website_news:2017131002

បើកយុទ្ធនាការបញ្ជាក់អត្តសញ្ញាណជូនពលកម្ពុជានៅថៃចាប់ពីថ្ងៃទី១២ ខែតុលា

http://www.rasmeinews.com/ October 13, 2017

ភ្នំពេញៈ ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ បានប្រកាសឲ្យដឹងថា គណៈកម្មការផ្ដល់ភាពស្របច្បាប់ដល់ពលករកម្ពុជា ដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ នឹងបើកយុទ្ធនាការបញ្ជាក់អត្តសញ្ញាណ ជូនពលករកម្ពុជា ចាប់ពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៧។ការបញ្ជាក់អត្តសញ្ញាណ គឺដើម្បីឲ្យពលករកម្ពុជា ដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ ទទួលបានលិខិតធ្វើដំណើរពលករកម្ពុជាធ្វើការនៅបរទេស (TD) និងប័ណ្ណពលករកម្ពុជាទៅធ្វើការនៅបរទេស (OCWC)។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតកម្ពុជាប្រចាំនៅប្រទេសថៃបានឲ្យដឹងថា យោងតាមសេចក្តីជូនដំណឹងរបស់គណៈកម្មការផ្តល់ភាពស្របច្បាប់ដល់ពលករកម្ពុជា ដដែលកំពុងស្នាក់នៅនឹងធ្វើការនៅប្រទេសថៃ ចុះថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៧ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំនៅថៃ សូមជូនដំណឹងដល់ពលករទាំងអស់ជ្រាបថា គណៈកម្មការផ្តល់ភាពស្របច្បាប់ដល់ពលករកម្ពុជា ដដែលកំពុងស្នាក់នៅនឹងធ្វើការនៅប្រទេសថៃ នឹងធ្វើយុទ្ធនាការបញ្ជាក់អត្តសញ្ញាណជូនបងប្អូនពលករកម្ពុជា ដើម្បីទទួលបានលិខិតធ្វើដំណើរពលករកម្ពុជាធ្វើការនៅបរទេស(TD)និងប័ណ្ណពលករកម្ពុជាទៅធ្វើការនៅបរទេស(OCWC)ចាប់ពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៧ តទៅ ។

លោកទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិធ្លាប់បានបញ្ជាក់ថា ពលករកម្ពុជានៅប្រទេសថៃមានចំនួនជាងមួយលាននាក់ដែលក្នុងនោះមានប្រមាណ១ភាគ៣ប៉ុណ្ណោះដែលជាពលករស្របច្បាប់ និង២ភាគ៣ទៀត គឺជាពលករដែលមិនទាន់មានលក្ខណៈស្របច្បាប់នៅឡើយ។ ការថ្លែងបញ្ជាក់នេះ បានធ្វើឡើងនៅក្នុងជំនួបពិភាក្សាជាមួយលោកស្រី Nenette MOTUS នាយកប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិកនៃអង្គការទេសសន្តរប្រវេសន៍អន្តរជាតិ (IOM) នៅទីស្តីការក្រសួងការបរទេស កាលពីរសៀលថ្ងៃទី៩ ខែតុលាកន្លងទៅ។ លោករដ្ឋមន្ត្រីបានបន្តថា រាជរដ្ឋាភិបាលកម្ពុជាបានខិតខំប្រឹងប្រែង ក្នុងដំណើរការធ្វើឲ្យពលករខ្មែរនៅប្រទេសថៃទាំងអស់ទទួលនៅស្ថានភាពស្របច្បាប់ ក្នុងការរស់នៅ និងការបំបេញការងារនៅប្រទេសថៃ៕MN/ដោយៈមុនីរ័ត្ន

website_news/2017131002.txt · Last modified: 2017/10/13 14:47 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki