website_news:20240430_02

វៀតណាម បញ្ជូនជនជាតិម៉ាឡេស៊ី ៩នាក់ ទៅប្រទេសកំណើតវិញ ពាក់ព័ន្ធប្រតិបត្តិការឆបោក

ជនជាតិម៉ាឡេស៊ី ៩ នាក់ ត្រូវបញ្ជូនចេញពីទីក្រុងហូជីញភ្លាមៗ បន្ទាប់ពីពួកគេបានចូលប្រទេសវៀតណាមដើម្បីធ្វើការប្រតិបត្តិការឆបោក នេះបើយោងតាមការចុះផ្សាយពីសារព័ត៌មាន ​VnExpress កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ ២០២៤។

យោងតាមការស៊ើបអង្កេត ជនជាតិម៉ាឡេស៊ីទាំងប្រាំបួននាក់ដែលមានអាយុពី ២៥ទៅ ៣៨ ឆ្នាំបានចូលប្រទេសវៀតណាមដោយប្រកាសថាខ្លួនជាភ្ញៀវទេសចរ អ្នកដែលមកលេងសាច់ញាតិ ឬស្វែងរកការចុះកិច្ចសន្យាអាជីវកម្ម។ ប៉ុន្តែនៅពេលមកដល់ទីក្រុងហូជីមិញ ពួកគេត្រូវបាននាំទៅផ្ទះវីឡាមួយក្នុងសង្កាត់ Binh Trung Tay ក្នុងទីក្រុង Thu Duc ដើម្បីធ្វើការសម្រាប់ប្រតិបត្តិការឆបោកតាមទូរស័ព្ទដែលដំណើរការដោយជនជាតិម៉ាឡេស៊ីផ្សេងទៀត។

ទន្ទឹមនោះដែរ ប៉ូលិសបានបញ្ចាក់ទៀតថា ការងាររបស់ពួកគេគឺទូរស័ព្ទទៅមនុស្សនៅក្នុងប្រទេសម៉ាឡេស៊ី និងប្រទេសផ្សេងទៀត ដោយក្លែងខ្លួនជាមន្ត្រីប៉ូលិស ព្រះរាជអាជ្ញា ឬភ្នាក់ងារតុលាការ ដើម្បីបោកប្រាស់ជនរងគ្រោះក្រោមសេណារីយ៉ូដែលបានគ្រោងទុកផ្សេងៗគ្នា។ ពួកគេម្នាក់ៗទទួលបានប្រាក់ខែ ២០ លានដុង (៧៨៩ ដុល្លារ) ក្នុងមួយខែ ក្រៅពីអាហារឥតគិតថ្លៃ និងកន្លែងស្នាក់នៅ។

ក្រោយមកប៉ូលិសនៅទីក្រុងហូជីមិញ បានសហការជាមួយ ASEANAPOL ដើម្បីស្វែងរកអាសយដ្ឋានរបស់ក្រុមជនសង្ស័យ និងឆ្មក់ចូលទៅចាប់ខ្លួនពួកគេ។ ក្រុមជនសង្ស័យម៉ាឡេស៊ីគឺជាប្រតិបត្តិការមួយក្នុងចំណោមប្រតិបត្តិការក្លែងបន្លំជាច្រើនដែលប៉ូលិសនៃក្រុងហូជីមិញបានចាប់ខ្លួននាពេលថ្មីៗនេះ ដោយសហការជាមួយសហការីក្នុងប្រទេសផ្សេងៗ៕

website_news/20240430_02.txt · Last modified: 2024/04/30 16:30 by kun keorasmey

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki