website_news:20240422_04

ក្រសួងការងារ នឹងជួយសម្របសម្រួលរកការងារធ្វើជូនពលករខ្មែរ ៧៨នាក់ ចាញ់បោកមេខ្យល់នៅអារ៉ាប៊ីសាអូឌីត

មន្ត្រី​ជាន់ខ្ពស់ នៃ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​ឱ្យ​ដឹង​ថា ទីភ្នាក់ងារ​ជាតិ​មុខរបរ និងការងារ (NEA) នៃ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ នឹង​ជួយ​សម្របសម្រួល​រក​ការងារ​ធ្វើ​ជូន​ដល់​ប្រជាពលរដ្ឋ​ខ្មែរ ចំនួន ៧៨ នាក់ ដែល​បាន​ចាញ់បោក​មេខ្យល់​នាំ​ទៅ​ធ្វើការ​នៅ​ប្រទេស​អារ៉ាប៊ីសាអូឌីត ហើយ​ត្រូវ​បាន​រាជរដ្ឋាភិបាល​ជួយ​សង្គ្រោះ​បញ្ជូន​ត្រឡប់​មក​ប្រទេស​វិញ​ជា​បន្ត​បន្ទាប់។

លោក កត្តា អ៊ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​មាន​ប្រសាសន៍​នៅ​រសៀល​ថ្ងៃ​ទី ២២ មេសា នេះ​ថា ពលករ​ខ្មែរ​ដែល​បាន​ចាញ់​បោក​មេខ្យល់​នាំទៅ​ធ្វើការ​នៅ​ប្រទេស​អារ៉ាប៊ីសាអូឌីត ត្រូវ​បាន​រាជរដ្ឋាភិបាល ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ក៏ដូចជា​ស្ថានទូត​ខ្មែរ​នៅ​ទី​នោះ បាន​ខិតខំ​ប្រឹងប្រែង​សម្របសម្រួល​រៀបចំ​ឯកសារ ដើម្បី​ធ្វើ​យ៉ាងណា​ឱ្យ​អ្នក​ទាំង ៧៨ នាក់​នេះ ឱ្យ​បាន​មក​ខ្មែរ​ទាំងអស់​គ្នា ហើយ​បច្ចុប្បន្ន​ពួកគេ​បាន​វិលត្រឡប់​មកពី​អារ៉ាប៊ី​សា​អូឌីត ជា​បន្តបន្ទាប់។

លោក កត្តា អ៊ន បាន​បន្ត​ថា «ពេល​ពលករ​ត្រឡប់មកវិញ ខាងទីភ្នាក់ងារ​ជាតិ​មុខរបរ និងការងារ (NEA) នឹង​សម្របសម្រួល​ផ្តល់​ឱកាស​ការងារ​ជូន​ពួកគាត់។ ទន្ទឹម​នោះ ពួកគាត់​ក៏​អាច​ចូលរៀន​ជំនាញ​ផង​ដែរ បើ​ពួកគាត់​ចង់​រៀន​»។

គួរ​បញ្ជាក់​ថា ករណី​ប្រជាពលរដ្ឋ​ខ្មែរ​ចំនួន ៧៨ នាក់ ដែល​បាន​ចាញ់បោក​មេខ្យល់​នាំ​ទៅ​ធ្វើការ​នៅ​ប្រទេស​អារ៉ាប៊ី​សា​អូឌីត​ត្រូវបាន​រាជរដ្ឋាភិបាល​ជួយសង្គ្រោះ​បាន​ទាន់ពេលវេលា​បន្ទាប់ពី​ពលករ​បាន​បង្ហោះ​នៅលើ​បណ្តាញ​សង្គម​ស្នើសុំ​ឱ្យ​ជួយ​អន្តរាគមន៍ កាលពី​ថ្ងៃ​ទី ១៨ ខែ​មេសា ឆ្នាំ ២០២៤ ដោយ​ពួកគេ​នៅ​ទីតាំង​ផ្សេងៗ គ្នា ក្នុង​នោះ​មាន​ចំនួន ៥១ នាក់ នៅ​ទីក្រុង Jeddah ចំនួន ១៥ នាក់ នៅ​រាជធានី Riyadh និង ១២ នាក់ នៅ​ទីក្រុង Dammam នៃ​ប្រទេស​អារ៉ាប៊ី​សា​អូឌីត។ បច្ចុប្បន្ន​ពួកគេ​ទាំង​នោះ បាន​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ​ជា​បន្តបន្ទាប់៕

website_news/20240422_04.txt · Last modified: 2024/05/06 11:09 by kun keorasmey

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki