​នេះ មាន​ប្រសិទ្ធភាព​ចំពោះ​ពលករ ដែល​មាន​ឯកសារ​ស្របច្បាប់​ប៉ុណ្ណោះ​។ ម្យ៉ាងវិញទៀត ការកំណត់​នៃ​ពេលវេលា តម្រូវ​ឱ្យ​ពលករ​ត្រូវ​ត្រឡប់​ចូល​មក​ប្រទេស​ថៃ វិញ ឱ្យ​បាន​មុន​ថ្ងៃទី​១៥ ខែ​មេសា ដែល​ពេលវេលា​នេះ ហាក់​មិនសូវ​អំណោយផល​ដល់​ពលករ​ខ្មែរ ដែល​ទៅលេង​ស្រុកកំណើត​នោះ​ទេ ព្រោះ​កំឡុង​ថ្ងៃទី​១៥ ខែមេសា នេះ គឺ​ស្ថិត​ក្នុង​ថ្ងៃបុណ្យ​ចូល​ឆ្នាំថ្មី របស់​កម្ពុជា​នៅឡើយ។

ជុំវិញ​រឿង​នេះ ប្រធាន​សមាគម​ពង្រឹង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​កម្ពុជា (CIREA) លោក ឌិន ពុទ្ធី យល់ឃើញ​ថា កត្តា​ដែល​នាំ​ឱ្យ​ពលរដ្ឋ​មួយ​ចំនួន នៅតែ​ជ្រើសរើស​វិធី​ឆ្លងដែន​ខុសច្បាប់ ដោយសារ​ឯកសារ​ឆ្លង​ដែន​មានតម្លៃ​ថ្លៃ និង​ដំណើរ​ការ​ធ្វើ មាន​រយៈពេល​យូរ ដែល​បញ្ហា​នេះ គឺជា​ឧបសគ្គ​ចម្បង ចំពោះ​ពលករ​មួយ​ចំនួន ដែល​ត្រូវ​បង្ខំចិត្ត​ធ្វើ​ចំណាកស្រុក ដើម្បី​ប្រញាប់​រកលុយ​មក​សង​បំណុល​ធនាគារ និង​ដោះស្រាយ​ជីវភាព។

លោក ឌិន ពុទ្ធី៖ «រដ្ឋាភិបាល​ធ្វើ​ឱ្យ​ស្មុគស្មាញ ពាក់ព័ន្ធ​នឹង​ប៉ាសស្ព័រ (លិខិត​ឆ្លងដែន) ការងារ​ហ្នឹងហើយ ដែល​ធ្វើ​ឱ្យ​ពលករ​ចេញទៅ​ធ្វើ​ការងារ​ខុសច្បាប់​ច្រើន​។ អ៊ីចឹង​ខ្ញុំ​គិតថា បើសិនជា​អាច ប៉ាសស្ព័រ​ការងារ​ហ្នឹង គួរតែ​សម្រួល​ឱ្យ​មាន​តម្លៃថោក​ជាង​ប៉ាសស្ព័​រ​សម្រាប់​អ្នក​ដើរលេង ព្រោះ​ទៅ​ហ្នឹង គឺ​ទៅ​រក​លុយ​ចិញ្ចឹម​គ្រួសារ មិនមែន​ទៅ​ដើរ​លេង​សប្បាយ​ឯណា»។

កាលពី​រដូវ​ចូល​ឆ្នាំ​នៅ​ឆ្នាំ​២០២៣ កន្លងទៅ ពលករ​ខ្មែរ ធ្វើការ​នៅ​ប្រទេស​ថៃ​មួយ​ចំនួន ដែល​បាន​មក​លេង​ស្រុកកំណើត បាន​ឆ្លងដែន​ខុសច្បាប់ ដើម្បី​វិលត្រឡប់​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ​វិញ។ ប៉ុន្តែ​ពួកគេ​ត្រូវ​អាជ្ញាធរ​ថៃ ចាប់ខ្លួន ដាក់​ច្រវាក់​ដៃជើង និង​ដឹក​តាម​រថយន្ត​ទ្រុង យក​ទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ​អស់​រយៈពេល​ជាច្រើន​ថ្ងៃ។

ករណី​ពលករ​ខ្មែរ​ដែល​ឆ្លងដែន​ខុសច្បាប់​ទៅ​ប្រទេស​ថៃ នេះ បាន​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ មាន​ចម្ងល់​ថា ថ្នាក់ដឹកនាំ​កម្ពុជា ដែល​ជា​ញឹកញាប់ ជួយ​យកអាសា​ជនអន្តោប្រវេសន៍ ដែល​មក​រស់នៅ​លើទឹក​ដី​កម្ពុជា ហេតុអ្វី​មិន​ព្រម​ដោះស្រាយ​បញ្ហា​ជួយ​ពលករ​ខ្លួនឯង និង​បណ្ដោយ​ឱ្យ​ពួកគេ​ឆ្លងដែន​ខុសច្បាប់ ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​មុខមាត់​កម្ពុជា​យ៉ាង​ដូច្នេះ៕ ទិដ្ឋភាពសមត្ថកិច្ចខេត្ត​បន្ទាយមានជ័យ ឃាត់ពលរដ្ឋខ្មែរដែលគ្រោងឆ្លងដែនខុសច្បាប់ទៅធ្វើការនៅប្រទេសថៃ កាលពីថ្ងៃទី២០ មេសា ២០២៤។

website_news/20240420_03.txt · Last modified: 2024/04/22 15:45 by kun keorasmey

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki