website_news:20240421_01

ពលករជិត ៥០០ នាក់ បានត្រឡប់ទៅធ្វើការនៅថៃតាមច្រកទ្វារព្រំដែនចាំយាម

ប្រជាពលរដ្ឋ​ខ្មែរ​ជា​ពលករ​ជិត ៥០០ នាក់ បាន​ចាកចេញ​ពី​ស្រុកកំណើត​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ​វិញ​ហើយ តាម​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ចាំ​យាម ស្រុក​មណ្ឌលសីមា ក្រោយ​ការ​ជួបជុំ​សាច់ញាតិ​ក្រុម​គ្រួសារ​ថ្ងៃ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​កន្លងទៅ។

គិត​ចាប់​ពី​ថ្ងៃ​ទី ១៧ ដល់​ថ្ងៃ​ទី ២០ ខែ​មេសា ឆ្នាំ ២០២៤ មាន​ពលករ​ខ្មែរ​សរុប​ប្រមាណ ៤៨៨ នាក់ (ស្រី ២០៤ នាក់) ហើយ បាន​ត្រឡប់​ទៅ​បម្រើ​ការងារ​នៅ​ប្រទេស​ថៃ ដោយ​ធ្វើដំណើរ​ឆ្លងកាត់​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ចាំ​យាម ខេត្ត​កោះកុង។

មន្ត្រី​ប្រចាំការ​ទីស្នាក់ការ​ត្រួតពិនិត្យ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ចាំ​យាម បាន​ឱ្យ​កម្ពុជា​ថ្មី​ដឹង​នៅ​រសៀល​ថ្ងៃ​ទី ២១ ខែ​មេសា នេះ​ថា ពលករ​ខ្មែរ​ដែល​ចេញ​ទៅ​ធ្វើការ​នៅ​ថៃ ភាគច្រើន​ទៅ​ត្រឹម​ខេត្ត​ត្រាត និង​ខេត្ត​ច័ន្ទបូរី ប្រទេស​ថៃ ដោយ​ពួកគាត់​បម្រើ​ការងារ​ទៅ​ជំនាញ​រួមមាន ​៖ ផ្នែក​នេសាទ កសិកម្ម និង​បម្រើ​ការងារ​ទេសចរណ៍​នានា។

ក្រុម​មន្ត្រី​ជំនាញ​នៅ​តំបន់​ព្រំដែន​ចាំ​យាម​ដដែល​អះអាង​ថា ក្រៅពី​មាន​ពលករ​ខ្មែរ​ចេញទៅ​ថៃ ក៏​មាន​ពលករ​ធ្វើដំណើរ​ឆ្លងកាត់​ព្រំដែន​ចាំ​យាម​ចូល​មក​កម្ពុជា​ផង​ដែរ គឺ​មាន​ចំនួន ​១១០​ នាក់ និង​ស្ត្រី ៤៧​ នាក់។ គ្រប់​ពលករ​ដែល​ចេញ​ទៅ​ធ្វើ​ការងារ​នៅ​ថៃ សុទ្ធតែ​ត្រូវ​បាន​ផ្តោត​ការ​យកចិត្តទុកដាក់​ផ្តល់​សេវា​បំពេញ​បែបបទ​រដ្ឋបាល​ពី​សំណាក់​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ឥតគិតថ្លៃ​អ្វី​ទាំងអស់ ជាពិសេស​អប់រំ​ណែនាំ​បន្ថែម​ពី​ការ​ទៅ​ធ្វើការ​នៅ​ក្រៅ​ប្រទេស ចាំបាច់​ទៅ​ដោយ​ស្របច្បាប់​ ជៀសវាង​ឆ្លងដែន​ខុសច្បាប់​តាម​មេខ្យល់ ឬ​ក្រុមហ៊ុន​គ្មាន​ប្រភព​ច្បាស់លាស់។

សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ​កម្ពុជា កាលពី​ថ្ងៃ​ទី ៨ ខែ​កុម្ភៈ ឆ្នាំ ២០២៤ បាន​លើក​ឡើង​ថា រាជរដ្ឋាភិបាល​កម្ពុជា និង​ថៃ បាន​សម្រេច​មិន​យក​ថ្លៃ​ទិដ្ឋាការ​ចេញ​-​ចូល​ប្រទេស​ថៃ (Re-Entry) ដើម្បី​កាត់បន្ថយ​ការ​ចំណាយ​ពលករ​ខ្មែរ ដែល​នឹង​ធ្វើ​ដំណើរ​ត្រលប់​មក​កម្ពុជា ក្នុង​ឱកាស​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​ប្រពៃណី​ជាតិ៕

website_news/20240421_01.txt · Last modified: 2024/04/22 15:33 by kun keorasmey

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki