ស្ថានទូត និងក្រសួងការងារព្រមានពលករមិនឱ្យបញ្ចេញព័ត៌មានរឿងឃុំឃាំងនៅប្រទេសអារ៉ាប៊ីសាអូឌីត
ក្រសួងការងារ និងឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេស អារ៉ាប៊ី សាអូឌីត (Saudi Arabia) ព្រមានដល់ក្រុមពលកររងគ្រោះមិនឱ្យបញ្ចេញព័ត៌មានពាក់ព័ន្ធនឹងថៅកែបង្ខាំងពួកគេនោះទេ។ ស្ថានទូតនិយាយថា ក្រុមហ៊ុននៅប្រទេស អារ៉ាប៊ី សាអូឌីត ក៏មិនបានបង្ខាំងស្ត្រីខ្មែរដែរ។ ចំណែក ពលករដែលរងគ្រោះវិញបញ្ជាក់ថា ដោយសារតែស្ថានទូតមិនបានជួបបញ្ហាផ្ទាល់ទើបមិនដឹងពីការឈឺចាប់ដែលត្រូវគេឃុំឃាំងក្នុងបន្ទប់បង្អត់បាយទឹក និងឱ្យតែផឹកទឹកបង្គន់។
ស្ថានទូតខ្មែរប្រចាំប្រទេស អារ៉ាប៊ី សាអូឌីត និងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ចង់ឱ្យក្រុមពលកររក្សាភាពស្ងៀមស្ងាត់ ខណៈក្រសួង និងស្ថានទូតមិនបានផ្ដល់កិច្ចគាំពារពេញលេញលើក្រុមពលករដែលរងគ្រោះ និងយឺតយ៉ាវបញ្ជូនក្រុមពលករជាស្ត្រីមកកម្ពុជាវិញ។ កាលពីថ្ងៃទី២៧ ខែមេសា ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេស អារ៉ាប៊ី សាអូឌីត លោក អ៊ុក សារុន ប្រាប់ក្រុមពលកររងគ្រោះមួយចំនួនឱ្យរង់ចាំការដោះស្រាយតាមដំណាក់កាល និងព្រមានដល់ក្រុមពលករឱ្យរក្សាភាពស្ងៀមស្ងាត់កុំបញ្ចេញព័ត៌មាននានា ដើម្បីទុកពេលឱ្យលោកធ្វើការជាមួយមន្ត្រីប្រទេស អារ៉ាប៊ី សាអូឌីត។ លោកបញ្ជាក់ថា ក្រុមពលករនៅប្រទេស អារ៉ាប៊ី សាអូឌីត ក៏ពុំបានរងនូវការបង្ខាំងនោះទេ ខណៈពួកគេអាចបញ្ចេញព័ត៌មាន និងអាចនិយាយឆ្លើយឆ្លងជាមួយអ្នកកាសែតបានជាបន្តបន្ទាប់។
ទោះបីជាយ៉ាងណា ពលករដែលអះអាងថា ខ្លួនត្រូវបានថៅកែបង្ខាំងលោកស្រី អាត់ ថា ប្រតិកម្មនឹងការលើកឡើងរបស់ស្ថានទូតថា មិនបានជួបស្ថានការណ៍ជាក់ស្ដែង ទើបមិនយល់ពីការឈឺចាប់របស់ក្រុមពលករ។ លោកស្រីប្រាប់វិទ្យុអាស៊ីសេរីថា ពេលថៅកែចាប់លោកស្រីឃុំក្នុងបន្ទប់ និងចាក់សោទ្វារ ៥ជាន់ គេមិនផ្ដល់បាយទឹកឱ្យលោកស្រីបានហូបគ្រប់គ្រាន់ទេ។
លោកស្រី អាត់ ថា៖«មិនឃុំយ៉ាងម៉េច? បើចាក់សោពួកខ្ញុំហើយឱ្យនៅតែក្នុងបន្ទប់ ហើយហូបទឹកទុយយោ បង្អត់បាយអាហ្នឹងគេហៅឃុំ ឬអត់? ខ្ញុំសុំឱ្យគាត់ [ស្ថានទូតបកស្រាយ] នៅខាងអារ៉ាបនេះ គេកំពុងតែប្ដឹងយើង ចង់កៀបពលករទុក អ៊ីចឹងកាលណាមានព័ត៌មានថែមគេអត់ឱ្យយើងទៅទេ ដោះស្រាយអត់ងាយចេញតាមច្បាប់»។
ប្រធានសហភាពការងារកម្ពុជាលោក អាត់ ធន់ ព្រួយបារម្ភចំពោះសុវត្ថិភាពក្រុមពលករ ខណៈក្រសួងការងារ និងស្ថានទូតយឺតយ៉ាវក្នុងការបញ្ជូនក្រុមពលករមកកម្ពុជាវិញ។ លោកជំរុញឱ្យស្ថានទូតពន្លឿននីតិវិធីដោះស្រាយ និងផ្ដល់កិច្ចគាំពារចំពោះក្រុមពលករកំពុងជាប់នៅប្រទេស អារ៉ាប៊ី សាអូឌីត។
លោក អាត់ ធន់៖ «ព័ត៌មានលម្អិតផ្សេងៗទៀត ទាល់តែយើងចាំមើលសេចក្ដីសម្រេច យ៉ាងម៉េចៗ បានច្បាស់ ព្រោះឥឡូវស្ថិតក្នុងការចាំមើលតើថា ក្រសួងគេធ្វើបានប៉ុណ្ណា។ បើអត់ទាន់ចប់ទេថា កម្មករនៅតែបន្តទាមទារម៉េចៗទៀត ចាំយើងដោះស្រាយឱ្យគាត់។ ពេលនេះ ស្ថិតក្នុងនីតិវិធីដោះស្រាយ យើងពិបាកចូលរួមមែនទែន ព្រោះឥឡូវនេះ យើងគ្រាន់តែចូលរួមតាមដានទេបាទ»។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេស អារ៉ាប៊ី សាអូឌីត លោក អ៊ុក សារុន និងរដ្ឋមន្ត្រីក្រសួងការងារលោក ហេង សួរ ដើម្បីបកស្រាយបញ្ហានេះបានទេនៅថ្ងៃទី២៨ ខែមេសា។
នៅថ្ងៃទី២៨ ខែមេសា មានស្ត្រីខ្មែរចំនួន ១២នាក់ត្រូវបានគេបញ្ជូនមកដល់កម្ពុជាវិញហើយ។ ពួកគាត់ទាំងនោះភាគច្រើនមានសុខភាពខ្សោយទ្រុឌទ្រោម និងអ្នកខ្លះទៀតហូរឈាមច្រមុះ។
ពលករដែលបានមកដល់ខ្មែរលោកស្រី រស់ សុធី ប្រាប់វិទ្យុអាស៊ីសេរីថា ក្នុងចំណោមពលករ ១២នាក់ មាន ៣នាក់បានធ្វើដំណើរទៅខេត្ត ដោយសារមានបញ្ហាសុខភាព ចំណែក ៩នាក់ផ្សេងទៀតកំពុងនៅជុំគ្នាក្នុងផ្ទះជួលមួយកន្លែងនៅរាជធានីភ្នំពេញ។ លោកស្រីបញ្ជាក់ថា ពេលនេះ លោកស្រីអស់កម្លាំង ហើយពលករផ្សេងទៀតក៏មានសុខភាពទ្រុឌទ្រោមខ្លាំងដែរ។
លោកស្រី រស់ សុធី៖ «បញ្ហាសុខភាពមានតែបងឈ្មោះ ស្រី ម៉ៅ ដែលគាត់ធ្លាប់ហូរឈាមតាមច្រមុះ ក្រៅពីហ្នឹងគ្រាន់តែខ្សោយ ទ្រុឌទ្រោមទេ អត់ទាន់ឈឺខ្លាំងអីទេ»។
មកទល់ពេលនេះ ក្រុមពលករមួយចំនួនបើទោះបីជាត្រូវបានស្ថានទូតជម្លៀសពួកគេចេញពីកន្លែងបង្ខាំងឱ្យស្នាក់នៅសណ្ឋាគារបណ្ដោះអាសន្ន ក៏ពួកគេគ្មានអាហារហូបចុកគ្រប់គ្រាន់នោះទេ។ ចំណែក ក្រុមពលករខ្លះទៀតកំពុងស្ថិតក្នុងផ្ទះថៅកែនៅឡើយ និងរងការឃុំឃាំងរហូតធ្លាក់ខ្លួនឈឺ ដោយមិនបានថ្នាំពេទ្យ និងអាហារហូបគ្រប់គ្រាន់ទេ ខណៈស្ថានទូតខ្មែរប្រចាំប្រទេស អារ៉ាប៊ី សាអូឌីត នៅតែប្រាប់ឱ្យពួកគាត់រង់ចាំដំណោះស្រាយ៕
ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេស អារ៉ាប៊ី សាអូឌីត លោក អ៊ុក សារុន។