website_news:20240422_03

នគរបាលកម្ពុជា និងនគរបាលបារាំង បើកសិក្ខាសាលាស្តីពី ការប្រយុទ្ធប្រឆាំងទេសចរណ៍ផ្លូវភេទ និងការជួញដូរផ្លូវភេទលើអនីតិជន តាមប្រព័ន្ធអ៊ីនធើណេត

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជីវ ផល្លី អគ្គស្នងការរងនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានអញ្ជើញជាអធិបតីក្នុងពិធី បើកសិក្ខាសាលាស្តីពី ការប្រយុទ្ធប្រឆាំងទេសចរណ៍ផ្លូវភេទ និងការជួញដូរផ្លូវភេទលើអនីតិជន តាមប្រព័ន្ធអ៊ីនធើណេត នៅអគ្គស្នងការដ្ឋាននគរបាលជាតិ។

ពិធីនេះ មានការអញ្ជើញចូលរួមពី លោកឧត្តមសេនីយ៍ទោ សុខ សំបូរ ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន និងលោកស្រី (ស្តេហ្វានី ឡង់តាំង) Stéphanie LANTIN គ្រូបង្គោលជំនាញប្រឆាំងការជួញដូរផ្លូវភេទអនីតិជនតាមប្រព័ន្ធអនឡាញ នៃនាយកដ្ឋាននគរបាលយុត្តិធម៌ តំណាងលោកស្រី Nathalie CARLER មេបញ្ជាការនគរបាលបារាំង និងជាអនុព័ន្ធសន្តិសុខផ្ទៃក្នុងទទួលបន្ទុកប្រទេសកម្ពុជា-វៀតណាម-ឡាវ ព្រមទាំងសិក្ខាកាមចំនួន២០រូប មកពីនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ខេត្តចំនួន៥។

បន្ទាប់ពីបានស្តាប់នូវខ្លឹមសារប្រសាសន៍លើកឡើងរបស់លោកស្រី (ស្តេហ្វានី ឡង់តាំង) Stéphanie LANTIN គ្រូបង្គោលជំនាញប្រឆាំងការជួញដូរផ្លូវភេទអនីតិជនតាមប្រព័ន្ធអនឡាញ នៃនាយកដ្ឋាននគរបាលយុត្តិធម៌ រួចមក ឯកឧត្តម ឧត្តមសេនីយ៍ឯក ជីវ ផល្លី អគ្គស្នងការរងនគរបាលជាតិ មានប្រសាសន៍ថា តាំងនាមឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ សូមថ្លែងអំណរគុណដល់ លោកស្រី (ស្តេហ្វានី ឡង់តាំង) Stéphanie LANTIN តំណាងលោកស្រី Nathalie CARLER មេបញ្ជាការនគរបាលបារាំង ដែលបានចំណាយពេលវេលាដ៏មានតម្លៃ ក្នុងពិធីបើកសិក្ខាសាលាស្តីពី ការប្រយុទ្ធប្រឆាំងទេសចរណ៍ផ្លូវភេទ និងការជួញដូរផ្លូវភេទលើអនីតិជន តាមប្រព័ន្ធអ៊ីនធើណេតនាពេលនេះ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ជីវ ផល្លី អគ្គស្នងការរងនគរបាលជាតិ ក៏បានផ្តាំផ្ញើដល់សិក្ខាកាមចំនួន៥ចំណុច ៖ ១-សូមសិក្ខាកាមគោរពវិន័យ និងត្រងត្រាប់ស្តាប់គ្រូទេ្ទសនាមដោយយកចិត្តទុកដាក់ ២-ត្រូវយកចំណេះដឹងទៅអនុវត្តតាមតួនាទីភារកិច្ចរបស់ខ្លួន និងគោរពតាមក្រមសីលធម៌ វិជ្ជាជីវៈនគរបាល ស្របតាមគោលការណ៍ច្បាប់ជាតិ អន្តរជាតិ។ ៣-បង្កើនកិច្ចសហប្រតិបត្តិការកម្ពុជា-បារាំង ក្នុងការបង្ការទប់ស្កាត់បទល្មើស។ ៤-រក្សាសាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អ។ ៥-ត្រូវយកចំណេះដឹង និងបទពិសោធន៍ទៅផ្សព្វផ្សាយដល់ប្រជាពលរដ្ឋនៅសហគមន៍ ជាពិសេសសិស្សានុសិស្ស។

សូមជម្រាបថា សិក្ខាសាលានេះ មានរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ ដែលមានសិក្ខាមចំនួន២០រូប មកពីនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល, ខេត្តព្រះសីហនុ, ខេត្តក្រចេះ, ខេត្តសៀមរាប និងខេត្តបន្ទាយមានជ័យ ៕

website_news/20240422_03.txt · Last modified: 2024/04/23 14:31 by kun keorasmey

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki